34 C
Phnom Penh

នយោបាយចិត្តសាស្រ្តទន់ខ្សោយរបស់ខ្មែរដែលតែងបរ៉ាជ័យចំពោះសត្រូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧស្សាហជន សកម្មជននយោបាយខ្មែរខ្លះតែងពោលថា គ្មាននរណាស្គាល់ខ្មែរ ស្រ ឡាញ់ខ្មែរជាងខ្មែរដូចគ្នាទេ។ រឿង នេះអាចពិតខ្លះ មិនពិតខ្លះ បើយើងគិតរឿងថា មនុស្សលោកមិនដូចគ្នា ទាំងចិត្តទាំងគំនិត ទោះ ជាបងប្អូនបង្កើតយ៉ាងណាក៏ដោយនោះ។

ការសង្កេត គយគន់ តាមដាន សិក្សា វិភាគ ពិចារណា ពិសោធន៍ក្នុងជីវិតរវាងខ្មែរយើងដូចគ្នា បានបង្ហាញឲ្យឃើញថា បុគ្គលខ្លះនិយាយស្តីមិនសូវផ្អែកលើការពិតជាក់ស្តែង លាតត្រដាង វែកញែក ពន្យល់ឲ្យក្បោះក្បាយក្នុងរឿងអ្វីមួយប្រកបដោយភាព ប្រាកដនិយម  អង់  គ្លេសហៅថា realism នោះទេ។ នេះជាពិសោធន៍ផ្ទាល់ជាង ៥០ឆ្នាំរបស់ខ្ញុំកន្លងមកផ្តោតលើបញ្ហាខ្មែរ។

ការសន្ទនាគ្នារបៀបប្រជាធិបតេយ្យសេរីក្នុងកិច្ចប្រជុំក្តី ក្រៅកិច្ចប្រជុំក្តី ផ្លូវការក្តី ក្រៅផ្លូវការក្តី គេច្រើនតែនិយាយស្តីយោងតាមគំនិត ទស្សនៈ យោបល់ផ្ទាល់ខ្លួនម្នាក់ៗ ដែលបង្ហាញឲ្យឃើញថា គេចេះដឹងត្រឹមប៉ុណ្ណឹង។ បើយោងតាមគំនិត ទស្សនៈ និង យោបល់ផ្ទាល់ៗខ្លួនរបស់មនុស្សម្នាក់ៗ  មនុស្ស១០នាក់ គំនិត ទស្សនៈ យោបល់ ១០ មនុស្ស១០០នាក់ គំនិត ទស្សនៈ យោបល់១០០។

ម្នាក់ចេញមកថាមានតែអញ ម្នាក់ទៀតថាអញដែរ ម្នាក់ទៀតថាអញមួយដែរ គឺសម្បូរណ៍តអញ។ ទីបំផុត អញ កុះក ដូច្នេះ អញដោយអញឯងដោយឯង បែកខ្ញែកអស់។ ទៅមុខជាតម្រុយខ្លះ ក្រែង លោគំនិត ទស្សនៈ យោបល់១០ឬ១០០ អាចនឹងបង្រួមមកនៅត្រឹមតែ១ តាមព្រះពុទ្ធឱវាទអំពីមាគ៌ាត្រូវ៨យ៉ាង ហៅថា អដ្ឋង្គិកមគ្គ ដែលអាចឲ្យខ្មែររួប រួមនាំគ្នាប្រតិបត្តិតាមគោលការណ៍ គោលគំនិតឯកគតិតម្រង់គោលដៅទៅរកប្រយោជន៍រួម ឬ ប្រយោជន៍ជាតិប្រកបដោយជោគជ័យ។

មាគ៌ា ឬ ផ្លូវត្រូវ៨យ៉ាងនោះ មាន៖ សម្មាទិដ្ឋិ ការយល់ឃើញត្រូវ; សម្មា សង្កប្បៈ ការត្រិះរិះត្រូវ; សម្មាវាចា ការនិយាយស្តី ការប្រើសម្តីត្រូវ; សម្មាកម្មន្តៈ ការងារត្រូវ (ឬធ្វើការងារត្រូវ); សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ (ឬរកស៊ីត្រូវ); សម្មាវាយមៈ ព្យាយាមត្រូវ; សម្មាសតិ ការរឭកត្រូវ ឬ ស្មារតីត្រូវ; សម្មាសមាធិ សមាធិត្រូវ។

ពុទ្ធសាសនិកជនគ្រប់រូប មិនមែនអ្នកបួស ឬ បព្វជិត សមណៈ លោកនេន ឬ លោកភិក្ខុ យ៉ាងហោចក៏អាចប្រកាន់ផ្លូវត្រូវបាន៤ឬ៥ដែរ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ បើមិន បានទាំង៨ ជាពិសេស ការយល់ឃើញត្រូវ ការត្រិះរិះត្រូវ ការប្រើសម្តីនិយាយស្តីត្រូវ ការប្រកបការងារត្រូវ ការព្យាយាមត្រូវ។

ប៉ុន្មានប្រការនេះ អាចបញ្ចៀសបាននូវ លោភៈ ទោសៈ មោហៈ ឬ អវិជ្ជា ដែលតាមធម៌ព្រះពុទ្ធសាសនា ជាឫសគល់នៃទុក្ខ គឺក្លាយពីអំពើ ឬ កម្ម ចេញជាផលឲ្យឃើញនូវភាពអសីលធម៌ អយុត្តិធម៌ អសមធម៌ អសប្បុរសធម៌ អមនុស្សធម៌ដល់មនុស្សក្នុងសង្គមជាតិឥតស្រាកស្រាន្ត។ ខ្មែរយើងចេះប្រើពាក្យ ប្រជាធិបតេយ្យ សឹងតែគ្រប់គ្នា ប៉ុន្តែ ដូចជាមិនទាន់ដឹង មិនទាន់យល់អំពីរបៀបអនុវត្តដូចម្តេចមែនទែននោះឡើយ។

ស្រុកជឿនលឿន គេអនុ ញ្ញាតឲ្យមានគំនិត ទស្សនៈ យោបល់១០០ ប៉ុន្តែ ពេលណានិយាយប៉ះដល់ប្រយោជន៍រួម គឺប្រយោជន៍ជាតិ ជាកំពូល គេព្រមបង្រួមឲ្យនៅគំនិតតែមួយ ហើយរួបរួមគ្នាយកគំនិតនោះអនុវត្តឲ្យសម្រេចគោលដៅ។

អ្នកដែលចង់ដឹកនាំគេ ឬ អ្នកចង់ឲ្យគេដើរតាម អ្នកដែលនិយាយចង់ឲ្យគេស្តាប់គេជឿ ទោះជាបណ្ឌិតក្តី មិនមែនបណ្ឌិតក្តី តោងចៀសវាងការប្រើសម្តីបែប អត្តុក្កង្សនកថា ឬ សម្តីលើកខ្លួនឯង សម្តែងឫទ្ធិឥតនរណាដល់ខ្លួន ហៅសាមញ្ញថា អំនួតកប់ពពក។

ពាក្យថា បណ្ឌិត ដែលមានន័យផ្ទុយពីពាក្យ ពាល គឺជា អ្នកប្រាជ្ញខាងផ្លូវសុចរិតយុត្តិធម៌ អ្នកប្រព្រឹត្តល្អកាន់សុចរិតធម៌យ៉ាងតិច១០ប្រការ អ្នកមានចំណេះជ្រៅជ្រះ វៃឈ្លាស អ្នកមានចរិយាមារយាទត្រឹមត្រូវ។ ហេតុនេះហើយបានជាអ្នកបួសហើយសឹក លាចាកផ្នួសថ្មីៗ គេហៅថាបណ្ឌិតដែរ ដែលក្រោយមកហៅក្លាយថា បន្ទិត ឬ អន្ទិតៗ ព្រោះពុទ្ធសាសនិកជនយល់ថា អ្នកបួស គឺអ្នករៀនចេះដឹងខុសត្រូវ អាក្រក់ល្អ សខ្មៅ ចរិតមារយាទត្រឹមត្រូវ។ បើមិនដូច្នោះទេ បណ្ឌិត នឹងក្លាយជាបណ្ឌិតមានះ ឬ ពាលទៅវិញហើយ។ ខ្មែរនៅតែដើរតាមបុគ្គល មិនដើរតាមបុព្វហេតុប្រយោជន៍រួមទេ។

សម័យមុនក្តី សម័យនេះក្តី អ្នកខ្លះនិយាយស្តីគ្មានអ្វីជាសំអាង និយាយតាមការនឹកឃើញ ការយល់ឃើញរបស់ខ្លួន យកតែឈ្នះ ដើម្បីប្រយោជន៍ខ្លួនឯង ហើយអះអាងថាជាការពិត បង្កឲ្យគេជឿស្លុងលើផ្លូវខុសគឺ ហៅថា មិច្ឆាមគ្គ។ ជនដែលនិយាយស្តីតាមនឹកឃើញ មិនទទួលខុសត្រូវចំពោះសម្តីរបស់ខ្លួនឡើយ គឺគេព្យាយាមដោះសា រកលេសកែសម្រួល កែតម្រូវគ្រប់លើក។ គេចង់ចេញចង់ចូលតាមគេថាតាមគេយល់។

រីឯអ្នកដែលគាំទ្រ ដើរតាមបុគ្គល មិនដើរតាមបុព្វហេតុគោលការណ៍ គោលគំនិតរួមនោះវិញ គេចេញមុខមកការពារវីរបុរសរបស់គេប្រកបដោយលក្ខណៈមនុស្សមិច្ឆា គឺមនុស្សយល់តែខាងខុស មនុស្សឆ្វេងទាំង ស្រុង ឥតប្រើវិចារណញ្ញាណ គិតរកហេតុ ផលអ្វីទាំងអស់ គឺប្រព្រឹត្តតាមតែមិច្ឆាចាររបស់ខ្លួនតែម្តង។

មានអ្នកខ្លះ ចេញមុខជេរគេជេរឯងប្រមាថអ្នកបង្ហាញកំហុសវីរបុរសរបស់ខ្លួន ជំនួសមេកើយរបស់ខ្លួនបែបព្រៃផ្សៃ គ្មានការអប់រំដិតដល់ ហើយនៅតែតាំងខ្លួនជា ខ្មែរកាន់ព្រះពុទ្ធសាសនា។

យើងគិតថា សម្តីបែបនោះ បន្ទាបបន្ថោកជាតិសាសន៍និងព្រះពុទ្ធសាសនាទៅវិញទេ។ អ្នកចេញមុខធ្វើបិសាចជំនួសមេកើយរបស់គេ មានខ្លះមកពីការស្រឡាញ់ស៊ប់ផ្កាប់មុខ មានខ្លះមកពីការបានទទួលផលប្រយោជន៍រស់ដោយសារមេកើយ ខ្លួន មានខ្លះស្ម័គ្រចិត្តស៊ីឈ្នួល លក់ឧត្តមគតិ លក់ខ្លួនដាច់ថ្លៃបម្រើគេដោយដើរក្នុងគន្លងផ្លូវ ខុស ឬ មិច្ឆាមគ្គ។

ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ឬ ដើម្បីបម្រើមហិច្ឆិតាបុគ្គលណាម្នាក់ដែលឲ្យលាភសក្ការៈដល់ខ្លួនគួរជាទីគាប់ចិត្តនោះ ខ្មែរយើងខ្លះចូលរួមដៃរួមគំនិតជាមួយជនទុច្ចរិតបំផ្លាញជាតិ សាសនារបស់ខ្លួន បំពងសម្លេងលើកតម្កើងបក្ស ពួករបស់គេឥតបែងចែករឿងខុសរឿងត្រូវ។ ស្លាប់អ្នកណាស្លាប់ចុះ ឲ្យតែរស់ក្រុមអញ!

មានខ្មែរមួយចំនួនខ្លះ ដើរផ្សាយលាន់ឮរំពងថា ស្អប់ខ្ពើមអំពើរំលោភ ជិះជាន់ ពុក រលួយ មិនគោរពសិ ទ្ធិមនុស្ស សិទ្ធិសត្វ មិនគោរពច្បាប់ទម្លាប់ បំផ្លាញធនធានធម្ម ជាតិ រំលាយលទ្ធិប្រជាធិបតេយ្យ ប្រទេចផ្តាសារបបផ្តាច់ការ សង្កត់សង្កិនប្រជាពល រដ្ឋខ្មែរស្ទើររាល់ថ្ងៃ ហើយខំស្វែងប្រមែប្រមូលមនុស្សឲ្យចូលរួមដើម្បីទៅដក ទៅដូរ ទៅផ្លាស់អ្នកដឹកនាំចាស់ចេញ ដាក់អ្នកដឹកនាំថ្មី។ មិនយូរប៉ុន្មានក្រោយមក ក៏គេឃើញអ្នកប្រឆាំងទាំងនោះនាំគ្នាត្រសងចូលទៅរួមរស់ជាមួយរបបផ្តាច់ការដែលខ្លួនស្អប់ខ្ពើមនោះទៅវិញ។ តើប្រុងដូរគេរបៀបណា បើអ្នកខ្លះមានទ្រព្យសម្បត្តិ ភូមិគ្រឹះ ដីចំការ ដីទិញទុករាប់សិបហិកតារនៅស្រុកខ្មែរនោះ?

មានខ្មែរមួយចំនួនខ្លះទៀត ប្រកាសខ្លួនថា ស្នេហាជាតិ ស្រឡាញ់ជាតិខ្មែររហូតស្លាប់ខ្លួន អាណិតជាតិ មាតុ ភូមិខ្លោចចិត្ត ចង់សង្រ្គោះ ស្រោចស្រង់ប្រទេសជាតិ ប៉ុន្តែ រកផ្លូវត្រូវមិនឃើញ ហើយធ្វើឲ្យប្រជាពលរដ្ឋខ្មែរដើរតាមគេនោះ រងគ្រោះជាប់គុក រត់ ចោលស្រុក ឬ ស្លាប់រាប់មិនអស់។ មានករណីខ្លះ អ្នកដឹកនាំឆោត មានករណីខ្លះ អ្នក ដឹកនាំបម្រើប្រយោជន៍ផ្ទាល់ខ្លួន និង ប្រយោជន៍បច្ចាមិត្ត ហើយបន្លំខ្លួនបំភ័ន្តភ្នែកពលរដ្ឋខ្មែរថាជួយជាតិ។ មានករណីខ្លះ សត្រូវរបស់ខ្មែរបង្កើតបណ្តាញស្នេហាជាតិ ឬ ជាតិនិយមក្លែងក្លាយទាំងក្នុងទាំងក្រៅប្រទេសជាក្រុមប្រឆាំងនឹងរបបបច្ចុប្បន្ន ដូចកាលឆ្នាំ១៩៧៩−១៨០ ដើម្បីអូសទាញខ្មែរស្នេ ហាជាតិប្រាកដប្រជាឯទៀត ដែលកំពុងក្តៅក្រហាយ ឈឺឆ្អាល ខ្វល់ខ្វាយរឿងជាតិ ហើយមិនដឹង មិនយល់ មិនគិត ល្អិតល្អន់អំពីចេតនា ព្រមទាំងយុទ្ធវិធីអ្នកដឹកនាំនោះ ឲ្យចូលអន្ទាក់ជាបន្តបន្ទាប់អស់ពីប្រទេស។

តើអំពើ ទង្វើ និង សកម្មភាពរបស់អ្នកដឹកនាំបែបហ្នឹង មិនធ្វើឲ្យខ្មែរបាត់ បង់ជំនឿ បាត់បង់សាមគ្គីភាព ឯកភាពជាតិទេឬ? តើចោទអ្នកណាបំបែកអ្នកណា? ព្រះពុទ្ធអប់រំថា កម្ម ផល អាស្រ័យមនុស្សអ្នកធ្វើ។

បច្ចាមិត្តរបស់ខ្មែរ គេបង្រៀនមនុស្សឲ្យចេះសិល្បៈនិយាយស្តី ពូកែនិយាយជារបៀប អត្តនោមត្យាធិប្បាយគឺការបកស្រាយដោយការយល់ឃើញខ្លួនឯង ក្រៅពីសំនួនក្នុងក្បួនបែបបទ។ គេបង្កើត បង្វែងរឿងហេតុ ឲ្យសមរម្យ ពោលទៅគេស្តាប់ គេជឿបាន។ នេះជាវិធីសាស្រ្តកុម្មុយនិស្តផ្តាច់ការនិយមប្រើក្តាប់អំណាច។ 

ចំណុចខ្សោយមួយរបស់ខ្មែរយើង គឺត្រង់ មិនស្គាល់មិត្ត មិនស្គាល់សត្រូវច្បាស់។ អ្នកខ្លះ ចាត់ទុកអ្នករិះគន់ មិនបានគាំទ្រខ្លួន ថា សត្រូវរបស់ខ្លួន។ តាមពិត សត្រូវពិត នៅក្បែរៗខ្លួននោះឯង ប៉ុន្តែ គេមើលមិនស្គាល់។ ចំណុចខ្សោយមួយទៀតរបស់ខ្មែរ គឺត្រង់ មិនចង់ដឹងរឿងខុសពីខ្លួនដឹង មិនពិចារណារឿងហេតុ ទាំងបច្ចុ ប្បន្នកាល ទាំងអតីតកាល។

សម័យសង្គមរាស្រ្តនិយម បច្ចាមិត្តខ្មែរនៅក្បែរៗសម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ទាំងខ្មែរ ទាំងបរទេស ដែលមិនបម្រើប្រយោជន៍ជាតិខ្មែរ។ សម័យសាធារណ រដ្ឋខ្មែរ នាហ្មឺន មន្រ្តី នាយទាហានក្រោមឱវាទលោកសេនាប្រមុខ លន់ នល់ នៅមានភក្តីភាពជាមួយសម្តេចឪ លួចឲ្យការណ៍ឲ្យព័ត៌មាន លក់បរិក្ខាពេទ្យ ស្បៀងអា ហារឲ្យទ័ពព្រៃយៀកកុង−យួនខាងជើង និង ខ្មែរក្រហម។

សម័យកម្ពុជាប្រជាធិបតេយ្យ ឬ ខ្មែរក្រហម ដឹកនាំដោយ សមមិត្ត ប៉ុល ពត កម្មាភិបាលជាន់ខ្ពស់ជុំវិញ ប៉ុល ពត ជាមនុស្សរក្សាភក្តីភាពចំពោះមេដឹកនាំយួនហាណូយ។ សម័យរាជាណាចក្រទី២ ដឹកនាំដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន ម្នាក់ឯងនេះ ក៏មានខ្មែរនិយមយួន ខ្មែរនិយមចិន បញ្ចេញព័ត៌មានទៅក្រៅដែរ។ រីឯ ខ្មែរជាតិនិយមសុខចិត្តក្បត់ប្រយោជន៍ ជាតិខ្លួន សុំរស់នៅបែប អត្តសន្និយាតន៍ ឬ ការប្រគល់ខ្លួនឲ្យនៅក្នុងអំ ណាចគេ សុំតែសុខ សុំស៊ីសប្បាយជាមួយអ្នកដឹកនាំផ្តាច់ការទុកបរទេសជាអាណាព្យាបាល ព្រោះតែបាននបុណ្យបានសក្តិ លុយកាក់ មុខមាត់ ទ្រព្យសម្បត្តិក្នុងរបបហ្នឹង។ រឿងចិនសង់មូលដ្ឋានយោធានៅខេត្តមាត់ សមុទ្រ មិនមែនខ្មែរជាអ្នកបញ្ចេញទៅក្រៅទេ។

បើខ្មែរគ្រប់រូប ចង់សង្រ្គោះ ចង់ស្រោចស្រង់ជាតិមាតុភូមិ ចង់លើកកំពស់តម្លៃវប្ប ធម៌ ប្រពៃណី ទំនៀមទំលាប់ជាតិសាសន៍ខ្មែរ ខ្មែរម្នាក់ៗ មិនថារាស្រ្តសាមញ្ញ មិនថាអ្នកនយោបាយ អ្នកដឹកនាំ ឬ សកម្មជនអ្វីទេ ដំបូងគេគប្បី ស្វែងរក រៀន យល់ការ ពិតគ្រប់សម័យកាល គិត ពិចារណា យល់ឃើញត្រូវ ត្រិះរិះត្រូវ និ យាយស្តីត្រូវ ធ្វើត្រូវ ដើរត្រូវ។ បន្ទាប់មក គប្បីបោះបង់ចោលជាប្រញាប់នូវកិរិយា ចរិយា មារយាទ សម្តីបែបមនុស្សពាលគ្មានក្តីថ្លៃថ្នូរតម្រង់ខ្មែរស្នេហាជាតិដទៃ បើខ្លួនពុំមែនជាជនពួនក្នុងខ្លួនខ្មែរទេ។

ទីបំផុត គប្បីលះបង់គំនិត អាកប្បកិរិយាបណ្ឌិតមានះ គួរស្តាប់គេស្តាប់ឯង  ស្មោះត្រង់នឹងជាតិ កុំកេងប្រវ័ញ្ច កុំរៀននិយាយហួសសមត្ថភាព លឿនលើសៗ បំផ្លើសការពិត ។ នេះក៏ជា នាយកធម៌ អាចនាំមកនូវសាម្គីភាព និង ជ័យជំនះពិត។ បើមិនកែ មិនចោលចំណុចអន់ទាំងនេះ ខ្មែរកើតពីរដងទៀត ក៏សង្រ្គោះជាតិខ្មែរមិន

បានដែរ៕ 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស