33 C
Phnom Penh

ក្រសួងយុត្តិធម៌បង្កើតក្រុមការងារ ដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងយុត្តិធម៌ បានបង្កើតគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាធានី-ខេត្ត ឬហៅកាត់ថា គ.យ.ក.ស.។

សេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី លោក កើត រិទ្ធ កាលពីថ្ងៃម្សិលមិញ បានបង្កើតក្រុមការងារថ្មីមួយ ហៅថា គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាធានី-ខេត្ត  ដែលមានលោកធ្វើជាប្រធាននៃគណៈកម្មការនេះ។

គណៈកម្មការនេះ មានតួនាទីដឹកនាំ និងសម្របសម្រួលការងាររួមលើការអនុវត្តយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្តទាំងអស់។

បន្ថែមពីនេះ ដាក់ចេញនូវគោលការណ៍ណែនាំ វិធានការនានា និង ផែនការសកម្មភាពចាំបាច់ ដើម្បីអនុវត្តយុទ្ធនាកាឲ្យមានប្រសិទ្ធភាព សំដៅរួមចំណែកលើកកម្ពស់សមត្ថភាពស្ថាប័ន ក្នុងការបម្រើសេវាយុត្តិធម៌ឲ្យបានល្អប្រសើរ និងរួមចំណែកកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ និងតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធនាការនានា។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ធ្លាប់ឲ្យដឹងថា បច្ចុប្បន្ន កម្ពុជា មានអ្នកជាប់ឃុំសរុបជិត៤ម៉ឺននាក់ ដោយក្នុងនោះស្ត្រីមានចំនួនជាង២ពាន់នាក់។

លោកថា ចំនួនអ្នកជាប់ឃុំច្រើននេះ ដែលធ្វើឱ្យពន្ធនាគារមានភាពចង្អៀតណែនយ៉ាងខ្លាំង ដោយអ្នកជាប់ឃុំ២ភាគ៣ជាបទល្មើសគ្រឿងញៀន ហើយអ្នកជាប់ឃុំច្រើនលើសលប់នៅមិនទាន់កាត់ក្តីឬ ជំនុំជម្រះក្តីនៅឡើយ។ លោកក៏ធ្លាប់ជំរុញឱ្យមានការដោះស្រាយបញ្ហាអ្នកជាប់ឃុំចង្អៀត និងបញ្ហាកកស្ទះសំណុំរឿងនេះផងដែរ។

ក្រៅពីបញ្ហាកកស្ទះសំណុំរឿងនៅតាមសាលាដំបូងដែលមិនទាន់ជំនុំជម្រះក្តីនេះ ក៏នៅមានបញ្ហាប្រឈមសម្រាប់អ្នកទោស ដោយពួកគេខ្លះត្រូវបន្តឃុំខ្លួនលើសពេលកំណត់ព្រោះតែគ្មានសាលក្រមស្ថាពរពីតុលាការ ដែលធ្វើឱ្យអ្នកជាប់ឃុំបន្តជាប់ក្នុងពន្ធនាគារដោយខុសច្បាប់បន្ថែមទៀត។

សង្គមស៊ីវិលកន្លងមកធ្លាប់ជំរុញទៅស្ថាប័នពាក់ព័ន្ធ ឱ្យមានការពិចារណាលើសំណុំរឿងខ្លះដែលមិនចាំបាច់ឃុំខ្លួន ឬត្រូវដោះលែងពួកគេឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ បន្ថែមពីនេះ បញ្ហាស្ត្រីជាប់ឃុំដែលមានកូនតូចនៅជាមួយ គប្បីពិចារណាពន្លឿននីតិវិធីរឿងក្តីពួកគេឱ្យឆាប់ចប់ឬ ដោះលែងឱ្យពួកគេអាចបានមកនៅក្រៅពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីបញ្ចៀសភាពចង្អៀតណែនក្នុងពន្ធនាគារ កាត់បន្ថយការចំណាយរបស់រដ្ឋ និងអាចឱ្យពួកគេមានឱកាសជួយដោះស្រាយបញ្ហាជីវភាពគ្រួសារជាដើម៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស