26 C
Phnom Penh

សហព័ន្ធខ្មែរកម្ពុជាក្រោមអំពាវនាវឱ្យអន្តរជាតិដាក់សម្ពាធដល់ រដ្ឋាភិបាលវៀតណាមផ្តល់ដីស្រែជូនពលរដ្ឋខ្មែរក្រោមវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហព័ន្ធខ្មែរកម្ពុជាក្រោម មានក្តីបារម្ភជាខ្លាំងចំពោះសកម្មភាពអមនុស្សធម៌ របស់អាជ្ញាធរវៀតណាមក្នុងខេត្តក្រមួន ស ដែលបានប្រើកម្លាំងទាហានបង្ក្រាប និងចាប់ខ្លួនពលរដ្ឋខ្មែរក្រោមយ៉ាងឃោឃៅ កាលពីថ្ងៃទី៥ ឧសភា។

ហេតុការប្រើកម្លាំងបង្ក្រាបទៅលើពលរដ្ឋខ្មែរក្រោមនេះ កើតឡើងកាលពីថ្ងៃទី ៥ឧសភា ក្នុងឃុំភូមី ស្រុកយ៉ាងថាញ់ ខេត្តក្រមួន ស ប្រទេសវៀតណាម ដោយពលរដ្ឋខ្មែរក្រោមគ្រាន់តែទាមទារឱ្យ អាជ្ញាធរប្រគល់ដីដែលពួកគាត់ធ្លាប់អាស្រ័យផលកន្លងមក ឱ្យពួកគេវិញតែប៉ុណ្ណោះ។

ក្នុងសេចក្តីប្រកាសព័ត៌មានកាលចុងសប្តាហ៍នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានអំពាវនាវដល់សហគមន៍អន្តរជាតិ ត្រូវដាក់សម្ពាធលើអាជ្ញាធរក្រុងហាណូយឱ្យប្រគល់ដីស្រែទាំងនោះទៅពលរដ្ឋខ្មែរក្រោមដោយគ្មានលក្ខខណ្ឌ។

ប្រភពដដែលឱ្យដឹងថាអាជ្ញាធរវៀតណាម ក្នុងខេត្តក្រមួន ស បានរំលោភយកដីស្រែរាប់ពាន់ហិកតា របស់ពលរដ្ឋខ្មែរក្រោមចំនួន១៤៥គ្រួសារ បើទោះបីជាពលរដ្ឋធ្លាប់ប្តឹងទាមទារដីនោះមកវិញក្តី ប៉ុន្តែអាជ្ញាធរវៀតណាមនៅតែធ្វើព្រងើយកន្តើយអស់រយៈពេលជាច្រើនឆ្នាំ។

ដោយសារភាពក្រីក្រី និងភាពទីទាល់ក្នុងស្ថានភាពជំងឺកូវីដ១៩ ផង ពលរដ្ឋខ្មែរក្រោមទាំងនោះ គ្មានជម្រើសអ្វីផ្សេងក្រៅពីនាំគ្នាទាមទារដីរបស់ខ្លួនទាំងនោះមកវិញតែប៉ុណ្ណោះ សម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត។

ប៉ុន្តែការទាមទារកាលពីថ្ងៃទី៥ ខែឧសភា នោះ អាជ្ញាធរវៀតណាមរាប់រយនាក់បានដាក់កម្លាំងបង្ក្រាបការតវ៉ានោះ និងបានប្រើហិង្សាយ៉ាងយោឃៅទៅលើក្រុមអ្នកតវ៉ាចំនួន៤៦នាក់ ក្នុងនោះស្រី៣៦នាក់ ឱ្យរងរបួសធ្ងន់ស្រាលជាច្រើននាក់។

សហព័ន្ធខ្មែរកម្ពុជាក្រោម អះអាងថាពលរដ្ឋខ្មែរក្រោមដែលជាជនជាតិដើមទាំងនោះ បានចាត់ទុកដីស្រែថាជាអាយុជីវិត ហើយអាជ្ញាធរវៀតណាមត្រូវគោរពសិទ្ធិដីធ្លីរបស់ពួកគេ ដូចអ្វីដែលរដ្ឋាភិបាលបានយល់ព្រមគោរពតាមសេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិ ដែលខ្លួនបានអនុម័តកាលពីខែកញ្ញា ឆ្នាំ២០០៧ ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស