អ៊ីរ៉ង់ជាប្រទេស មហាអំណាចមួយនៅមជ្ឈឹមបូព៌ា។ ប្រទេសដែលមានប្រជាជន ជាង៨០លាននាក់នេះ បានឆ្លងកាត់ការធ្វើសង្រ្គាម រាប់សិបលើកមកហើយ ដែលមិនងាយចាញ់នោះទេ។
ប្រទេសឥស្លាមមួយនេះ គឺជាប្រទេស មានអាវុធទំនើបៗ ជាខ្លាំងមានទាំងកាជ្រួច ផ្លោង និងអាចមានដល់អាវុធប្រល័យលោក នុយក្លេអ៊ែរទៀតផង។ ប្រទេសនេះតែងតែធ្វើសមយុទ្ធទាំងទ័ពជើងទឹក ទ័ពអាកាសនិងទ័ពជើងគោក។ ប៉ុន្តែប្រទេសនេះ រងភាពះអាម៉ាមុខម្ដងហើយ កាលពីឆ្នាំ២០១៩ ដោយបាញ់យន្តហោះស៊ីវិលខ្លួនឯងធ្លាក់ ស្លាប់អ្នកដំណើរជាង ១៧០ រងការថ្កោលទោស ពាស់ពេញពិភពលោក។ ការបាញ់ធ្លាក់យន្តហោះ ដឹកអ្នកដំណើរនៅពេលនោះ ត្រូវបាន អ៊ីរង់ខ្លួនឯងសារភាពថាខុសបច្ចេកទេស ព្រោះខ្លាចយន្តហោះស៊ើបការណ៍របស់អាមេរិក ហោះលើលំហអាកាសរបស់ខ្លួន ខណៈកងទ័ពអ៊ីរ៉ង់កំពុងបាញ់កាំជ្រួចរាប់សិបគ្រាប់សំដៅលើមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់។
នេះ ជាកំហុសបច្ចេកទេសដែលអ៊ីរ៉ង់បានសារភាព បន្តាប់ពីអាមេរិក បញ្ចេញ រូបភាពគ្រាប់កាំជ្រួចបាញ់ចេញពីទឹកដី អ៊ីរ៉ង់ ហោះចំ យន្តហោះ ស៊ីវិល ដែលកំពុងដឹក អ្នកដំណើរ ហោះលើដែនអាកាសរបស់ខ្លួន។
ប៉ុន្តែ ការបាញ់ត្រូវនាវាចម្បាំងរបស់ខ្លួន មួយគ្រឿងនៅក្នុងការធ្វើ សមយុទ្ធកងទ័ពជើងទឹកកាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា គឺនាវា ចម្បាំងនោះ ឆេះខ្ទេច លិចចូលបាតសមុទ្រ ហើយបណ្តាលឲ្យកងទ័ពជាច្រើននាក់បានស្លាប់បាត់បង់ជីវិត។ ឧបទ្ទវហេតុនេះ អ៊ីរ៉ង់ហាក់ស្ទាក់ស្ទើរ ក្នុងការសារភាពថា ជាកំហុសបច្ចេកទេសរបស់ខ្លួនមួយលើកទៀត។
តែយ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា អ្នកស្លាប់អាចលើសពី១៩នាក់ ហើយស្ថានភាពនេះ អ៊ីរ៉ង់ និងអាមេរិក នៅតែបន្តភាពតានតឹងជាខ្លាំងដាក់គ្នានៅឡើយទេ។ Reuters រាយការណ៍ ដំបូងឡើយ អ៊ីរ៉ង់ លាក់បាំងព័ត៌មាននេះ ហើយ ប្រាប់ថា របួសតិចតួច និងស្លាប់អ្នកបើកបរម្នាក់ប៉ុណ្ណោះ។ ប៉ុន្តែរបាយការណ៍នេះ ពុំបានធ្វើអោយ មានការជឿជាក់ទេ ខណៈអាមេរិកគំរាមថានឹងបញ្ចេញរូបភាពរបស់ នាវាដែលឆេះនេះ ហេតុដូច្នេះហើយបានជាទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ ចុះផ្សាយ ឡើងវិញថា មានអ្នកស្លាប់១៩នាក់និងរបួស ១៥នាក់ ហើយ នាវានោះ ឆេះលិចក្នុងបាតសមុទ្រ។ សារព័ត៌មានដដែលអោយដឹងថា នាវានោះរងការបាញ់ដោយគ្រាប់កាំជ្រួចអំឡុងសមយុទ្ធកំពុងប្រព្រឹត្តទៅ។
ចំណែកសាព័ត៌មាន Al Arabiya បានស្រង់សម្ដីរដ្ឋាភិបាលអ៊ីរ៉ង់ចុះផ្សាយថា នាវាពិឃាតអ៊ីរ៉ង់មួយគ្រឿងក្នុងពេលសមយុទ្ធកាលពីថ្ងៃអាទិត្យបានបាញ់ត្រូវនាវាចម្បាំងរបស់ខ្លួន។
ព័ត៌មានបឋមបានឱ្យដឹងថានាវាពិឃាតអ៊ីរ៉ង់គ្មានចេតនាក្នុងការបាញ់នាវារបស់ខ្លួននោះទេ។ ការបាញ់នេះធ្វើឡើងដោយគ្រាប់កាំជ្រួចមួយគ្រាប់ផ្លោងចេញពីនាវាពិឃាតមួយនៅម្ដុំឈូងសមុត្រអូម៉ង់ ។
តែទន្ទឹមនឹងនេះក៏មានរបាយការណ៍ដទៃទៀត នៅមិនទាន់អាចបញ្ជាក់នៅឡើយថានាវាចម្បាំងដែលអាចផ្ទុកទាហានជើងទឹកពី៤០ ទៅ៥០នាក់ បានបាត់ខ្លួនទាំងអស់ក្នុងពេលដែលនាវាចម្បាំងនេះឆេះខ្ទេចលិចចូលសមុទ្រ។ ជាមួយគ្នានេះ ក៏មានព័ត៌មាន ពីប្រភពជាច្រើនក្រៅពីអាជ្ញាធរអ៊ីរ៉ង់ ចុះផ្សាយថាសាកសព ២៣នាក់ទើបបានរកឃើញហើយមនុស្សជាច្រើនទៀតនៅបន្ដបាត់ខ្លួននៅឡើយ និងមិនសង្ឃឹមថាពួកគេអាចរស់រានមានជីវិតបាននោះទេ។
ស្ថិតនៅភាគខាងត្បូងនៃសមុទ្រអូម៉ង់កាលពីថ្ងៃអាទិត្យមានសមយុទ្ធជើងទឹកមួយដោយមានការបាញ់មីស៊ីល ឬកាំជ្រួចរាប់សិបគ្រាប់សំដែងឬទ្ធិដាក់នាវាអាមេរិក នៅលើ ឈូងសមុទ្រពែក្ស ក្បែរគ្នានោះ ។ នាវាពិឃាតរបស់អ៊ីរ៉ង់ដែលបាញ់មីស៊ីលបន្ដបន្ទាប់នោះក៏ហោះសំដៅទៅកាន់នាវាចម្បាំងមួយរបូបស់ខ្លួនឈ្មោះថា konarak។ នាវាចម្បាំងមួយនេះរៀបចំខ្លួនដោយរក្សា ចម្ងាយខ្លួនឯងខុសបច្ចេកទេស បានធ្វើឱ្យគោលដៅវាយប្រហារត្រូវចំតែម្ដង និងធ្វើឱ្យនាវាចម្បាំងនោះឆេះធ្លុះធ្លាយលិចបាត់។ នាវាkonarakត្រូវបានផលិតឡើងនៅឆ្នាំ២០១៨ ហើយនាវាពិឃាតចាម៉ារ៉ាន់ ត្រូវបានផលិតឡើងនៅឆ្នាំ២០១០ដែលជានាវាពិឃាត បំពាក់ដោយគ្រាប់មីស៊ីល។
យោធាអ៊ីរ៉ង់ត្រូវបានរាយការណ៍មកថានឹងធ្វើសេចក្ដីថ្លែងការណ៍ធំនៅវេលារសៀលថ្ងៃច័ន្ទជុំវិញរឿងរ៉ាវនេះ។
កាលពីមួយខែមុន លោកដូណាល់ត្រាំធ្លាប់និយាយពាក់ព័ន្ធនឹងការបាញ់នេះដែរ គឺលោកដាក់បញ្ជាឱ្យបាញ់ម៉ារីនអ៊ីរ៉ង់ភ្លាមៗដោយមិនរង់ចាំថ្នាក់លើបញ្ជាផ្ទាល់ ប្រសិនបើអ៊ីរ៉ង់ហ៊ានព្រហើនបំពាននាវាអាមេរិកនោះ។
លោកត្រាំបានបញ្ចាដូច្នេះ ក្រោយពីម៉ារីនអ៊ីរ៉ង់ចំនួន១១គ្រឿងលេងល្បែងសង្រ្កាមព័ទ្ធសកម្មភាព នាវាល្បាតរបស់យោធារបស់អាមេរិក។
មួយរយៈចុងក្រោយនេះទោះបីជាមានកូវីដ១៩គម្រាមកំហែងសុខុមាលភាពអ៊ីរ៉ង់យ៉ាងណាក្ដី ក៏ប្រទេសនេះហាក់នៅតែមានសកម្មភាពយោធាផុសផុលជាងមុនទាំងដែនអាកាស និងដែនទឹក ហើយតែងតែព្យាយាមនិយាយបណ្ដេញអាមេរិកចេញពីតំបន់ឈូងសមុទ្រពែក្សដោយចាត់ទុកថាគ្មានអាមេរិកទើបតំបន់នេះមានសន្ដិភាព ស្ថិរភាពពិតប្រាកដ។
តែយ៉ាងណាក៏ដោយ ឧបទ្ទវហេតុនៃការបាញ់ចំនាវាចំបាំងរបស់អ៊ីរ៉ងខ្លួនឯងនេះ គឺជារឿងអាម៉ាសមួយទៀត នៃប្រទេសសារណរដ្ឋឥស្លាម ដែលចូលចិត្តលេងល្បែងសង្រ្គាម ប្រឆាំងមហាអំណាចសហរដ្ឋអាមេរិក ៕