ក្រសួងសុខាភិបាលប្រកាសថា អ្នកជំងឺកូវីដ១៩ នៅសល់តែម្នាក់ទៀតប៉ុណ្ណោះ ដែលមិនទាន់ជាសះស្បើយ ដោយឡែកអ្នកជំងឺ១២១នាក់ផ្សេងទៀតគ្រូពេទ្យបានព្យាបាលឱ្យជាសះស្បើយអស់ទៅហើយ។
សេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាលនៅថ្ងៃទី១៣ ខែឧសភា ឱ្យដឹងថា មិនមានករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយអ្នកឆ្លងជំងឺនេះបានព្យាបាលឱ្យជាសះស្បើយស្ទើរតែអស់ទៅហើយ នៅឡើយសល់ម្នាក់ទៀតប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលធ្លាប់បញ្ជាក់ថា ស្ត្រីម្នាក់ដែលមិនទាន់ជាសះស្បើយនោះ គឺដោយសារគាត់មានជំងឺផ្លូវចិត្ត ដែលបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬពេទ្យរុស្ស៊ី ដើម្បីព្យាបាលបន្ត។
ត្បិតតែជំងឺនេះបានធូរស្បើយច្រើនក្តី ប៉ុន្តែរដ្ឋាភិបាលនៅមិនទាន់អនុញ្ញាតឱ្យទីតាំងមួយចំនួនបើកដំណើរការឡើងវិញទេ ដូចជាសាលារៀន ខារ៉ាអូខេ ក្លឹបកម្សាន្តជាដើមនោះ នៅបន្តពន្យារពេលបិទទ្វាដដែល ដោយរដ្ឋាភិបាលអះអាងថាស្ថានភាពជំងឺនេះនៅលើពិភពលោកមិនទាន់ចប់នៅឡើយ។
បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងសុខាបន្តអំពាវនាវឱ្យពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសឡើង ត្បិតរលកឆ្លងជំងឺនេះជាលើកទីពីរនឹងអាចផ្ទុះឡើងនៅកម្ពុជាប្រសិនបើពលរដ្ឋធ្វេសប្រហែស មិនគោរពតាមវិធានការសុខាភិបាលរបស់រដ្ឋាភិបាលដែលបានដាក់ចេញកន្លងមក។
ជំងឺកូវីដ១៩ បានផ្ទុះឡើងនៅកម្ពុជាតាំងពីខែមករា មកដល់ពេលបច្ចុប្បន្នកម្ពុជារកឃើញអ្នកឆ្លងជំងឺនេះចំនួន១២២នាក់ ដោយក្នុងនោះពលរដ្ឋខ្មែរមានចំនួន៥១នាក់ និងបរទេសចំនួន៧១នាក់។
បច្ចុប្បន្នអ្នកជំងឺ១២១នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ និងអនុញ្ញាតឱ្យវិលត្រឡប់ទៅគេហដ្ឋានវិញ នៅឡើយសល់តែស្ត្រីម្នាក់ទៀតប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី៕