28.4 C
Phnom Penh

តំណាងទូតអាល្លឺម៉ង់ និងសហភាពអឺរ៉ុបសម្តែងការគាំទ្រជំនួបរវាងលោក កឹម សុខា និង លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា សាទរចំពោះជំនួបរវាងលោក កឹម សុខា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ។

ការសម្តែងការគាំទ្រនេះ ធ្វើឡើងក្នុងជំនួបរវាងតំណាងសហគមន៍អន្តរជាតិទាំងពីរ ជាមួយប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា  នៅគេហដ្ឋានរបស់លោក នារាជធានីភ្នំពេញ។

នាយខុទ្ទកាល័យលោក កឹម សុខា គឺ លោក មុត ចន្ថា បានលើកឡើងលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ១១ ខែឧសភានេះថា នៅពេលព្រឹក លោក កឹម សុខា បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក គ្រីស្ទាន ប៊ឺហ្គ័រ (Christian Berger) ហើយនៅពេលរសៀលថ្ងៃដដែលនេះ ប្រធានបក្សប្រឆាំងរូបនេះក៏បានជួបជាមួយឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា អ្នកស្រី Carmen Moreno ។

លោកអះអាងថា ក្នុងជំនួបនោះ ទាំងលោក គ្រីស្ទាន ប៊ឺហ្គ័រ និងអ្នកស្រី Carmen Moreno បានសម្តែងការសាទរចំពោះជំនួបរវាងឥស្សរជនខ្មែរទាំងពីរ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក កឹម សុខា កាលពីថ្ងៃទី៥ ខែឧសភា ក្នុងពិធីគោរពវិញ្ញាណខន្ធម្តាយក្មេកលោកហ៊ុន សែន គឺមហាឧបាសិកា ប៊ុន ស៊ាងលី។ លោកបន្តថា ជំនួបនោះ ភាគីអន្តរជាតិទាំងពីរ បានចាត់ទុកថា ជារឿងវិជ្ជមានជំហានទីមួយសម្រាប់កម្ពុជា។

ប្រភពដដែលបន្តថា ក្រៅពីសាទរក្នុងជំនួបនេះទាំងតំណាងអាល្លឺម៉ង់និង តំណាងអឺរ៉ុបក៏បានពិភាក្សាជាមួយលោក កឹម សុខា អំពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន និងទៅអនាគត ពិសេសក្នុងស្ថានភាពជំងឺកូវីដ១៩។

កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ លោក កឹម សុខា បានដឹកនាំប្រតិភូរបស់ខ្លួនជាច្រើនរូប ចូលគោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេកលោក ហ៊ុន សែន និងជាមាតាបង្កើតលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន។

ក្នុងជំនួបប្រមាណ៥០នាទីនោះ ឥស្សរៈជននយោបាយទាំងពីរបានជជែកគ្នាក្នុងកាយវិការទន់ភ្លន់ ដែលមើលទៅយល់ចិត្តគ្នាច្រើន។ ជំនួបនោះ ទាំងពលរដ្ឋ និងអ្នកតាមដានសង្គមមួយចំនួនយល់ឃើញថាជាវប្បធម៌ដល់ល្អមួយ ហើយថាជាចំណុចវិជ្ជមានមួយសម្រាប់កិច្ចសន្ទនានយោបាយនៅកម្ពុជា។

ទោះបីជាយ៉ាងនេះក្តី សម្រាប់អ្នកវិភាគនយោបាយនៅក្រៅប្រទេសលោក គឹម សុខ បានលើកឡើងថា ជំនួបរវាងគូប្រជែងនយោបាយទាំងពីររូបនោះ បង្ហាញប្រពៃណីវប្បធម៌នយោបាយល្អមួយ ប៉ុន្តែលោកថាពុំមានការប្រែប្រួលនយោបាយអ្វីធំដុំឡើយ ពីព្រោះថាលោក ហ៊ុន សែន មិនហ៊ានបន្ធូរសេរីភាពនយោបាយសម្រាប់លោក កឹម សុខា ដល់កម្រិតឲ្យខូចផែនការអំណាចបន្តត្រកូលហ៊ុនរបស់លោកនោះទេ។ រីឯលោក កឹម សុខា វិញ ក៏នឹងមិនសម្លាប់កិត្តិនាមនយោបាយរបស់គាត់ ដោយការព្រមលេងល្បែងរបស់លោក ហ៊ុន សែន ចង់បាននោះដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស