រដ្ឋាភិបាល របស់លោកប្រធានាធិបតីនីកូឡាស់ម៉ាឌូរ៉ូនៃប្រទេសវេណេហ្សូអេឡាបានប្រកាសជោគជ័យ ដោយទប់ស្កាត់បាន ការប៉ុនប៉ង ធ្វើរដ្ឋប្រហារ កាលពីថ្ងៃអាទិត្យទី៣ឧសភា ។ ជោគជ័យដែល របបផ្ដាច់ការរបស់លោកម៉ាឌូរ៉ូណា បានអះអាងនេះ គឺដោយសារតែកងទ័ពប្រទេសនេះ បានចាប់ខ្លួនក្រុមប្រដាប់អាវុធ ចំនួន១៥នាក់ក្នុងនោះមានពលរដ្ឋអាមេរិក២នាក់។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា មេបក្សប្រឆាំងវ័យ ក្មេង លោកវ័នកៃដូ ដែលត្រូវបានក្រុមប្រដាប់អាវុធទាំងនោះ ជាពិសេស ពលរដ្ឋអាមេរិកាំង ២នាក់ដែលកងទ័ពរបស់លោកម៉ាឌូរ៉ូចាប់ខ្លួន បាននោះ បានឆ្លើយដាក់ លោកថា ជាអ្នកនៅពីក្រោយរដ្ឋប្រហារនេះ។
ក្រុមប្រដាប់អាវុធនេះ ក៏បានឆ្លើយថា មានក្រុមហ៊ុនសន្តិសុខមួយរបស់សហរដ្ឋអាមេរិក បានជួលពួកគេ អោយចូលប្រទេសវេណេហ្សូអេឡា ដើម្បី សម្លាប់លោកម៉ាឌូរ៉ូហើយ ថាលោកកៃដូ បានចុះហត្ថលេខា ជាមួយក្រុមហ៊ុននោះដែរ។
ដោយហេតុនេះ រដ្ឋអាជ្ញារបស់លោកម៉ាឌូរ៉ូបានចេញដីកាចាប់ខ្លួន លោកកៃដូដោយបញ្ជាក់ថា មេបក្សប្រឆាំង រូបនេះ មានជាប់ពាក់នឹងការធ្វើរដ្ឋប្រហារដែលមិនបានសម្រេចនេះ។
មន្ត្រីលំដាប់ទី២នៃរបប លោកម៉ាឌូរ៉ូ គឺលោក Diosdado Cabello បាននិយាយថា លោកកៃដូ បានរត់ទៅសុំសិទ្ធិជ្រកកោន នៅក្នុងស្ថានទូតសហភាពអឺរ៉ុប ប្រចាំនៅវេណេហ្សូអេឡា ដែលជាការបញ្ចៀសការចាប់ខ្លួនដោយក្រុមរដ្ឋអាជ្ញា។ ក្នុងការផ្សាយដោយ ទូរទស្សន៍រដ្ឋ នៃប្រទេសវេណេហ្សូអេឡា លោក Cabello បាននិយាយថា មុននឹងលោកកៃដូ រត់ទៅជ្រកកោន នៅក្នុងស្ថានទូតលោកខាងលិចមួយនេះ លោកកៃដូ បានបញ្ចូន របស់របរ ជាច្រើនវ៉ាលី ទៅស្ថានទូតនោះ។
លោកម៉ាឌូរ៉ូបានចោទលោកកៃដូថា ជាមេដឹកក្លោងនៅពីក្រោយរដ្ឋប្រហារ ជាថ្មីម្ដងទៀតនេះ ដែលអះអាងថា ជារដ្ឋប្រហារ ច្រើនលើកមកហើយ ដើម្បីសម្លាប់រូបលោក និងទាញ ទម្លាក់លោកពីអំណាច។ បន្ទាប់ពីលោកម៉ាឌូរ៉ូបានចោទដូចនេះ គឺការិយាល័យរដ្ឋអាជ្ញាក៏បានចេញដីការស្វែករកការចាប់ខ្លួន លោកកៃដូភ្លាមៗដែរ។លោក ម៉ាឌូរ៉ូប្រកាសថារដ្ឋប្រហារចុងក្រោយនេះ គឺជាក្រុម ទាហាន ស៊ីឈ្លួល ដែល លោកកៃដូ នៅពីក្រោយ ហើយជាផែនការប៉ុនប៉ងសម្លាប់រូបលោក។
លោកម៉ាឌូរ៉ូថា អំពើរដ្ឋប្រហារនេះ មានគ្នា ១៥នាក់ ដោយ ចាប់ខ្លួនបានទាំងអស់ ហើយ ក្នុងចំណោម មនុស្ស ទាំងនោះ គឺ៨នាក់ចេញមកពីក្រុមសន្តិសុខរដ្ឋដែលរដ្ឋាភិបាល លោកដូណាល់ត្រាំ និង កូឡំប៊ីជាអ្នកសម្របសម្រួល ដោយអោយពួកគេ ធ្វើដំណើរ តាមម៉ារីនតូចៗ កាត់តាមច្រកសមុទ្រការ៉ាបៀន មកសម្លាប់រូបលោក។ លោកម៉ាឌូរ៉ូបានហៅ ក្រុមរដ្ឋប្រហារទាំងនេះថា ជាក្រុមភេរវកម្ម។
យ៉ាងណា ទាំងរដ្ឋាភិបាល លោកត្រាំ និង កូឡំប៊ី បានបដិសេធ ថាខ្លួនមិនជាប់ពាក់ព័ន្ធ ហើយ ក៏មិនមានការជួយអោយមានផែនការរដ្ឋប្រហារដែលបរាជ័យនេះដែរ។
ក្រសួងការបរទេស សហរដ្ឋអាមេរិកបានច្រានចោល ការចោទពីលោកម៉ាឌូរ៉ូ ហើយវាយបកវិញថា សហរដ្ឋអាមេរិកមិនចាំបាច់អ្វី ដើម្បីធ្វើរដ្ឋប្រហារ តូចតាចហើយ បរាជ័យនោះទេ។ លោកប្រធានាធិបតីត្រាំអះអាងថា នឹងពិនិត្យមើលការវាយប្រហារ បង្ខូចសហរដ្ឋអាមេរិកពីសំណាក់ លោកម៉ាឌូរ៉ូ ដោយព្រមានថា បើអាមេរិកមានផែនការដូចនេះក៏នឹងអោយលោកម៉ាឌូរ៉ូដឹងមុនដែរ ។
សហរដ្ឋអាមេរិកគឺតាមរយៈរដ្ឋការរបស់លោកប្រធានាធិបតី ត្រាំបានព្រមានប្រឆាំងដាច់ខាតការចាប់ខ្លួន លោកកៃដូ ដោយក្រុងវ៉ាស៊ីនតោន ចាត់ទុកលោកកៃដូ ជាប្រមុខរដ្ឋស្ដីទី នៃប្រទេសវេណេហ្សូអេឡា ។
លោកកៃដូបានទៅជួបលោក ត្រាំនៅសេតវិមាន កាលពីជាងមួយខែមកនេះ។ សហរដ្ឋអាមេរិកជាប្រទេសឈានមុខគេ ក្នុងចំណោម ៦០ប្រទេស ដែលជាប្រទេស ប្រកាន់ប្រជាធិបតេយ្យជឿនលឿន គាំទ្រ លោកកៃដូ ក្នុងនោះ មានប្រទេសមួយចំនួន នៃសហភាព អឺរ៉ុប ផងដែរ ។
សហរដ្ឋអាមេរិកបានដាក់ឈ្មោះម៉ាឌូរ៉ូណាក្នុង បញ្ជីមេក្លោង រត់ពន្ធគ្រឿងញៀន និងជាមេឧក្រិដ្ឋកម្មគ្រឿងញៀន នៅតំបន់អាមេរិកខាងត្បូងដែល ប្រឈមនឹងការចាប់ខ្លួន។ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានប្រកាសអោយតម្លៃខ្លួនលោកម៉ាឌូរ៉ូណា ១៥លានដុល្លារ អោយតែជនណា ចាប់ខ្លួនមេដឹកនាំ ប្រទេសវេណេហ្សូអេឡាម្នាក់នេះ មកអោយសហរដ្ឋអាមេរិក៕