33 C
Phnom Penh

ហេតុអ្វីបានជាពិន្ទុនៃសេរីភាពសាព័ត៌មាននៅកម្ពុជាកាន់តែបន្តធា្លក់ចុះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សេរីភាពកាសែតឆ្នាំ២០២០ ប្រទេសក្នុងសហគមន៍អាស៊ាន រួមទាំងកម្ពុជាផង សុទ្ធតែមានពិន្ទុជាង១០០ គឺពិន្ទុអាក្រក់ ដែលឆ្លុះបញ្ចាំងអំពីការរំលោភសេរីភាព សេចក្តីផ្សាយដំណឹង ឬ ព័ត៌មានក្នុងប្រទេសមួយ។ ព្រោះតែអ្នកនយោបាយខ្មែរយកអ្នកកាសែតនិយាយការពិតជាសត្រូវ តើកម្ពុជាជាប់លំដាប់ថ្នាក់លេខប៉ុន្មានក្នុងចំណោមប្រទេស ១៨០ក្នុងពិភពលោក?

លោក ហាស់ សាន សូមជូនសេចក្តីរាយការណ៍នេះ៖

សេរីភាពកាសែត ឬហៅតាមអង់គ្លេសថា freedom of the press ក្នុងពិភពលោក ធ្លាក់ចុះដដែលនៅក្នុងប្រ ទេសដែលមេដឹកនាំយកអ្នកជាកាសែតជាបច្ចាមិត្ត មិនឲ្យតម្លៃសេចក្តីផ្សាយដំណឹងពិត មិនចូលចិត្តរឿង រ៉ាវពិត ហេតុការណ៍ពិតចេញផ្សាយតាមកាសែត តាម

វិទ្យុ តាមទូរទស្សន៍ ឬ អន្តរបណ្តាញផ្សព្វផ្សាយសង្គម ហៅថា social media ដូចជា ហ្វេសប៊ុក យូធូប ជា ដើម ដែលប្រើអ៊ិនធើណិត។ ប្រទេសមានមេដឹកនាំមិនចូលចិត្តការផ្សាយដំណឹងពិត ប្រព្រឹត្តការណ៍ពិត ជាប្រទេសដឹកនាំបែបផ្តាច់ការចូលចិត្តតែការនិយាយ ការសរសេរ ការផ្សាយរឿងល្អ រឿងសប្បាយ ដែលឆ្លុះបញ្ចាំងអំពីរបៀបរបបដឹកនាំរបស់អ្នកដឹកនាំនោះ ហើយកោតសសើរ បញ្ចើចបញ្ចើ បញ្ជោរ លើកជើងគ្នាទៅវិញទៅមក។ មេដឹកនាំប្រទេសនោះប្រើប្រព័ន្ធផ្សព្វផ្សាយ ហៅតាមអង់គ្លេសថា mass media ជាឧប ករណ៍សម្រាប់ប្រយោជន៍ ខ្លួនឯង គ្រួសារ បក្ខ និង ពួករបស់ខ្លួន។ បើបណ្តាញផ្សាយព័ត៌មានណាផ្សាយដំ ណឹង ហេតុការណ៍ រឿងរ៉ាវពិត តែខុសចិត្តរបស់គេ គេចោទថា ផ្សាយព័ត៌មានក្លែងក្លាយ ឬ fake news។

មុននឹងជម្រាបជូនអំពីសេចក្តីរាយកាណ៍បញ្ចាំងអំពីទីតាំងប្រទេសកម្ពុជាស្ថិតនៅលំដាប់លេខប៉ុន្មានក្នុងពិភពលោក យើងសូមជូនអត្ថន័យខ្លះអំពីពាក្យថា ព័ត៌មាន កាសែត ឬ សារព័ត៌មាន។ តាមវចនានុក្រម សម្តេចសង្ឃ ជួន ណាត  ព័ត៌មាន មានន័យថា ដំណឹង គឺសេចក្តីដែលឲ្យដឹង អំពីអ្វីកំពុងប្រព្រឹត្តិទៅ ហៅថា ប្រព្រឹត្តិការណ៍។ បើជាដំណឹង គឺមានដំណឹងល្អ ដំ ណឹងមិនល្អ។ រឿងរ៉ាវ ហេតុកាណ៍ដែលកើតមានក្នុងលោក មានល្អ មានអាក្រក់ ហើយកាសែត ជាមធ្យោ បាយនាំពាក្យ ផ្សាយដំណឹង ឬ ព័ត៌មានឲ្យសាធារណ ជនជ្រាប និង ធ្វើការវិនិច្ឆ័យ ធ្វើសេចក្តីសន្និដ្ឋានដោយខ្លួនឯង។ រីឯ សារព័ត៌មាន ជាដំណឹង ជាប្រព្រឹត្តិការណ៍ មានសារៈ មានប្រយោជន៍ ដែលមនុស្សគួរអាន គួរមើល គួរសា្តប់។ ការបញ្ចេញ ការផ្សាយប្រើ

ភាសាអាសអាភាស ជេរ ប្រមាថកាតទាន មិនចាត់ចូលជា សារព័ត៌មាន ទេ។ សព្វថ្ងៃ អ្នកខ្លះតាំងខ្លួនជាអ្នក សារព័ត៌មាន។ បើជាអ្នកសារព័ត៌មាន ត្រូវតែផ្សព្វផ្សាយ តាមកាសែត នូវព័ត៌មានណាមានសារសំ ខាន់ មានផលប្រយោជន៍រួមដល់មនុស្សជាតិជាខ្មែរ។ ពាក្យ កាសែត មានឫសគល់ពីពាក្យបារាំង ហ្គាហ្សេត (gazette) ដែលមានឫសគល់ពីពាក្យអ៊ីតាលីនៅក្រុងវ៉េនីស (gazzetta) នាដើមសតវត្សទី១៧។

អ្នកផ្សាយដំណឹង ឬ អ្នកកាសែត គឺជាមនុស្សលោក ដូច្នេះ គេក៏មានសិទ្ធិមានសេរីភាព មានសមត្ថភាពចេះគិត ពិចារណា វិនិច្ឆ័យ និង សន្និដ្ឋានដោយផ្អែកលើ សច្ចៈ ឬ ធាតុពិត ដែរ។ បើអ្នកកាសែតណា ពុំមានសិទ្ធិ មានសេរីភាព មានសមត្ថភាពគិត ពិចារណា វិ ភាគ ថ្លឹងថ្លែង វាស់វែង បែងចែក វិនិច្ឆ័យនិងសន្និដ្ឋានលើរឿងអ្វីមួយបានទេ អ្នកកាសែតនោះមិនខុសអ្វី ពីទីងមោង ឬមនុស្សម៉ាស៊ីនចាំតែចុចបញ្ជានោះឡើយ។ បើគេបិទសិទ្ធិ សេរីភាពអ្នកកាសែត មិនឲ្យនិយាយ មិនឲ្យសរសេរ មិនឲ្យផ្សាយអ្វីខុសពីចិត្ត ពីបំណងគេ នោះគេហៅថារំលោភ សេរីភាពកាសែត រំលោភសិទ្ធិមនុស្សហើយ។

ចុងខែមេសាកន្លងទៅនេះ សមាគមក្រុមមានវិជ្ជាជីវៈកាសែត ហៅថា អ្នករាយការណ៍គ្មានព្រំដែន (Reporters Without Borders)  ឬជួនកាលគេនិយមហៅថា អ្នកកាសែតគ្មានព្រំដែនបានផ្សាយសេចក្តីរាយការណ៍ស្រាវជ្រាវមួយអំពីស្ថានភាព សេរីភាពកាសែត ឬ សេរីភាពព័ត៌មានក្នុងប្រទេសចំនួន ១៨០ ក្នុងពិភពលោក។ ព្រះរាជាណាចក្រ កម្ពុជា ជាប់បានលេខ ឬ លំដាប់លេខ ១៤៤។ ប្រទេសនៅភូមិភាគអា ស៊ី និង អាស៊ីអគ្នេយ៍ ភាគច្រើនជាប់លេខជាង ១០០ ដែលជាលេខសំគាល់ចំពោះប្រទេស រំលោភសេរី ភាពកាសែត។ សមាគមអ្នកកាសែតគ្មានព្រំដែន ចាត់ថ្នាក់ប្រទេសនិមួយៗផ្អែកលើការរំលោភសេរីភាពកាសែត ដោយឲ្យពិន្ទុពី ០ ដល់ ១០០ ហើយ ០ ល្អបំផុត គឺគ្មានការរំលោភ រីឯពិន្ទុ ១០០ អាក្រក់បំផុត។ គេវាស់លើការបញ្ចេញទស្សនៈលើប្រព័ន្ធផ្សព្វផ្សាយ, ឯករាជ្យភាពនៃប្រព័ន្ធផ្សព្វផ្សាយ, ស្ថានភាព បរិយា កាស និង កំរិតនៃការហ៊ានផ្សាយឬមិនហ៊ានផ្សាយ, ក្របខណ្ឌច្បាប់នីតិបញ្ញត្តិកំណត់សកម្មភាពផ្សាយព័ត៌មាន, តម្លាភាព, ហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ផលិត កម្មផ្សាយ និង ការរំលោភបំពាន រួមនឹងអំពើហិង្សា។

កូរ៉េខាងជើង ជាប់ចំណាត់ថ្នាក់លេខ ១៨០។ សារធាណរដ្ឋប្រជាមានិតចិន ឬ ចិនកុម្មុយនិស្ត បានពិន្ទុ ៨០,៤៣ ជាប់ចំណាត់ថ្នាក់លេខ ១៧៧។ លំដាប់ថ្នាក់នៃប្រទេសជាសមាជិក សមា គមប្រជាជាតិអាស៊ីអគ្នេយ៍ ឬ អាស៊ាន យៀកណាម លេខ ១៧៥; លាវ លេខ ១៧២; សិង្ហបុរី លេខ ១៥៨; ប្រ៊ុយណេ លេខ ១៥២; កម្ពុជា ជាប់លេខ ១៤៤; ថៃឡង់ដ៍ លេខ ១៤០; ភូមា លេខ ១៣៩; ហ្វីលីពីន លេខ ១៣៦; ឥណ្ឌូនេស៊ី ជាប់លេខ ១១៩; ម៉ាឡេស៊ី លេខ ១០១។ ប្រទេសក្នុងតំបន់អូសេអានី នូវ៉ែលហ្សឡង់ដ៍ លេខ ៩; អូស្រ្តា លី លេខ ២៦។ មហាអំណាចស.រ.អា ជាប់លេខ ៤៥។

ប្រទេសប្រាំ (៥) នៅទ្វីបអឺរ៉ុប ល្អបំផុត មានពិន្ទុ ០ គឺគ្មានអំពើរំលោភបំពានខាងសេរីភាពកា សែត គឺប្រ ទេស ន័វ៉ែស, ហ្វាំងឡង់ដ៍,  ដាណឺម៉ាក,  ស៊ុយអែដ និង ប្រទេស ហូឡង់ដ៍។

ប្រទេសចម្រើនជឿនលឿន អនុញ្ញាតឲ្យកាសែត ដែលជាមធ្យោបាយផ្សាយសេចក្តីជាដំណឹង ឬ ព័ត៌ មាន ឬ ប្រព្រឹត្តិការណ៍ បំពេញមុខនាទីរបស់គេជាអ្នកនាំពាក្យ នាំដំណឹងពីរដ្ឋអំណាច ប្រាប់ទៅប្រជា ពលរដ្ឋ និង នាំពាក្យ នាំដំណឹងពីប្រជាពលរដ្ឋ ប្រាប់ទៅរដ្ឋអំណាចឲ្យបានដឹង។ អ្នកកាសែត ដែលជាអ្នកយកដំណឹង ហើយបញ្ជូនដំណឹងនោះទៅវិញទៅមក ត្រូវតែប្រកាន់សីលធម៌ ហៅថា សីលអ្នកកាសែត មានដូចជា៖ និយាយការពិត មានហេតុផល ឥតភ័យ ខ្លាច ឥតអនុគ្រោះ ឥតអធ្យាស្រ័យ មិនប្រើភាសា ពាក្យពេចន៍អសុរស អាសអាភាស ប្រមាថមើលងាយ បន្ទាបបន្ថោកអ្នកណាមួយ មិនបញ្ឆេះកំហឹងឲ្យមាន ការបង្ហូរឈាមដោយសារកំហឹងផ្ទាល់ខ្លួន មិនទទួល អំណោយ ឬ លាភពីនរណាមួយ ឬបំពេញការងារបែប លាភូបនិសា គឺធ្វើការអែបអបដើម្បីលាភ ជាដើម។ល។ ប្រទេសប្រកាន់តាមមាគ៌ាប្រជាធិបតេយ្យ គេអនុ ញ្ញាតឲ្យអ្នកកាសែតដែលប្រកាន់សីលកាសែតទាំង នេះ បំពេញការងារដើម្បីជួយរួមចំណែក ធ្វើវិភាគ ទានដល់ប្រយោជន៍រួមទាំងអស់គ្នាក្នុងសង្គមជាតិ ឬមនុស្សជាតិ។ អ្នកកាសែតមួយចំនួន ដែលជាមនុស្សដូចគេដូចឯងដែរនោះ និយមសរសេរ និយាយរឿងពិតណាពួកផ្តាច់ការលាក់បំបាំង មិនចង់ឲ្យពលរដ្ឋរបស់ខ្លួនដឹង។

រឿងពិតខ្លះ វាល្វីង ជូរ ចត់ ដូចពាក្យចាស់រំឭកថា ពាក្យពិតរែងស្លែង។ រឿងហេតុខ្លះ ផ្សាយចេញដើម្បីជាដំណឹងដល់រដ្ឋអំណាច ក្រែងអ្នកដឹកនាំមានអំណាចមិនបានដឹងដោយសារអ្នកក្រោមឱវាទលាក់មិនចង់ឲ្យដឹង។ អ្នកកាសែតប្រកាន់តាមវិជ្ជាជីវៈ មិនមែនជាសត្រូវអ្នកន យោបាយ ផ្សាយរឿងដើម្បីបំផ្លាញអនាគតគេនោះទេ។ អ្នកកាសែតប្រាប់អំពីបញ្ហា ហើយអ្នកនយោបាយដោះបញ្ហាហ្នឹងទៅ វាជាការ ស្រេចទៅហើយ។ ការផ្សាយដំណឹង ជាការទទួលខុស ត្រូវរបស់អ្នកកាសែត៖ តើដំណឹងមួយជាដំណឹងពិត ឬ ជាដំណឹងប្រឌិត ក្លែងបន្លំ បំភ័ន្តសាធារណជនដើម្បីប្រយោជន៍អ្វីមួយ សម្រាប់ជនណាមួយ។ ច្បាប់ដាក់ ទោស មាន!

យើងសូមជូនសម្រង់សេចក្តីពីរដ្ឋបុរសស្នេហាលទ្ធិ ប្រជាធិបតេយ្យអាមេរិកាំងមួយរូប អំពី សេរីភាពនិយាយស្តី (freedom of speech) គឺលោក Thomas Jefferson ដែលក្រោយមកជាប្រធានាធិបតីទី៣ ពី ឆ្នាំ១៨០១ ដល់១៨០៩។ លោកជាបិតា ស្ថាបនិក សេចក្តីប្រកាសឯក រាជ្យភាពស.រ.អាពីអង់គ្លេសនៅឆ្នាំ១៧៧៦។ លោកជាអ្នកទ្រទ្រង់សេរីភាពនិយាយស្តី

របស់មនុស្ស ដើម្បីត្រួតពិនិត្យដំណើរប្រព្រឹត្តទៅនៃរដ្ឋាភិបាលមួយ ព្រោះមិនចង់ឲ្យរដ្ឋាភិបាលនោះ ដើរ ខុសផ្លូវ ប្រើអំណាចស្រេចតែចិត្ត រំលោភ បំពាន អ្នក ដទៃ។ លោកចង់ឃើញថា ពលរដ្ឋ និង រដ្ឋាភិបាល ទទួលបានដំណឹង ព័ត៌មាន អំពីភាពឆ្គាំឆ្គង ខុសឆ្គងទាំងឡាយឲ្យបានច្រើនដូចគ្នា ដើម្បីកុំឲ្យដាក់កំហុស ចាប់ទោសខាងណាមួយខ្លាំងក្លាហួសហេតុពេក

 ដូច្នេះ មានតែបញ្ជូនសេចក្តីឲ្យដំណឹងតាមរយៈកា សែតជាសាធារណៈ ឲ្យជ្រួតជ្រាបដល់មហាជន។ នេះជាសម្រង់ពាក្យពេចន៍របស់លោក Thomas Jefferson៖ បើថាទុកឲ្យខ្ញុំជាអ្នកសំរេច រវាង មានរដ្ឋាភិបាលមួយដោយពុំមានកាសែត មានកាសែតដោយពុំមានរដ្ឋាភិបាល មួយនោះ ខ្ញុំមិនញញើតនឹងជ្រើសរើសយក កាសែតដោយពុំមានរដ្ឋាភិបាលនោះឡើយ។ នេះមានន័យថា អ្នកកាសែតត្រឹមត្រូវ ជាតំ ណាងឲ្យសម្លេងពលរដ្ឋ ជាមធ្យោបាយទប់មិនឲ្យរដ្ឋា ភិបាលប្រើអំណាចផ្តាច់ការ រំលោភ ជិះជាន់ពលរដ្ឋរបស់ខ្លួន៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស