26 C
Phnom Penh

រដ្ឋាភិបាលសម្រេចឱ្យមានការនាំអង្ករស ទៅលក់នៅក្រៅប្រទេសឡើងវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលលោកហ៊ុន សែន បានសម្រេចអនុញ្ញាតឲ្យនាំចេញ អង្ករ ស ឬអង្ករប្រភេទធម្មតាទៅលក់នៅក្រៅប្រទេសឡើងវិញ។

ការសម្រេចនេះ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសផ្អាកការនាំអង្ករស និងស្រូវទៅលក់នៅក្រៅប្រទេសកាលពីដើមខែមេសា ក្រោមហេតុផលដើម្បីរក្សាទុកស្បៀង គឺស្រូវអង្ករនៅកម្ពុជាឱ្យបានច្រើនទប់ទល់នឹងស្ថានភាពជំងឺកូវីដ១៩។

លិខិតមួយរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ផ្ញើជូនប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុង សារ៉ន កាលពីថ្ងៃទី១៣ ឧសភា បានអះអាងថា ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន យល់ព្រមអនុញ្ញាតឱ្យមានការនាំអង្ករសទៅលក់នៅក្រៅប្រទេសឡើងវិញ តាមកិច្ចសន្យារបស់អ្នកបញ្ជាទិញពីក្រៅប្រទេស ដោយនឹងចាប់ផ្តើមចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០តទៅ។

កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា បានប្រកាសបិទការនាំចេញអង្ករស និងស្រូវ ទៅលក់នៅទីផ្សារបរទេស លើកលែងតែការនាំអង្ករក្រអូបមួយប៉ុណ្ណោះ ក្រោយហេតុផលរក្សាទុកស្បៀងក្នុងស្រុកឱ្យបានច្រើន ក្នុងស្ថានភាពជំងឺកូវីដ១៩។

ការសម្រេចពេលនោះ ទទួលបានគាំទ្រពីអង្គការសង្គមស៊ីវិលដែលធ្វើការងារផ្នែកកសិកម្ម ព្រោះបញ្ហាស្បៀងអាហារគឺជារឿងសំខាន់សម្រាប់កម្ពុជាក្នុងស្ថានភាពនេះ ហើយពួកគេក៏ជំរុញឱ្យរដ្ឋាភិបាលបញ្ចេញកញ្ចប់ថវិការដ្ឋជួយដល់ខាងរោងម៉ាស៊ីន ដើម្បីប្រមូលទិញស្រូវពីកសិករក្នុងតម្លៃសមរម្យស្តុកទុក។ បន្ថែមពីនេះ ពួកគេក៏ជំរុញឱ្យរដ្ឋផ្តល់ដើមទុនដល់ពលរដ្ឋ ក្នុងវិស័យកសិកម្ម ដាំដុះបន្លែបង្ការ ចិញ្ចឹមសត្វ និងធានាទីផ្សារ ដើម្បីត្រៀមទប់ទល់ស្ថានភាពនេះ ប្រសិនបើជំងឺកូវីដ១៩ នៅតែបន្តអូសបន្លាយយូរអង្វែង។

ការអនុញ្ញាតឱ្យមានការនាំអង្ករធម្មតាទៅលក់ក្រៅប្រទេសនេះ ស្របពេលស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាបានធូរស្បើយ ព្រោះរយៈពេលប្រមាណ១ខែមកហើយ កម្ពុជារកមិនឃើញករណីឆ្លងជំងឺនេះថ្មីនោះទេ ហើយអ្នកជំងឺ នៅសល់តែម្នាក់ទៀតប៉ុណ្ណោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២១នាក់ផ្សេងទៀតបានព្យាបាលជាសះស្បើយ និងបានអនុញ្ញាតឱ្យត្រឡប់ទៅគេហដ្ឋានវិញផងដែរ។

យ៉ាងនេះក្តី ក្រសួងសុខាភិបាលនៅបន្តព្រមានពីរលកឆ្លងជំងឺនេះជាថ្មីទៀត នៅកម្ពុជា ប្រសិនបើកម្ពុជានិងពលរដ្ឋមានការធ្វេសប្រហែស ដោយមិនគោរពតាមវិធានការរបស់រដ្ឋាភិបាលកន្លងមកនោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស