32.9 C
Phnom Penh

សារព័ត៌មានអាល្លឺម៉ង់ ផ្តល់ពានសេរីភាពបញ្ចេញមតិជូន លោកសុវណ្ណ រិទ្ធី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សារព័ត៌មានអន្តរជាតិមួយបាន ផ្តល់ពានរង្វាន់ ផ្នែកសេរីភាពបញ្ចេញមតិជូន អតីតចាងហ្វាយសារព័ត៌មាន TVFB លោក សុវណ្ណ រិទ្ធី ដែលត្រូវបានរដ្ឋអំណាចចាប់ឃុំខ្លួនកាលពីថ្ងៃទី ៧ មេសា ក្រោយពេលលោកផ្សព្វផ្សាយនូវសម្រង់សម្តីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

សារព័ត៌មាន Deutsche Welle ហៅកាត់ថាDW របស់អាល្លឺម៉ង់ បានចុះផ្សាយថា លោក សុវណ្ណ រិទ្ធី គឺស្ថិតក្នុងចំណោមអ្នកសារព័ត៌មាន ១៧រូប នៅតាមបណ្ដាប្រទេសចំនួន ១៤ដែលត្រូវបានជ្រើសរើសសម្រាប់ពាន សេរីភាពបញ្ចេញមតិ។

និពន្ធនាយកសារព័ត៌មាន TVFB លោក សុវណ្ណ រិទ្ធី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៧ ខែមេសាកន្លងមក ហើយបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន ក្រោយពីសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍»។

ការចាប់ខ្លួននោះ ក្រោយពេលលោកបានផ្សព្វផ្សាយបន្តនូវប្រសាសន៍របស់លោក ហ៊ុន សែន ដែលបានថ្លែងកាលពីព្រឹកថ្ងៃទី ៧ មេសា ប្រាប់ទៅពលរដ្ឋថា រដ្ឋាភិបាលគ្មានលទ្ធភាពជួយដល់ពលរដ្ឋដែលប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធឡើយ និងប្រាប់ទៅអ្នករត់ម៉ូតូឌុបឱ្យលក់ម៉ូតូរបស់ខ្លួនចាយសិន ប្រសិនបើពួកគេជួបវិបត្តិសេដ្ឋកិច្ច អំឡុងពេលជំងឺកូវីដ១៩ កំពុងឆ្លងរាលដាល។

ក្រោយការចាប់ខ្លួនលោក សុវណ្ណ រិទ្ធី មួយថ្ងៃ ក្រសួងព័ត៌មានក៏បានសម្រេចលុបចោលអាជ្ញាបណ្ណសារព័ត៌មានគេហទំព័រ TVFB ដោយចោទថាស្ថាប័ននេះបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរមិនអាចអត់អោនឱ្យបាន។

អគ្គនាយក DW លោក Peter Limbourg បានលើកឡើងក្នុងអត្ថបទផ្សាយនោះថា ពាន«សេរីភាពបញ្ចេញមតិ»ឆ្នាំ២០២០នេះ ត្រូវបានផ្ដល់ជូនទៅដល់អ្នកសារព័ត៌មានប្រកបដោយសេចក្ដីក្លាហានទាំងអស់នៅទូទាំងពិភពលោក ដែលពួកគេរងការបង្ក្រាបដោយសារតែបានធ្វើសេចក្ដីរាយការណ៍អំពីជំងឺរាតត្បាតកូវីដ១៩។

គិតត្រឹមខែមេសា មានមនុស្សយ៉ាងហោចណាស់៤០នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនអប់រំណែនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការពាក់ព័ន្ធការលើកឡើងអំពីជំងឺកូវីដ១៩។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Right Watch ធ្លាប់បានលើកឡើងថាក្នុងចំណោមមនុស្សដែលត្រូវបានបញ្ជូនទៅតុលាការ និងចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាដើមនោះ គឺភាគច្រើនជាសកម្មជនគណបក្សសង្រ្គោះជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស