អង្គការការពារសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា សមាជិកក្រុមយុវជនខ្មែរថាវរៈ ៦នាក់ ត្រូវបានឃាត់ខ្លួន ខណៈព្រះសង្ឃរងការគំរាមកំហែង នៅពេលពួកគេតវ៉ាដោយសន្ដិវិធីពាក់ព័ន្ធការដោះស្រាយបញ្ហាមីក្រូហិរញ្ញវត្ថុអំឡុងពេលវិបត្តិជំងឺកូវីដ១៩។
ការព្រួយបារម្ភរបស់អង្គការការពារសិទ្ធិមនុស្សក្នុងស្រុកមួយនេះធ្វើឡើងក្រោយពីសមាជិកក្រុមយុវជនខ្មែរថាវរៈចំនួន៦នាក់ ក្នុងនោះមានសកម្មជនសិទ្ធិមនុស្ស លោក ហ៊ុន វណ្ណៈ ត្រូវបានឃាត់ខ្លួន នៅខេត្តបាត់ដំបង កាលពីយប់ថ្ងៃសៅរ៍ចុងសប្តាហ៍មុន ខណៈលោកកំពុងធ្វើដំណើរត្រឡប់មកពីតវ៉ាដោយអហិង្សា ដើម្បីស្នើសុំឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្អាកការបង់សងប្រាក់កម្ចី អំឡុងពេលមានវិបត្តិសេដ្ឋកិច្ចបង្កឡើងដោយការរីករាលដាលជាសាកលនៃវីរុសកូវីដ១៩ ។
លីកាដូឲ្យដឹងថា យ៉ាងហោចណាស់មានព្រះសង្ឃ៥អង្គដែលបានចូលរួមក្នុងការតវ៉ានេះ ក៏ត្រូវបានរងការគំរាមកំហែងបណ្ដេញចេញពីវត្តផងដែរ លុះត្រាតែព្រះអង្គផ្ដិតមេដៃលើកិច្ចសន្យាមួយថា នឹងបញ្ឈប់ភាពសកម្មរបស់ព្រះអង្គ ជំនួសអ្នកខ្ចីប្រាក់តទៅទៀត ។
អ្នកតវ៉ាត្រូវបាននគរបាលឃាត់ខ្លួននៅតាមដងផ្លូវខាងក្រៅវត្តដំរីស នៅពេលពួកគាត់កំពុងធ្វើដំណើរមកពីការដើរហែក្បួនដែលមានផ្សាយផ្ទាល់នៅលើបណ្ដាញសង្គម នៅចំពីមុខគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនដូចជា ប្រាសាក់ និងអេអឹមខេ (AMK) ជាដើម ។
អ្នកទាំង៦នាក់នោះមាន ស្ត្រី៣នាក់ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ បន្ទាប់ពីដាក់ឱ្យស្ថិតនៅក្នុងបន្ទប់ឃុំឃាំងអស់រយៈពេលជាច្រើនម៉ោង ។ ពួកគាត់បានបញ្ចេញមតិយោបល់នៅក្នុងការផ្សាយផ្ទាល់ បន្ទាប់ពីត្រូវបានដោះលែងថា នគរបាលបានឱ្យពួកគាត់ចុះហត្ថលេខាលើកិច្ចសន្យាមួយជាមួយអាជ្ញាធរក្នុងតំបន់ ប៉ុន្តែក្រុមរបស់ពួកគាត់បានបដិសេធមិនឆ្លើយសំណួរ ឬធ្វើសកម្មភាពអ្វីទាំងអស់ដោយគ្មានការប្រឹក្សាយោបល់ផ្លូវច្បាប់នោះទេ។
ដោយឡែកលោក ហ៊ុន វណ្ណៈ អតីតអ្នកការពារបរិស្ថានជាមួយអង្គការមាតាធម្មជាតិ ធ្លាប់បានជាប់ពន្ធនាគាររយៈពេល៥ខែ បន្ទាប់ពីថតវីដេអូស្ដីពីសកម្មភាពបូមខ្សាច់នៃឆ្នេរខ្សាច់កម្ពុជា ។
អ្នកតវ៉ាបានទាមទាររកដំណោះស្រាយមួយ ឆ្លើយតបទៅនឹងការកើតឡើងគ្រប់ទីកន្លែងនៃការជាប់ជំពាក់បំណុលច្រើនលើសលុបនៅកម្ពុជា ខណៈដែលប្រជាពលរដ្ឋជាង ២លាន៥សែននាក់ មានជាប់ជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ ច្រើនជាង ១០ពាន់លានដុល្លារសហរដ្ឋអាមេរិក ។
ទោះបីជា ធនាគារជាតិនៃកម្ពុជា បានលើកទឹកចិត្តគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឱ្យធ្វើការពន្យាពេលបង់សងប្រាក់ តាមករណីជាក់ស្ដែងនីមួយៗក៏ដោយ ក៏សង្គមស៊ីវិលជាង១៣៥ស្ថាប័ន នៅតែបន្តស្នើសុំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាល ឱ្យជួយផ្អាកការបង់សងប្រាក់ដើម និងការប្រាក់ សម្រាប់រយៈពេលយ៉ាងតិច៣ខែ ព្រមទាំងស្នើប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនម្ចាស់ទ្រព្យវិញ ប៉ុន្តែសំណើរនេះត្រូវសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបដិសេធ៕