ព័ត៌មានជាតិ

រយៈពេលជាង១០ថ្ងៃសមត្ថកិច្ចផាកពិន័យយានយន្តល្មើសច្បាប់ជាង២ម៉ឺនគ្រឿង

By ឌឹ ខេមបូឌា ដេលី

May 14, 2020

មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថារយៈពេល១២ថ្ងៃមកនេះ គិតត្រឹមថ្ងៃម្សិលមិញ សមត្ថកិច្ចបានផាកពិន័យយានយន្ដល្មើសច្បាប់ជាង២ម៉ឺនគ្រឿង។ ក្នុងនោះ បទល្មើសលើម៉ូតូមានចំនួនជាង១ម៉ឺន៥ពាន់គ្រឿង និងមានរថយន្តជាង៥ពាន់គ្រឿង។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឆាយ គឹមខឿន បានប្រាប់សារព័ត៌មានស្និតរដ្ឋាភិបាល Fresh News ថា ក្នុងការរឹត             បន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ ៣៩ រយៈពេល១២ថ្ងៃមកនេះ ពោលគឺចាប់ពីថ្ងៃទី០១ ដល់១២ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចបានផាកពិន័យយានយន្តជាង២ម៉ឺនគ្រឿង។

កាលពីថ្ងៃទី ១៧ ខែមេសា រដ្ឋាភិបាលបានចេញអនុក្រឹត្យកែសម្រួលស្តីពីការបង្កើនប្រាក់ផាកពិន័យថ្មីនេះ ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្គាប់ឱ្យផាកពិន័យចន្លោះពី ៦ម៉ឺន ទៅ ៨០ម៉ឺនរៀល សម្រាប់បទល្មើសម៉ូតូ ខណៈអនុក្រឹត្យចាស់ឆ្នាំ២០១៥ បង្គាប់ត្រឹមចន្លោះពី ១ម៉ឺន ៥ពាន់រៀល ទៅ ៣ម៉ឺនរៀល ប៉ុណ្ណោះ។

ដោយឡែកសម្រាប់អ្នកបើកបររថយន្តវិញ ត្រូវផាកពិន័យចន្លោះពី៧ម៉ឺន ៥ពាន់រៀល ទៅ ២លាន ៤សែនរៀល ខណៈអនុក្រឹត្យចាស់ ត្រូវផាកពិន័យអ្នកបើកបរល្មើសច្បាប់ចន្លោះពី ៥ម៉ឺនរៀល ទៅ ១២ម៉ឺនរៀលប៉ុណ្ណោះ។

យ៉ាងនេះក្តី ក្នុងសន្និសីទកាសែតកាលពីថ្ងៃម្សិលមិញ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃ                       គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អ្នកស្រី មឹន មាណវី បានមានប្រសាសន៍ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងការបង្កើនប្រាក់ផាកពិន័យ គឺមិនមែនមានបំណងរកប្រាក់ចំណេញទេ។

ប៉ុន្ដែរដ្ឋាភិបាលចង់ឃើញអ្នកប្រើប្រាស់ផ្លូវទាំងឡាយ ទទួលបានសុខសុវត្ថិភាព គ្មានគ្រោះថ្នាក់ របួស និងស្លាប់ ព្រោះគ្រោះមហន្តរាយទាំងនេះ វាបានបន្សល់ទុកនូវពិការភាពស្ត្រីមេម៉ាយ ពោះម៉ាយ និងកុមារកំព្រា ដែលធ្វើឱ្យងាយធ្លាក់ក្នុងភាពក្រីក្រ។

អ្នកស្រីបញ្ជាក់ថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះធ្វើឡើងនៅទូទាំងប្រទេសទាំងផ្លូវលំ និងផ្លូវជាតិ ដោយហេតុថា គ្រោះថ្នាក់ចរាចរណ៍មិនដែលប្រកាន់ថា កើតមានតែនៅតាមផ្លូវជាតិ ឬផ្លូវកៅស៊ូនោះទេ។

យ៉ាងនេះក្តី ពលរដ្ឋ និងអ្នកឃ្លាំមើលសង្គមមួយចំនួនបង្ហាញទស្សនៈថារដ្ឋាភិបាលមិនគួរអនុវត្តច្បាប់នេះក្នុងពេលកម្ពុជាកំពុងប្រឈមបញ្ហារីករាលដាលជំងឺកូវីដ១៩ ដែលធ្វើឱ្យពលរដ្ឋរាប់សែននាក់កំពុងបាត់បង់ការងារធ្វើ និងគ្មានប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសារឡើយ។

ការបន្ថែមប្រាក់ពិន័យ និងរឹតបន្តឹងច្បាប់ចរាចរណ៍គ្រាលនេះ ប្រៀបបាននឹងការរឹតក ពលរដ្ឋ ពិសេសពលរដ្ឋក្រីក្រតែម្តង។ ពួកគេចង់ឱ្យរដ្ឋាភិបាលពន្យារពេលអនុវត្តន៍ច្បាប់នេះ ដោយថាពេលស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាលកាន់តែខ្លាំង ហើយសេដ្ឋកិច្ចពួកគេវិលមករកភាពប្រសើរវិញ ចាំអនុវត្តច្បាប់នេះក៏មិនហួសពេលដែរ។

បន្ថែមពីនេះ ពួកគេយល់ថា ការបន្ថែមប្រាក់ពិន័យ ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍នោះ នឹងមិនអាចមានប្រសិទ្ធភាព១រយភាគរយបានទេ ប្រសិនបើការអនុវត្តច្បាប់មានបក្ខមានពួកនោះ៕