27 C
Phnom Penh

លោក ស ខេង ព្រមានស្នងការ និងស្នងការរងខេត្តកំពង់ធំ៥រូប ពីការធ្វេសប្រហែសក្នុងការអនុវត្តភារកិច្ច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញលិខិតព្រមានស្នងការ និងស្នងការរង រួមទាំងនាយកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ ចំនួន៥រូប ជុំវិញការធ្វេសប្រហែសលើការងាររបស់ខ្លួន។

ក្នុងសេចក្តីប្រកាសព័ត៌មានលើកទី១ របស់លោក ស ខេង ដែលចេញកាលពីថ្ងៃទី២៦ ខែមីនា ហើយទើបត្រូវគេចែកចាយនៅពេលនេះ បានឱ្យដឹងថាមន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដែលបានរកឃើញកំហុសរួមមានស្នងការនគរបាលខេត្ត លោក អ៊ុក កុសល ស្នងការរងទទួលផែនការនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចលោក                      វ៉ា ចាន់កុសល។

ស្នងការរងទទួលផែនការងារធនធានមនុស្សលោកអ៊ឹម សុគៀន ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោក ទិត សំណាង និងទី៥នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកលោក រុំ សុវិជ្ជា ពាក់ព័ន្ធនឹងបញ្ហាខ្វះការយកចិត្តទុកដាក់លើការគ្រប់គ្រង និងដឹកនាំរបស់ពួកគេ ប៉ុន្តែក្រសួងមិនបានបង្ហាញថាធ្វេសប្រហែសដោយសារមូលហេតុអ្វីនោះឡើយ។

ប្រភពដដែលបញ្ជាក់ថា សាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវកែប្រែនូវកំហុសឆ្គង និងរបៀបរបបការងារដឹកនាំឱ្យបានត្រឹមត្រូវក្នុងករណីមិនរាងចាលដោយប្រព្រឹត្តផ្ទុយពីការណែនាំទៀតនោះ នឹងចាត់វិធានការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ។

កាលពីឆ្នាំ២០១៧ មន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កាលជំនាន់មុនការគ្រប់គ្រងដោយលោកអ៊ុក កុសល ពោលគឺកាល លោក ជូ សំអាន ជាស្នងការខេត្តនេះធ្លាប់មានរឿងអាស្រូវបន្ទាប់ពីកូនចៅរបស់ខ្លួនមួយចំនួនបានដាក់ពាក្យស្នើសុំទៅរដ្ឋន្ត្រីឱ្យដកលោក ជូ សំអាន ចេញ ព្រោះមានរឿងពុករលួយ បក្ខពួកនិយម និងអសមត្ថភាពគ្រប់គ្រងផងដែរ។

ក្រោយការបញ្ចេញរឿងអាស្រូវពេលនោះ និងក្រោយមានការស៊ើបអង្កេតរបស់មន្ត្រីក្រសួងមហាផ្ទៃ លោក ជូ សំអាន ក៏ត្រូវបានដកចេញពីស្នងការខេត្តដាក់ជំនួសលោក អ៊ុក កុសល វិញ ប៉ុន្តែក្រសួងមហាផ្ទៃមិនបានដាក់ទោសទណ្ឌលើអតីតស្នងការខេត្តរូបនោះឬ អ្នកពាក់ព័ន្ធ ជុំវិញករណីប្រព្រឹត្តអំពើពុករលួយនោះឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស