33 C
Phnom Penh

ព្រឹទ្ធសភាអាមេរិកពង្រាងច្បាប់ដាក់ទណ្ឌកម្មចិនករណីកូវិដ១៩ និងការលួចទិន្នន័យវាក់សាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចិនទំនងមិនរួចខ្លួនទេ ករណីចោទថា បានបង្ករអោយមានការសាយភាយមេរោគកូរ៉ូណា ចេញពីមន្ទីរពិសោធន៍ នៅក្រុងវូហាន់ បណ្ដាលអោយឆ្លងរាលដាលពាសពេញពិភពលោក។

នៅពេលនេះចិនត្រូវបានចោទមួយករណីទៀតហើយ គឺករណីចោរលួចទិន្នន័យ វាំងសាំងរបស់អាមេរិកប្រឆាំងមេរោគកូរ៉ូណា ។ ដោយសារករណីនេះ ព្រឹទ្ធសភាអាមេរិក បានស្នើច្បាប់ពិសេស និងជាបន្ទាន់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសចិន។

សារព័ត៌មាន រុស្ស៊ី Sputnik បានចុះផ្សាយ នៅថ្ងៃទី១៣ឧសភានេះថា  សមាជិកព្រឹទ្ធសភាអាមេរិកក្រោមរដ្ឋការរបស់លោកដូណាល់ត្រាំកំពុងធ្វើសេចក្ដីស្នើច្បាប់ ដាក់ទណ្ឌកម្មលើចិនបើចិនបរាជ័យក្នុងការសហប្រតិបត្តិការនិងផ្ដល់ឱ្យនូវគណនេយ្យភាពក្នុងដំណោះស្រាយការរាតត្បាតជំងឺ កូវីដជាពិសេសបើចិន មិនព្រមអោយមានការស៊ើបអង្កេតជាលក្ខណៈអន្តរជាតិ អំពីការផ្ទុះមេរោគកូរ៉ូណា នៅក្រុងវូហាន និងករណីលួចទន្ន័យវាំងសាំងរបស់អាមេរិក ប្រឆាំងមេរោគកូរ៉ូណា។

សេចក្ដីស្នើច្បាប់នេះកំពុងជម្រុញតាមរយៈសេចក្ដីថ្លែងការណ៍ណែនាំដោយសមាជិកព្រឹទ្ធសភាចំនួន៩រូប មកពីបក្សសាធារណរដ្ឋរួមមាន លោក Lindsey Graham, Thom Tillis, Cindy Hyde-Smith, Mike Braun, Rick Scott, Steve Daines, Todd Young, Jim Inhofe, and Roger Wicke។

សេចក្ដីថ្លែងការណ៍មានខ្លឹមសារថាប្រធានាធិបតីមានអំណាចក្នុងការដាក់ទណ្ឌកម្មជាច្រើនយ៉ាងដូចជាបង្កកទ្រព្យសម្បតិ្ត ហាមឃាត់ការធ្វើដំណើរ ដកហូតទិដ្ឋាការ រឹតត្បិតការខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុរបស់     អាមេរិក ឬធានាពីការវិនិយោគរបស់ក្រុមហ៊ុន និងហាមឃាត់ក្រុមហ៊ុនចិនពីការចុះបញ្ជីក្នុងក្រុមហ៊ុនអាមេរិក។

សមាជិកព្រឹទ្ធសភាទាំងនោះបានបញ្ជាក់ទៀតថាវិធានការនេះតម្រូវឱ្យប្រធានាធិបតីអាមេរិកប្រគល់នូវលិខិតបញ្ជាក់ទៅកាន់សភាអំឡុងពេល៦០ថ្ងៃដែលថាចិនត្រូវទទួលខុសត្រូវករណីការផ្ទុះមេរោគករ៉ូណានិង បើកអោយមានការស៊ើបអង្កេតដែលស្នើឡើងដោយអាមេរិក               សម្ព័ន្ធមិត្ត ភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក។

រដ្ឋបាលលោកដូណាល់ត្រាំរួមនឹងប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួនបានស្ដីបន្ទោសជាខ្លាំងទៅលើប្រទេសចិនពីការរាតត្បាតជាសកលនៃមេរោគនេះអំពីកម្សោយនៃគណនេយ្យភាព។ បន្ថែមពីលើការសង្ស័យ ថាចិនជាអ្នកបង្កើតមេរោគនេះ ហើយកាន់តែធ្ងន់ធ្ងរថែមទៀតនោះគឺអាមេរិកចោទចិនថាបានប្រើប្រាស់ក្រុមហេកគ័រ (Hackers) ឱ្យចូលមកលួចទិន្នន័យវ៉ាក់សាំងរបស់អាមេរិកដែលកំពុងតែដំណើរការផលិត។

អាមេរិកបានចោទ ថាចិនតែងមានទង្វើលបលួចរបស់អ្នកដទៃដែលមានទាំងកម្មសិទ្ធិបញ្ញា ក៏ដូចជាបច្ចេកវិទ្យា5G។

ជាមួយគ្នានេះកាលពីថ្ងៃម្សិលមិញប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបិទបញ្ចប់សន្និសីទសារព័ត៌មានរបស់លោក ភ្លាមៗ ដែលប្រព្រឹត្តទៅកាលពីថ្ងៃចន្ទទី១១ ខែឧសភា បន្ទាប់ពីមានការទាស់សម្តីគ្នាជាមួយអ្នកកាសែតដែលជាជនជាតិចិននៅឯសេតវិមាន។

ការបញ្ចប់សន្និសីទកាសែតយ៉ាងតក់ក្រហល់នេះ បានកើតឡើងបន្ទាប់ពីអ្នកឆ្លើយឆ្លងព័ត៌មានរបស់សារព័ត៌មាន CBS News ឈ្មោះ វៃជា ជាង -Weijia Jiang បានលើកជាសំណួរទៅកាន់លោក ដូណាល់ ត្រាំ ថា តើហេតុអ្វីបានជាលោកប្រធានាធិបតី ចាត់ទុកសមត្ថភាពនៃការធ្វើតេស្ត COVID-19 ជាការប្រកួតប្រជែងគ្នាមួយនៅលើពិភពលោក ព្រោះលោកតែងតែអះអាងថា សហរដ្ឋអាមេរិកបានធ្វើតេស្តរកជំងឺនេះច្រើនជាងគេបំផុត ខណៈដែលជនជាតិអាមេរិកាំង ជាង ៨ម៉ឺននាក់បានស្លាប់។

លោកប្រធានាធិបតីអាមេរិក ក៏បានឆ្លើយតបទៅហ្នឹងសំនួររបស់កាសែតចិនមួយនេះវិញថា « នេះគឺជាសំណួរដែលអ្នកគួរយកទៅសួរប្រទេសចិនរបស់អ្នកវិញទៅ កុំមកសួរខ្ញុំ។ ត្រូវសួរសំណួរនេះទៅកាន់ប្រទេសចិនវិញ, តើអ្នកយល់ទេ?»

បន្ទាប់មកទៀត លោក ត្រាំ ក៏បានចង្អុលឲ្យអ្នកឆ្លើយឆ្លងព័ត៌មានម្នាក់ទៀត ប្រចាំសេតវិមានឈ្មោះ ខេធ្លេន ខូល្លីនស៍ (Kaitlan Collins) មកពីខាងទូរទស្សនា៍ CNN ប៉ុន្តែពេលនោះអ្នកព័ត៌មាន Jiang ក៏បានស្កាត់សួរលោក ត្រាំ ជាថ្មីទៀត ហើយអ្នកទាំងពីរក៏បានទាស់សម្តីគ្នា រហូតដល់លោក ត្រាំ បានសម្រេចមិនឲ្យអ្នកសារព័ត៌មាន CNN សួរសំណួរបន្ត និងប្រកាសបិទបញ្ចប់សន្និសីទកាសែតនោះតែម្តង។

ជាការកត់សំគាល់គឺ ពាក្យសម្តីឆ្លើយតបរបស់លោក ត្រាំ ត្រូវក្រុមអ្នករិះគន់យល់ឃើញថា ជាសម្តីរើសអើសជាតិសាសន៍ ដ្បិតអ្នកឆ្លើយឆ្លងព័ត៌មាន Weijia Jiang នោះ មានដើមកំណើតមកពីប្រទេសចិន ប៉ុន្តែបានមករស់នៅលើទឹកដីសហរដ្ឋអាមេរិក តាំងតែពីនាងមានអាយុទើប ០២ឆ្នាំមកម្ល៉េះ។

ដោយឡែកកាលពីសប្តាហ៍មុននេះ រដ្ឋាភិបាលអាមេរិកក៏បានសម្រេច ដាក់ការរឹតត្បិតលើការផ្តល់ទិដ្ឋាការដល់អ្នកសារព័ត៌មានចិនចូលមកកាន់សហរដ្ឋអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងទង្វើចិនលើអ្នកសារព័ត៌មានអាមេរិកមួយចំនួនដែលចិនហាមឃាត់និងបណ្ដេញចេញពីប្រទេសចិន។

សូមបញ្ជាក់ថា មិនមែនមានតែសហរដ្ឋអាមេរិក មួយទេ កំពុងរករឿងប្រទេសចិន គឺមានសមាជិកនៃប្រទេសឧស្សាហកម្មជឿនលឿនG-7 បានកំពុងសិក្សាអំពីការដាក់ទណ្ឌកម្មលើប្រទេសចិន ក្រោយពី ជំងឺកូវិដ ថប់ថយនិងរលាយ បាត់ពីប្រទេសរបស់ពួកគេ។

មកដល់ថ្ងៃពុធ ទី១៣ ខែឧសភានេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៤លាន,៣សែន ៣ម៉ឺន៩បាន់៧៩៨ករណី ក្នុងនោះអ្នកស្លាប់មានចំនួន ២សែន៩ម៉ឺន២ពាន់៨០៧នាក់ ។

គេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេគឺ មានអ្នកឆ្លង ១លាន,៤សែន ៨ពាន់,៦៣៦នាក់ និងអ្នកស្លាប់ចំនួន ៨ម៉ឺន៣ពាន់,៤២៥នាក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស