29 C
Phnom Penh

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឱ្យអាជ្ញាធរខេត្តជាប់ព្រំដែនទប់ស្កាត់ការឆ្លងដែនខុសច្បាប់របស់ពលរដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានបញ្ជាឱ្យអភិបាលខេត្ត និងអាជ្ញាធរតាមព្រំដែនទាំងអស់ ទប់ស្កាត់ការឆ្លងខុសច្បាប់របស់ពលរដ្ឋ ទៅប្រទេសជិតខាង អំឡុងពេលនៃវិបត្តិកូវីដ-១៩ នៅមិនទាន់បញ្ចប់ ដើម្បីធានាសុវត្ថិភាព និងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។

ការដាក់បទបញ្ជានេះ កើតឡើងក្រោយពេលមានសេចក្តីរាយការណ៍ថាប្រជាពលរដ្ឋខ្មែរបានសម្រុកចេញទៅរកការងារធ្វើនៅប្រទេសថៃ ដោយខុសច្បាប់ ហើយត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនខ្លួនមកកម្ពុជាជាបន្តបន្ទាប់។

ក្នុងលិខិតផ្ញើរជូនអភិបាលខេត្តជាប់ព្រំដែនកាលពីថ្ងៃម្សិលមិញលោក ស ខេង បានលើកឡើងថា មានពលរដ្ឋមួយចំនួន ត្រូវបានមេខ្យល់នាំឆ្លងដែនដោយខុសច្បាប់ ចូលទៅក្នុងប្រទេសជិតខាង ខណៈដែលប្រទេសទាំងនោះ កំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

បញ្ហានេះ លោកបានបញ្ជាឱ្យកោះប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តជាប់ព្រំដែនទាំងអស់ជាបន្ទាន់ ដើម្បីណែនាំដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ នៅតាមតំបន់ព្រំដែនឱ្យចូលរួមសហការគ្នា ដាក់ចេញនូវវិធានការទប់ស្កាត់ការចេញចូលឆ្លងដែនដោយខុសច្បាប់ តាមច្រករបៀងនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសជិតខាង។

លើសពីនេះ លោកក៏បានបញ្ជាអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធតាមព្រំដែនស្រាវជ្រាវ និងស្វែងរកចាប់ខ្លួនមេខ្យល់ ដែលធ្វើចលនាអូសទាញប្រជាពលរដ្ឋខ្មែរ ឱ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនេះ។

ទោះបីជាយ៉ាងនេះក្តី លោកថា ប្រសិនបើនៅតែមានពលរដ្ឋខ្មែរ លួចចូលទៅកាន់ប្រទេសជិតខាងដោយខុសច្បាប់ ហើយត្រូវបានអាជ្ញាធរគេឃាត់ខ្លួននោះ រដ្ឋបាលខេត្តជាប់ព្រំដែន ត្រូវទំនាក់ទំនង និងសម្របសម្រួល ជាមួយសមត្ថកិច្ចនៃប្រទេសជិតខាង ឱ្យបានទាន់ពេលវេលា ដើម្បីស្នើសុំបញ្ជូនពលរដ្ឋខ្មែរត្រឡប់មកវិញ រួមទាំងពិនិត្យសុខភាពពួកគេ ហើយអនុវត្តវិធានការចត្តាឡីស័កឬដាក់ពួកគេឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ និងបញ្ជូនពួកគេទៅកាន់លំនៅដ្ឋានរៀងៗខ្លួនផង។

ទំព័រហ្វេសប៊ុករបស់ពលរដ្ឋខ្មែរមួយរូបដែលអះអាងថាខ្លួនជាពលករនៅស្រុកថៃ លោក ប្រាក់ ភក្ត្រា បានឱ្យដឹងថា ចាប់តាំងពីចុងខែមេសា មកដល់ថ្ងៃទី៩ឧសភា មានពលរដ្ឋខ្មែរជាង១រយនាក់  ត្រូវបានសមត្ថកិច្ចថៃ ខេត្តស្រះកែវ បានចាប់ខ្លួន និងបញ្ជូនត្រឡប់មកកម្ពុជាវិញ ដោយសារពលរដ្ឋខ្មែរឆ្លងដែនដោយខុសច្បាប់ ក្នុងបំណងទៅស្វែងរកការងារធ្វើនៅប្រទេសថៃ។

ប្រភពដដែលឱ្យដឹងថា ក្នុងការឆ្លងដែនខុសច្បាប់នោះពលករខ្មែរម្នាក់ ត្រូវចំណាយប្រាក់អោយមេខ្យល់២០០០បាតឬ ជាង២០ម៉ឺនរៀល ដោយមានរថយន្តខាងថៃចាំដឹកពួកគេយកទៅដាក់កន្លែងធ្វើការដូចជាខេត្ដឈុនបុរី ខេត្តសាមុតសាខន និងទីក្រុងបាងកកជាដើម។

កាលពីថ្ងៃទី ២២ មេសា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាក់ថាពលករខ្មែរដែលវិលត្រឡប់ពីថៃមុនពេលបុណ្យចូលឆ្នាំថ្មី មានចំនួនជិត១០ម៉ឺននាក់ ។

លោកអះអាងថា ក្នុងចំណោមពលករជិត១០ម៉ឺននាក់នោះ ភាគច្រើនពួកគេអាចអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ដោយពួកគេរំពឹងត្រឡប់ទៅធ្វើការងារនៅស្រុកថៃវិញ ក្រោយចប់បុណ្យចូលឆ្នាំ។

សង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធបញ្ហាពលករចំណាកស្រុកនេះ លើកឡើងថាមូលហេតុពលរដ្ឋខ្មែរចំណាកស្រុកដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃក្នុងស្ថានភាពនេះ ដោយសារតែពួកគេគ្មានជម្រើសផ្សេង ព្រោះគ្មានការងារក្នុងស្រុក គ្មានប្រាក់ចំណូលជួយគ្រួសារ និងសងបំណុលធនាគារជាដើម។ លើសពីនេះទៀតរដ្ឋាភិបាលចាប់តាំងពីក្រោយផ្ទុះជំងឺកូវីដ១៩នៅកម្ពុជាមក រដ្ឋគ្មានគោលការណ៍ណាមួយជួយឧបត្ថម្ភដល់ពលរដ្ឋ ឬពលករដែលគ្មានការងារធ្វើនៅក្នុងប្រទេសនោះឡើយ ដែលធ្វើឱ្យពួកគេកាន់តែប្រឈមបញ្ហាជីវភាពគ្រួសារ។

តាមរបាយការណ៍ក្រសួងការងារកាលពីឆ្នាំមុនបានឱ្យដឹងថា ពលករខ្មែរដែលទៅធ្វើការងារនៅប្រទេសថៃមានជាង១លាន២សែននាក់ ប៉ុន្តែចំនួនពិតអាចមានលើសពីនេះត្បិតពលករដែលកំពុងធ្វើការងារនៅប្រទេសថៃដោយខុសច្បាប់នៅមានចំនួនច្រើនផងដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស