នេះមិនមែនជា លើកដំបូងទេ ដែលនាវាល្បាតរបស់ចិន បានព្យាយាមចូលទៅគៀកនឹងកោះជាច្រើននៅក្នុងដែនទឹករបស់ជប៉ុន ចាប់តាំងពីសង្រ្គាមលោកលើកទី២ ដែលជប៉ុនចាញ់សង្រ្គាមលោកលើកទី២មកនោះ។ ជាថ្មីម្ដងទៀតកាសែតជប៉ុន The Japan times បានបន្តចុះផ្សាយនៅថ្ងៃទី១២ ឧសភានេះថា ឆ្មាំយាមឆ្នេរសមុទ្រប្រទេសជប៉ុន បានឃើញកប៉ាល់ចិនឈ្មោះ Haijing ចំនួន៤គ្រឿងបានបរដេញតាមទូកនេសាទជប៉ុនកាលពីថ្ងៃទី៩ ខែឧសភា។
ដោយមិនញញើតនឹងមហាយក្សចិន កងទ័ពជើងទឹកជប៉ុនបានបញ្ជូននាវាចម្បាំងទៅកាន់ទីនោះភ្លាម ដោយមានយន្តហោះចម្បាំងមកជាមួយផង។
ការប្រឈមដាក់គ្នានេះ គឺស្ថិតនៅម៉ោងប្រមាណ៤ព្រឹកព្រលឹមនៅថ្ងៃដដែល នោះខណៈប្រជានេសាទជប៉ុនចាប់ផ្ដើមធ្វើការនេសាទនៅលើដែនទឹកនៃប្រជុំកោះ សែន កាគុ។
ការប្រឈមមុខដាក់គ្នានេះ ធ្វើឡើងប្រមាណជាង៥០នាទី នៅពេលដែលកប៉ាល់ចិនចាប់ផ្ដើមដេញទូកនេសាទជប៉ុនអោយឃ្លាតឆ្ងាយ រយៈចម្ងាយ១២គីឡូម៉ែត្រពីទីតាំងដែលនាវាចិន កាន់កាប់។
បន្ទាប់មកកងនាវាល្បាតសមុទ្ររបស់ជប៉ុនក៏ទទួលបានការបញ្ជាតាមរលកវិទ្យុអោយចេញនាវា ទៅព្រមានចិន និងបណ្ដេញទូកនេសាទចិនអោយចេញពីទីនោះជាបន្ទាន់។ ស្របពេលគ្នានេះ យន្តហោះប្រតិកម្មរបស់ជប៉ុន មួយគ្រឿងក៏បានហោះអមនាវារបស់ខ្លួនផងដែរ។ មិនយូរ ប៉ុន្មានស្រាប់តែ នាវាចិនបើកចេញពីទីនោះតែម្តង។
ឆ្មាំសមុទ្រជប៉ុនបានប្រាប់កាសែតជប៉ុន The Japan times ទៀតថា ការប្រឈមដាក់គ្នានេះមិនបានបង្ករ រឿងរ៉ាវអោយមានការប៉ះទង្គិចគ្នាខ្លាំងក្លាទេ ព្រោះនាវាចិន ក៏បានចាកចេញពីទីនោះភ្លាមដែរ។
ក្រោយពីទទួលបានសេចក្ដីរាយការណ៍នេះហើយជប៉ុនតាមរយៈអគ្គនាយកនៃអគ្គនាយករដ្ឋទទួលបន្ទុកកិច្ចការសមុទ្រ នៃក្រសួងការបរទេសលោក Shigeki Takizaki បានហៅទូរស័ពទៅកាន់ស្ថានទូតចិននៅក្រុងតូក្យូដើម្បីសួរនាំលើរឿងនេះ។
មិនតែប៉ុណ្ណោះ ក្រសួងការបរទេសជប៉ុនក៏បានហៅទូរស័ព្ទទៅកាន់ ទៅកាន់ក្រសួងការបរទេសរបស់ចិនដើម្បីប្រាប់ថា មាននាវាចិន បានបើកចូលដែនទឹករបស់ជប៉ុន ។
ម្ដុំដែនកោះដែលមានជម្លោះនោះ គឺជប៉ុនហៅថា Senkaku តែសម្រាប់ចិនហៅឈ្មោះថា Diaoyu គឺជាកន្លែងប្រទាញប្រទង់គ្នាជាខ្លាំងរវាងប្រទេសទាំងពីរក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ ខណៈចិនក៏បានបង្ករភាពតានតឹង ដើម្បីកាន់កាប់សមុទ្រចិនខាងត្បូងផងដែរ។
ជាការកត់សម្គាល់ នេះជាលើកទី៩ហើយក្នុងឆ្នាំ២០១៩ និង២០២០នេះដែលកប៉ាល់របស់ចិនបើកចូលដែនទឹករបស់ជប៉ុន។ កន្លងមករដ្ឋាភិបាលជប៉ុនក៏បានតវ៉ាចំពោះសកម្មភាពនាវាល្បាតរបស់ចិនដែលបានបើកល្បាត ឃ្លាំមើលដូចជាទីនោះ ជាទឹកដីអាណាព្យាបាលរបស់ចិន។
ជប៉ុនចាត់ទុកជាទង្វើនេះកំពុងបំពានដល់អធិបតេយ្យរបស់ខ្លួន ហើយក្រុងតូក្យូតែងតែបង្ខំឱ្យនាវា ចិនចាកចេញពីដែនទឹករបស់ខ្លួនជាបន្ទាន់ គឺមិនដូចប្រទេសវៀតណាម ហ្វីលីពីន ម៉ាឡេស៊ីនោះទេ ដែល បានត្រឹមតែសំឡឹងសំឡក់ ដោយឈឺចាប់នៅពេលនាវាចិន រំលោភដេញពន្លិចទូកនេសាទរបស់ខ្លួន ។
កប៉ាល់ល្បាតរបស់ជប៉ុនដែលបំពាក់ដោយកាំភ្លើងយន្ត ក៏បានដេញកប៉ាល់ល្បាតរបស់ចិន និងបានដាក់ពង្រាយកប៉ាល់ជាច្រើនបន្ថែមទៀតនៅទីនោះហើយ នាវាចិន ក៏បានបើកចេញពីទីនោះ។
ដែនទឹកនៃប្រជុំកោះសែនកាគុនៃសមុទ្រចិនខាងកើតដែលពុំមានមនុស្សរស់នៅគឺជាជម្រកធនធាននេសាទ បានក្លាយជារឿងរ៉ាជម្លោះរវាងចិន និងជប៉ុន ជាច្រើនទសវត្សមកហើយ។ ប៉ុន្តែមួយរយៈពេល ចុងក្រោយនេះ ទំនាក់ទំនងប្រទេសទាំងពីរហាក់ក្ដៅផងត្រជាក់ផង។
លោកនាយករដ្ឋមន្រ្ដីជប៉ុនស៊ីនសូអាបេបានទៅធ្វើទស្សនកិច្ចនៅប្រទេសចិនដល់ទៅពីរដងនៅឆ្នាំ២០១៨ ហើយគ្រោងរៀបចំ ឱ្យលោកស៊ីជីងពីងមកធ្វើទ្សនកិច្ចនៅប្រទេសជប៉ុនវិញម្ដងក្នុងឆ្នាំ២០២០នេះគឺក្នុងខែមេសា ប៉ុន្តែត្រូវបានខកខានដោយសារតែកូវីដ១៩រាតត្បាតខ្លាំងពេក។
កោះ Diaoyu ឬSenkaku រួមបញ្ចូលកោះតូចៗចំនួនប្រាំ។ កោះនោះមានទំហំ១៧០០ហិចតា ។ ជប៉ុនអះអាងថានេះជាដែនកោះរបស់ខ្លួនដោយផ្អែកលើសន្ធិសញ្ញាសង់ហ្វ្រង់ស៊ីស្កូដែលអាមេរិកប្រគល់ជូនឱ្យខ្លួនវិញក្នុងឆ្នាំ១៩៧២។
មួយរយៈចុងក្រោយដែលចិនងើបខ្លួនពីការជាសះស្បើយពីកូវីដ ចិនបង្ហាញអានុភាព របស់ខ្លួននៅតំបន់សមុទ្រអាស៊ីប៉ាស៊ីហ្វិកគឺទៅលើសមុទ្រចិនខាងត្បូងដោយចេញមុខប្រឈមនឹង ប្រទេសវិវាទដូចជាវៀតណាម ហ្វីលីពីន និងម៉ាឡេស៊ីដែលឈានដល់ការដេញបុកពន្លិចទូកនេសាទប្រទេសវៀតណាម និងចាប់ខ្លួនអ្នកនេសាទ។ ប្រទេសទាំងបីនេះបានត្រឹមតែផ្ញើកំណត់ទូតតវ៉ាតែប៉ុណ្ណោះ។
បើនិយាយរួមទៅទំនាក់ទំនងរវាងប្រទេសជប៉ុន និងចិន មានការរង្គោះរង្គើតាំងពីឆ្នាំ២០១២មក នៅពេលដែលជប៉ុនប្រកាន់យកកាន់តែខ្លាំងថាប្រជុំកោះសែនកាគុ គឺជាដែនកោះរបស់ខ្លួនខណៈចិននៅតែ ប្រកាន់ថា កោះទាំងនោះជារបស់ខ្លួនដែលបានបាត់ដោយសង្រ្គាមលោកទី២ ហើយបាត់ទៅជប៉ុននៅពេលចុងក្រោយនេះ គឺដោយសារជប៉ុនពង្រីកការវាតទីដែនទឹកពិភពលោកព្រោះអាមេរិកនៅពីក្រោយមហិច្ឆតារបស់ជប៉ុន៕