33 C
Phnom Penh

សកម្មជនព្រៃឈើថា ការទប់ស្កាត់បទល្មើសនៅតំបន់ព្រៃឡង់នឹងមិនមានប្រសិទ្ធភាពទេ ប្រសិនបើគ្រាន់តែសង់ស្នាក់ការបន្ថែមនោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជនការពារព្រៃឈើលើកឡើងថា គម្រោងសង់ស្នាក់ការ                សំខាន់ៗនៅតំបន់ព្រៃឡង់ពីសំណាក់ក្រសួងបរិស្ថាន នឹងមិនអាចជួយការពារ ឬទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃមួយនេះបានឡើយ ប្រសិនបើរាជរដ្ឋាភិបាលមិនអាចលុបបំបាត់អំពើពុករលួយបាន។ ការលើកឡើងនេះ នៅបន្ទាប់ពីរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សៅ សុភាព បានចុះពិនិត្យទីតាំងជុំវិញព្រៃឡង់ ភូមិសាស្ត្រខេត្តកំពង់ធំ និងព្រះវិហារកាលពីសប្តាហ៍មុន។

លោកបានលើកឡើងក្នុងទំព័រហ្វេសប៊ុកក្រសួងថា ការចុះពិនិត្យតំបន់ព្រៃឡង់ ក្នុងគោលដៅស្វែងរកទីតាំងសមស្រប សម្រាប់សាងសង់ទីស្នាក់ការរួមមួយ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់»នេះតែម្តង។

លោក បានបញ្ជាក់ថា ស្នាក់ការនេះ នឹងប្រើប្រាស់ជាកន្លែងប្រមូលផ្តុំនូវធនធាន បច្ចេកទេស ការអនុវត្តន៍ច្បាប់ ការគ្រប់គ្រងកម្លាំងការពារ ល្បាតប្រចាំការ និងអន្តរាគមន៍លើបទល្មើសធនធានធម្មជាតិ ដែលអាចកើតឡើងនៅក្នុងតំបន់ការពារធម្មជាតិនេះ ហើយដែលផ្តល់លទ្ធភាពឱ្យមានការចូលរួមពីក្រសួង ស្ថាប័ន និងដៃគូសហការផ្សេងទៀត។

ទោះបីជាយ៉ាងនេះក្តី សកម្មជនការពារព្រៃឈើ លោកហេង ស្រស់ បានអះអាងថា  គម្រោងសាងសង់ស្នាក់ការសំខាន់ៗមួយចំនួន ឬស្នាក់ការរួមនៅតំបន់ព្រៃឡង់ នឹងមិនមានប្រសិទ្ធភាពនោះទេ។

លោកថាមិនមានប្រសិទ្ធភាព ព្រោះតាមរយៈការចុះស្រាវជ្រាវរបស់លោកនៅតំបន់ព្រៃឡង់កន្លងមក បទល្មើសកាប់បំផ្លាញព្រៃឈើ គឺកើតចេញពីការបើកដៃឱ្យជនល្មើសឬឈ្មួញ ពីសំណាក់មន្ត្រីអាជ្ញាធរពាក់ព័ន្ធមួយចំនួន ក្រោមទម្រង់នៃអំពើពុករលួយ។

លោកបន្តថាដើម្បីការពារតំបន់ព្រៃឡង់និងទប់ស្កាត់បទល្មើសឱ្យមានប្រសិទ្ធភាព ត្រូវអនុវត្តន៍គោលការណ៍លុបបំបាត់អំពើពុករលួយជាមុន ហើយធ្វើការងារដោយឆន្ទៈពិតប្រាកដ។ បន្ថែមពីនេះ អនុវត្តច្បាប់ទៅលើជនល្មើស ឬអ្នកបើកដៃឱ្យជនល្មើសកាប់បំផ្លាញព្រៃឈើខ្មែរឱ្យបានតឹងរ៉ឹង ហើយបើកទូលាយឱ្យអង្គការសង្គមស៊ីវិល ប្រជាសហគមន៍មូលដ្ឋាន ដើម្បីចូលរួមក្នុងកិច្ចការពារធនធានធម្មជាតិតំបន់ព្រៃឡង់ឱ្យបានប្រសើរជាងពេលបច្ចុប្បន្ន។

ប៉ុន្តែប្រសិនបើរដ្ឋាភិបាលនៅតែអនុវត្តផែនការគាបសង្កត់អង្គការសង្គមស៊ីវិល ប្រជាសហគមន៍ ក្រោមហេតុផលអនុវត្តច្បាប់ដូចពេលបច្ចុប្បន្នលោកថា ការងារអភិរក្សធនធានធម្មជាតិតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ នឹងមិនទទួលបានជោគជ័យឡើយ។

លោកថា ការគ្រោងសង់ស្នាក់ការកណ្តាលឬស្នាក់ការសំខាន់ៗនោះ ប្រហែលមិនមែនដើម្បីទប់ស្កាត់ជនល្មើសទេ ប៉ុន្តែអាចដាក់ដើម្បីហាមឃាត់ពលរដ្ឋសហគមន៍ដែលមានបំណងចុះល្បាតព្រៃ ការពារធនធានធម្មជាតិតំបន់នេះច្រើនជាង។

កាលពីខែឧសភាឆ្នាំ ២០១៦ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើតដែនជម្រកសត្វព្រៃ«ព្រៃឡង់» ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តចំនួន៤ គឺខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែង ដែលមានផ្ទៃដីសរុបជាង៤៣ម៉ឺនហិកតា(៤៣១ ៦៨៣)៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស