សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បានចាប់ខ្លួនម្ចាស់ស្ថានីយវិទ្យុ 99.75MHz និងគេហទំព័រ «រិទ្ធិសែន» នៅខេត្តកំពង់ឆ្នាំង លោក សុខ ឧត្ដម ដោយចោទប្រកាន់ពីបទញុះញង់។
ការចាប់ខ្លួននេះ ធ្វើឡើងកាលពីថ្ងៃទី១៣ ខែឧសភា បន្ទាប់ពីក្រសួងព័ត៌មានបានចេញលិខិតលុបចោលអាជ្ញាបណ្ណវិទ្យុ និងគេហទំព័រ រិទ្ធីសែនកាលពីថ្ងៃម្សិលមិញផងដែរ។
នគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយមួយដែលតែងតែផ្សាយពីរឿងជម្លោះដីធ្លីនៅខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅតុលាការនៅថ្ងៃនេះ ក្រោមការចោទប្រកាន់ពីបទ«ញុះញង់»។
ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ខូវ លី បានប្រាប់សារព័ត៌មានសំឡេងប្រជាធិបតេយ្យ វី.អូ.ឌី នៅថ្ងៃនេះថា សំណុំរឿងម្ចាស់ស្ថានីយវិទ្យុ 99.75MHz និងជាម្ចាស់គេហទំព័រ «រិទ្ធិសែន»លោក សុខ ឧត្ដម នឹងបញ្ជូនទៅតុលាការនៅថ្ងៃ១៤ ខែឧសភានេះ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទញុះញង់ ឱ្យប្រជាពលរដ្ឋទៅកាន់កាប់ដីនៅតំបន់ដែនជម្រកសត្វព្រៃឱរ៉ាល់ ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
កាលពីថ្ងៃម្សិលមិញ ក្រសួងព័ត៌មានសម្រេចលុបចោលអាជ្ញាបណ្ណស្ថានីយវិទ្យុ និងគេហទំព័រ រិទ្ធិសែន ក្រោមហេតុផលថាបានផ្សព្វផ្សាយព័ត៌មាន បំផ្លើសការពិត និងញុះញង់ ឱ្យកើតមានអំពើហិង្សា បង្កការរើសអើងពូជ សាសន៍ បង្កអសន្តិសុខ និងចលាចលនៅក្នុងសង្គម ដែលរំលោភបំពានលើក្រមសីលធម៌វិជ្ជាជីវៈ និងកិច្ចសន្យាដែលតម្កល់ទុកនៅក្រសួងព័ត៌មាន។
ការសម្រេចលុបចោលនិងចាប់ខ្លួននេះ បន្ទាប់ពីលោក សុខ ឧត្តម បានផ្សាយនៅលើគេហទំព័ររបស់ខ្លួនពីការតវ៉ារបស់ពលរដ្ឋនៅមុខសាលាឃុំជៀប ស្ថិតក្នុងស្រុកទឹកផុស ទៅនឹងអាជ្ញាធរខេត្តកំពង់ឆ្នាំង ដែលអ្នកភូមិទាំងនោះចោទថា បានដកហូតដីធ្លីរបស់ពួកគាត់ កាលពីដើមសប្តាហ៍នេះ។
វិទ្យុ និងសារព័ត៌មានអនឡាញ រិទ្ធិសែន របស់លោក សុខ ឧត្ដម ត្រូវបានក្រសួងព័ត៌មានផ្ដល់អាជ្ញាបណ្ណនៅឆ្នាំ២០១៤ និងនៅចុងឆ្នាំ២០១៨។
តាំងពីដើមខែមេសាមក មានសារព័ត៌មានអនឡាញចំនួន ៣ ហើយត្រូវបានក្រសួងព័ត៌មានសម្រេចលុបចោលអាជ្ញាបណ្ណ រួមមានសារព័ត៌មានអនឡាញ TVFB ។ សារព័ត៌មានគេហទំព័រ ចក្រវាល ធីវី អនឡាញ (CKV TV Online) របស់លោក ចាន់ ឫទ្ធី និងចុងក្រោយសារព័ត៌មានរិទ្ធិសែននេះ។ ម្ចាស់ និងចាងហ្វាងស្ថាប័នសារព័ត៌មាន អនឡាញពីរក្នុងចំណោមបី ត្រូវបានចាប់ខ្លួន រួមមានលោក សុវណ្ណ រិទ្ធី ចាងហ្វាង TVFB និងលោក សុខ ឧត្តម ម្ចាស់គេហទំព័ររិទ្ធិសែន។
ស្ថាប័នសារព័ត៌មាន ក៏ដូចជាអ្នករាយការណ៍ព័ត៌មាននៅកម្ពុជា នៅតែត្រូវបានគេមើលឃើញថាងាយនឹងរងគ្រោះឬប្រឈមនឹងបទព្រហ្មទណ្ឌ ក្រោមលេសចោទប្រកាន់ថាផ្សាយព័ត៌មានមិនពិត ញុះញង់ និងបង្កចលាចលដល់សង្គមជាដើម។
ចាប់តាំងពីឆ្នាំ២០១៧ មកអង្គការអ្នករាយការណ៍គ្មានព្រំដែន បានផ្តល់ចំណាត់ថ្នាក់អាក្រក់ដល់កម្ពុជាផ្នែកសេរីភាពសារព័ត៌មានជាបន្តបន្ទាប់ ក្រោយការធ្វើទុក្ខបុកម្នេញដល់ស្ថាប័នសារព័ត៌មានឯករាជ្យជាច្រើន ដូចជាការបិទស្ថានីយផ្សាយបន្តវិទ្យុសំឡេងសហរដ្ឋអាមេរិកVOA វិទ្យុអាស៊ីសេរី RFAវិទ្យុសំឡេងប្រជាធិបតេយ្យ VOD ជាង៣០ កាលពីចុងឆ្នាំ២០១៧។
ការបង្ខំឱ្យកាសែតពីរភាសា The Cambodia Daily បិទទ្វាក្រោមហេតុផលថាស្ថាប័ននេះមិនបានបង់ពន្ធប្រមាណ ១០ឆ្នាំ ក្នុងទំហំទឹកប្រាក់ប្រមាណ៦លានដុល្លារ។ ការបង្ខំឱ្យវិទ្យុអាស៊ីសេរីបិទការិយាល័យរបស់ខ្លួននៅភ្នំពេញ ក្រោមការធ្វើទុក្ខបុកម្នេញផ្នែកពន្ធដារនិងផ្នែករដ្ឋបាល។
បន្ថែមពីនេះអតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប ត្រូវបានចាប់ឃុំខ្លួនអស់ រយៈពេលជិតមួយឆ្នាំក្រោមបទចោទថាផ្តល់ព័ត៌មានឱ្យរដ្ឋបរទេស ហើយសំណុំរឿងនេះបានបន្តរហូតមកទល់ពេលបច្ចុប្បន្នទាំងដែលតុលាការរកមិនឃើញភស្តុតាងនៃកំហុសរបស់ពួកគេក្តី ដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិចាត់ទុកថាជាសំណុំរឿងនយោបាយ និងមានចេតនា យកអ្នកទាំងពីរជាចំណាត់ខ្មាំងដើម្បីសងសឹកទៅនឹងវិទ្យុដែលគាំទ្រដោយអាមេរិកមួយនេះ តែម្តង។
ជាងនេះទៀត ការបង្ខំឱ្យកាសែតឯករាជ្យមួយទៀតឈ្មោះThe Phnom Penh Post បង្ខំចិត្តប្តូរម្ចាស់ ដោយលក់អាជីវកម្មរបស់ខ្លួនទៅឱ្យមនុស្សស្និតរដ្ឋាភិបាលលោក ហ៊ុន សែន ជាដើម៕