អង្គការសិទ្ធិមនុស្សក្នុងស្រុកបានលើកឡើងក្នុង របាយការណ៍សិក្សាស្រាវជ្រាវមួយដែលថានៅខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជា បញ្ហាកម្ចីមីក្រូហិរញ្ញវត្ថុគ្រប់ទីកន្លែងគឺកំពុងជំរុញមនុស្សជាច្រើនគ្រួសារឱ្យចេញពីផ្ទះរបស់ពួកគាត់ទៅធ្វើការនៅក្នុងប្រទេសថៃ ។
របាយការណ៍សង្ខេបរបស់អង្គការលីកាដូ ចេញផ្សាយកាលពីថ្ងៃអង្គារ៍ មានចំណងជើងថា «ការនាំឱ្យមានចំណាកស្រុក៖ បទពិសោធន៍នៃភូមិមួយ អំពីបំណុលមីក្រូហិរញ្ញវត្ថុ និងចំណាកស្រុកឆ្លងដែន។
ក្រោមចំណងជើងនេះ លីកាដូ លើកឡើងថា ផលប្រយោជន៍បានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានតិច តែភ័យខ្លាចខ្លាំង។
របាយការណ៍សង្ខេបនេះ គឺអង្គការលីកាដូផ្ដោតសំខាន់ទៅលើភូមិមួយនៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅអំពីទំនាក់ទំនងរវាងបំណុលមីក្រូហិរញ្ញវត្ថុ និងការចំណាកស្រុកនៅតំបន់ព្រំដែនក្នុងប្រទេសកម្ពុជា ។
អង្គការលីកាដូ លើកឡើងថាបានសម្ភាសជាមួយពលរដ្ឋ ៣០គ្រួសារ កាលពីខែកញ្ញា ឆ្នាំ២០១៩ ដោយថា គ្រួសារដែលត្រូវបានសម្ភាសទាំង ៣០ មានសមាជិកគ្រួសារយ៉ាងតិចម្នាក់ ហើយខ្លះរហូតដល់ ៧នាក់ បានចេញទៅធ្វើជាពលករនៅបរទេសពិសេសប្រទេសថៃ ដើម្បីជួយរកប្រាក់សងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថ។
គ្រួសារខ្លះត្រូវបង្ខំចិត្តបញ្ជូនសមាជិកខ្លួនទៅធ្វើការនៅថៃ ព្រោះមន្ត្រីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាប់ពួកគាត់ថា មានតែមធ្យោបាយនេះទេ ទើបពួកគាត់អាចទទួលបានឥណទាន។
ភូមិនេះក៏ស្ទើរតែគ្មានមនុស្សពេញវ័យរស់នៅ គឺមានតែសមាជិកគ្រួសារចាស់ៗ និងក្មេងតូចៗតែប៉ុណ្ណោះ ។ ការបែកបាក់គ្រួសារគឺជាប្រភពនៃការព្រួយបារម្ភជាខ្លាំង សម្រាប់អ្នកផ្ដល់បទសម្ភាសន៍ ។
បន្ថែមពីនេះ ភាគច្រើននៃគ្រួសារដែលត្រូវបានសម្ភាសប្រាប់ថា សមាជិកគ្រួសារពួកគេប្រឈមមុខនឹងបញ្ហាផ្សេងៗ ដោយសារតែការធ្វើចំណាកស្រុក រួមមានការយាយីពីអាជ្ញាធរ ការបែកបាក់គ្រួសារ និងអារម្មណ៍នៃការភ័យខ្លាច និងការបំភិតបំភ័យទាក់ទង នឹងបំណុលព្រោះជារឿយៗបណ្ណកម្មសិទ្ធិដីធ្លីរបស់ពួកគេត្រូវបានដាក់ជាទ្រព្យបញ្ចាំ។
យោងតាមលីកាដូ អ្នកខ្ចីប្រាក់នៅកម្ពុជាជាង ២លាន៦សែននាក់ បានជំពាក់បំណុលមីក្រូហិរញ្ញវត្ថុជាង ១០ពាន់លានដុល្លារ គិតត្រឹមដំណាច់ឆ្នាំ២០១៩ ។
កាលពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអះអាងថាពលករដែលមកពីប្រទេសថៃ មានចំនួនជិត១០ម៉ឺននាក់ ហើយពលករទាំងនោះភាគច្រើនអាចដោះស្រាយបញ្ហាជីវភាពគ្រួសារបានតែរយៈពេលខ្លីប៉ុណ្ណោះ ដោយពួកគេរំពឹងថានឹងត្រឡប់ទៅធ្វើការងារនៅប្រទេសថៃវិញ ក្រោយបុណ្យចូលឆ្នាំរួច ប៉ុន្តែស្ថានភាពកូវីដ១៩នៅតែអូសបន្លាយ ដែលនឹងធ្វើពួកគេជួបការពិបាក។
នាយិកាអង្គការលីកាដូ អ្នកនាង ណាលី ពីឡូក មានប្រសាសន៍ក្នុងរបាយការណ៍សង្ខេបនោះថា “គ្រួសារជាច្រើនបានចាកចេញពីផ្ទះ និងប្រទេសកំណើតរបស់ពួកគាត់ ដើម្បីរកប្រាក់សងបំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ” ។
អ្នកនាងបន្តថា បច្ចុប្បន្ន អតីតពលករចំណាកស្រុករាប់សែននាក់ មិនអាចទៅធ្វើការនៅក្នុងប្រទេសថៃទៀតបានទេ ដោយសារបញ្ហាកូវីដ១៩ ដូច្នេះអង្គការលីកាដូសង្ឃឹមថា រាជរដ្ឋាភិបាល និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាចជួយអ្នកខ្ចីប្រាក់ទាំងនេះដោយផ្អាកការសងបំណុល និងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនម្ចាស់ទ្រព្យវិញ៕