26 C
Phnom Penh

លោក កឹម សុខា បន្តជួបតំណាងប្រទេសកាន់លទ្ធិប្រជាធិប តេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា បានបន្តជួបឯកអគ្គរដ្ឋទូតប្រទេសលោកសេរីបន្ថែមទៀតនៅគេហដ្ឋានរបស់លោកនារាជធានីភ្នំពេញ។

មនុស្សជំនិតរបស់លោក កឹម សុខា គឺលោក វីន សុភ័ក្រ្ត បានឱ្យដឹង នៅរសៀលថ្ងៃទី១២ខែឧសភានេះថា លោកកឹម សុខា បានទទួលជួប ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំកម្ពុជាលោកស្រី Eva Nguyen នៅគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ អ្នកស្រីបានស្វាគមន៍ចំពោះជំនួបរវាងឥស្សរជនខ្មែរទាំងពីរ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក                   កឹម សុខា កាលពីថ្ងៃទី៥ ខែឧសភា ដោយចាត់ទុកជំនួបគ្រានោះថាជា ជំហានវិជ្ជមានដំបូង។

ក្រៅពីសាទរចំពោះជំនួបលោក ហ៊ុន សែន និងលោក កឹម សុខា ឯកអគ្គរដ្ឋទូតបារាំង និងមេបក្សប្រឆាំង បានពិភាក្សាគ្នា អំពីបញ្ហាសង្គម និងសេដ្ឋកិច្ច ក្នុងស្ថានភាពកូវីដ-១៩ និងអំពីស្ថានភាពអនាគតទៀត។

សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃម្សិលមិញ លោក កឹម សុខា អះអាងថា លោកនឹងជួបជាមួយនឹងឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូត នៃប្រទេសកាន់លទ្ធិប្រជាធិបតេយ្យសំខាន់ៗមួយចំនួន ដែលមានស្ថានទូតនៅភ្នំពេញ ដោយផ្ទាល់នៅគេហដ្ឋានរបស់លោកជាបន្តបន្ទាប់ក្នុងសប្តាហ៍នេះ។ ដោយឡែកសម្រាប់ប្រទេសជាមិត្តនៅឆ្ងាយក៏បានទាក់ទងលោកតាមបណ្តាញសង្គមដើម្បីសួរសុខទុក្ខផងដែរ។

កាលពីថ្ងៃម្សិលមិញផងដែរ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជាលោក គ្រីស្ទាន ប៊ឺហ្គ័រ (Christian Berger)នាពេលព្រឹក  និងឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជាលោកស្រី Carmen Moreno នាពេលរសៀល បានចូលជួបជាមួយលោក លោក កឹម សុខា នៅគេហដ្ឋានរបស់លោកក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងជំនួបរវាងមេបក្សប្រឆាំងរូបនេះ ជាមួយតំណាងសហគមន៍អន្តរជាតិលោកសេរីពីរដាច់ដោយឡែកពីគ្នានោះ ភាគីអាល្លឺម៉ង់ និងភាគីសហភាពអឺរ៉ុប បានសាទរចំពោះជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា កាលពីថ្ងៃទី៥ ខែឧសភា ដោយពួកគេចាត់ទុកថាជាចំណុចវិជ្ជមានមួយសម្រាប់កម្ពុជា។

កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ លោក កឹម សុខា បានដឹកនាំប្រតិភូរបស់ខ្លួនជាច្រើនរូប ចូលគោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ប៊ុន ស៊ាងលី មាតាក្មេកលោក ហ៊ុន សែន និងជាមាតាបង្កើតលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន។

លោក កឹម សុខ ត្រូវបានអាជ្ញាធរលោកហ៊ុន សែន ចាប់និងឃុំខ្លួនកាលពីខែកញ្ញាឆ្នាំ២០១៧ ដោយលោកហ៊ុន សែន ចោទថាក្បត់ជាតិ។ លោកត្រូវបានបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ជាប់ព្រំដែនវៀតណាមក្នុងខេត្តត្បូងឃ្មុំ។ មួយឆ្នាំក្រោយមកលោកត្រូវបានអាជ្ញាធរផ្លាស់ប្តូរមកឃុំខ្លួនក្នុងផ្ទះរបស់លោកនៅក្រុងភ្នំពេញ អស់រយៈពេលជិត១ឆ្នាំ ទើបតុលាការកែប្រែលក្ខខណ្ឌដាក់ក្រោមការត្រួតពិនិត្យដោយផ្តល់សេរីភាពឱ្យលោកបានច្រើនជាងមុន ប៉ុន្តែលោកត្រូវបានតុលាការហាមមិនឱ្យចេញទៅក្រៅប្រទេស និងហាមមិនឱ្យធ្វើសកម្មភាពនយោបាយនោះឡើយ។

បច្ចុប្បន្នសំណុំរឿងសន្ទិដ្ឋិភាពឬក្បត់ជាតិ ដែលចោទទៅលើលោក កឹម សុខា គឺកំពុងដំណើរការសវនាការជំនុំជម្រះ ប៉ុន្តែត្រូវផ្អាកមួយរយៈដោយសារស្ថានភាពជំងឺកូវីដ១៩។

សហរដ្ឋអាមេរិកធ្លាប់បាននិយាយចំៗថា ខ្លួនមិនបានពាក់ព័ន្ធឬនៅពីក្រោយខ្នងលោកកឹម សុខា ជុំវិញការចោទថាចង់ផ្តួលរំលំរដ្ឋាភិបាលនោះឡើយ ប៉ុន្តែការចោទប្រកាន់នោះ អាមេរិកថា ព្រះរាជអាជ្ញាជាអ្នកប្រឌិតរឿងចោទប្រកាន់ឡើងប៉ុណ្ណោះ។

អាមេរិកក៏បានចាត់ទុកលោក កឹម សុខា ថាបុគ្គលសមតែទទួលបានងារឬពានរង្វាន់កិត្តិយសដ៏ខ្ពង់ខ្ពស់មួយ ហើយការចោទប្រកាន់លោកកន្លងមកជារឿងអយុត្តិធម៌ និងគ្មានភស្តុតាងអ្វីទាំងអស់៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស