29.6 C
Phnom Penh

អតីតបុគ្គលិកសណ្ឋាគារ The Great Duke តវ៉ាបិទផ្លូវទាមទារការទូទាត់ប្រាក់សំណងពីថៅកែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីតបុគ្គលិកបម្រើការងារនៅសណ្ឋាគារ The Great Duke ដែលជាអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ (InterContinental) ជាង ១០០នាក់ បានប្រមូលផ្តុំគ្នាតវ៉ា និងបិទផ្លូវជិត ១ម៉ោង នៅមុខសណ្ឋាគារក្បែរផ្សារដើមគរ។ ការតវ៉ាដែលរហូតឈានដល់ការបិទផ្លូវនេះ គឺដើម្បីទាមទារការទូទាត់ប្រាក់សំណងពីថៅកែ ទៅតាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល កាលពីខែកុម្ភៈ ឆ្នាំ២០២០។

ក្រោយពីបិទផ្លូវភ្លាមនោះ ក្រុមអាជ្ញាធរ និងមន្ត្រីក្រសួងការងារបានចុះអន្តរាគមន៍ស្នើសុំឱ្យបើកផ្លូវវិញ ដោយនាំតំណាងសហជីពទៅជួបអ្នកគ្រប់គ្រងសណ្ឋាគារ ដើម្បីជជែកគ្នារកដំណោះស្រាយពាក់ព័ន្ធបញ្ហានេះ។

ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា ប្រចាំនៅសណ្ឋាគារ The Great Duke លោក ទូច កុសល បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកនេះថា ពួកគេបានព្រមព្រៀងគ្នាជាមួយភាគីសណ្ឋាគារ The Great Duke ដោយកំណត់ជួបគ្នារកដំណោះស្រាយនៅក្រសួងការងារនាម៉ោង ២រសៀលថ្ងៃស្អែកនេះ។

តំណាងក្រសួងការងារ លោក អ៊ូ រតនា ដែលបានចុះទៅសម្របសម្រួលក្រុមបុគ្គលិកសណ្ឋាគារនេះដល់កន្លែងតវ៉ា បានស្នើសុំទៅអតីតបុគ្គលិកសណ្ឋាគារទាំងអស់ឱ្យអត់ធ្មត់ និងរង់ចាំការដោះស្រាយនៅរសៀលថ្ងៃស្អែក ដោយសន្យាថាប្រសិនបើខាងសណ្ឋាគារមិនអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រសួងនឹងចាត់វិធានការទៅតាមផ្លូវច្បាប់តែម្តង។

សណ្ឋាគារ The Great Duke ឬអតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ដំបូងគេ បានប្រកាសបិទប្រតិបត្តិការអាជីវកម្មរបស់ខ្លួន កាលពីថ្ងៃទី៣១ ខែធ្នូ កាលពីចុងឆ្នាំ២០១៩ បន្ទាប់ពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួនអស់រយៈពេលជាង ២០ឆ្នាំ។ អស់រយៈពេលជាង៥ខែមកហើយ បន្ទាប់ពីសណ្ឋាគារនេះប្រកាសបិទទ្វារ ដោយនៅមិនទាន់ទូទាត់ប្រាក់អតីតភាពការងារជូនបុគ្គលិកប្រមាណ១៥០នាក់តាមច្បាប់ការងារនៅឡើយទេ។

កាលពីថ្ងៃទី២០ ខែកុម្ភៈ ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាកណ្តាល បានចេញសេចក្តីសម្រេចជូនដំណឹងទៅភាគីកម្មករនិយោជិត និងភាគីនិយោជក ដើម្បីឱ្យថៅកែផ្តល់សំណងដល់កម្មករនូវប្រាក់ដំណាច់ និងប្រាក់រំលឹកអតីតភាពការងារមុនឆ្នាំ២០១៩ ដោយយកប្រាក់ឈ្នួលគោល និងប្រាក់បន្ទាប់បន្សំមកគណនាផងដែរ។

ក្រុមបុគ្គលិកដែលតវ៉ា អះអាងថាក្រោយពេលខាងភាគីថៅកែសណ្ឋាគារមិនព្រមទូទាត់ប្រាក់សំណងជូនពួកគាត់ ធ្វើឱ្យពួកគាត់ប្រឈមបញ្ហាក្នុងជីវភាព ពិសេសស្របពេលស្ថានភាពនៃវិបត្តិកូវីដ១៩ ដែលធ្វើឱ្យអតីតបុគ្គលិក The Great Duke ទាំងនោះ កាន់តែប្រឈមនឹងជីវភាពគ្រួសារទ្វេរដង៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស