ក្នុងអន្ដរកាលដែលប្រទេសម៉ាឡេស៊ីកំពុងតែវក់វីនឹងជំងឺកូវីដ១៩ អ្នកនយោបាយប្រទេសនេះមិនបានភ្លេចទេការប្រកួតប្រជែងគ្នាដើម្បីអំណាចកាលពីថ្ងៃទី០៩ ខែឧសភា ស្ថិតក្នុងខួបពីរឆ្នាំនៃជ័យជម្នះរបស់គណបក្សរួបរួម ប៉ារ៉ាកាន់ ហារ៉ាប៉ាន់ ដែលមានមេដឹកនាំកំពូលៗពីររូបជាអ្នកបង្រួបបង្រួមកម្លាំងគឺអតីតនាយករដ្ឋមន្រ្ដីមហាម៉ាត់ និងលោកអាន់វ៉ាអ៊ីប្រាហ៊ីម អតីតអ្នកទោសនយោបាយ។
មេដឹកនាំទាំងពីរនេះ បើទោះបីស្ថិតក្នុងផ្លូវបែកគ្នាក៏ប៉ុន្ដែមកដល់ថ្ងៃ០៩ខែឧសភា កន្លងទៅពួកគាត់បានមកចាប់ដៃគ្នាដើម្បីរំលឹកជ័យជម្នះនៃការបោះឆ្នោតសភានីតិកាលទី១៤ កាលពីឆ្នាំ២០១៨។
សារព័ត៌មានSouth china morning postបានចុះផ្សាយថាទាំងលោក មហាធា និងលោកអាន់វ៉ា បានចាប់ដៃជាមួយគ្នារលាក់បន្ដទៀតទោះបីស្ថិតក្នុងផ្លូវបែកគ្នាក៏ដោយ បន្ទាប់ពីលោកមហាធាមិនបានធ្វើពិធីផ្ទេរតំណែងឲ្យលោកអាន់វ៉ាឡើងធ្វើជានាយករដ្ឋមន្រ្ដី។
ប្រភពដដែលឲ្យ ដឹងទៀតថា អ្នកនយោបាយជើងចាស់ទាំងពីររូបនេះបានសម្រេចថានឹងបង្កើតព្រឹត្តិការណ៍នយោបាយថ្មីមួយទៀតនៅថ្ងៃទី១៨ ខែឧសភា ខាងមុខ ដើម្បីទាញទម្លាក់រដ្ឋាភិបាលថ្មីរបស់លោកYashin Muhhidin ឱ្យបាននៅក្នុងរដ្ឋសភា ប៉ុន្ដែសំណួរសួរថាតើលទ្ធភាពកម្រិតណាអាចទម្លាក់រដ្ឋាភិបាលថ្មីនេះបានបើកិច្ចប្រជុំសភាដំបូង ក៏មានវត្តមានព្រះមហាក្សត្រផងដែរនោះ។
នេះហើយគឺជាចំណោទដែលអ្នកសង្កេតការណ៍បានកំពុងតាមដានថាតើមានវិបត្តិអ្វីកើតឡើងនៅពេលខាងមុខនេះក្នុងរាជាណាចក្រម៉ាឡេស៊ីទាំងលោកមហាធា និងលោកអាន់វ៉ាធ្វើញាត្តិរួមគ្នាទៅប្រធានរដ្ឋសភានៃប្រទេសនេះដោយអះអាងថារដ្ឋាភិបាលថ្មីនៃក្រុមចម្រុះរបស់លោក យ៉ាស៊ីន មិនស្របតាមឆន្ទ
ៈរបស់ប្រជាជននោះឡើយ គឺដូចជា រដ្ឋាភិបាលកើតចេញពីរដ្ឋប្រហារមួយយ៉ាងដូច្នោះអញ្ចឹងដែរ។
នៅក្នុងការប្រកួតប្រជែងមួយកាលពីខែកុម្ភៈ ជ័យជម្នះបានទៅលើលោកយ៉ាស៊ីននៃការបង្កើតរដ្ឋាភិបាលរួបរួមមួយជាបន្ទាន់ ដែលពេលនោះលោកយ៉ាស៊ីនបានប្រមូលកម្លាំងពីអ្នកតំណាងរាស្រ្ដឱ្យគាំទ្ររូបលោកធ្វើជានាយករដ្ឋមន្រ្ដីដែលព្រះមហាក្សត្រអនុម័តយល់ព្រមនៅពេលនោះ គឺ២២រូប ដែលឈ្នះបន្ដិចបន្ដួចលើលោកមហាធា។
លោកមហាធាដែលធ្លាក់ក្នុងភាពបរាជ័យជាលើកដំបូងក្នុងជីវិតរបស់លោកជិត១០០ឆ្នាំមកនេះបានហៅអ្នកតំណាងរាស្រ្ដ ដែលគាំទ្រលោកយ៉ាស៊ីនទាំងនោះ ដូចជាក្រុមដែលទទួលការសូកប៉ាន់មួយដើម្បីរុញឱ្យមានរដ្ឋាភិបាលដែលមិនស្របច្បាប់នេះ។
លោកមហាធាបានចោទថាអ្នកតំណាងរាស្រ្ដទាំងនោះភាគច្រើនគិតថាខ្លួននឹងបានធ្វើជារដ្ឋមន្រ្តីក្នុងគណៈរដ្ឋមន្រ្ដីរបស់លោកយ៉ាស៊ីន ទើបនាំឲ្យពួកគេសម្រេចប្រមូលកម្លាំងគាំទ្រលោកយ៉ាស៊ីនដូចនេះ។
ចំណែកលោកអាន់វ៉ាអ៊ីប្រាហ៊ីមវិញដែលជាបុរសត្រៀមទទួលយកតំណែងនាយករដ្ឋមន្រ្ដីពាក់កណ្ដាលអាណត្តិពីលោកមហាធាបាននិយាយថារដ្ឋាភិបាល លោក យ៉ាស៊ីន ត្រូវតែយកមកធ្វើការផ្ទៀងផ្ទាត់ឡើងវិញនៅក្នុងការបោះឆ្នោតសម្ដែងការទុកចិត្តក្នុងរដ្ឋសភាហើយបើពុំនោះទេគណៈរដ្ឋមន្រ្ដីរបស់លោកយ៉ាស៊ីនមិនឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់ប្រជាជននោះទេ។
លោកអាន់វ៉ា ប្រកាសថាលោកអស់ឱកាសជានាយករដ្ឋមន្រ្ដីហើយក្នុងអាណត្តិសភាទី១៤នេះ ហើយថាលោកនឹងក្លាយជានៅនាយករដ្ឋមន្រ្ដីទី៩ នៃរាជាណាចក្រនេះនៅពេលម៉ាឡេស៊ីបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តសំរាប់នីតិកាលទី១៥នៅឆ្នាំ២០២៣។
ប៉ុន្ដែមានការព្រមានថាប្រសិនបើមានការបោះឆ្នោតសម្ដែងការទុកចិត្តទៅលើរដ្ឋាភិបាលថ្មីនេះ ហើយធ្វើឱ្យរដ្ឋាភិបាលនេះបាត់បង់ការគាំទ្រដោយសមាជិកសភាមែន នោះរាជាណាចក្រនេះនឹងត្រូវធ្វើការបោះឆ្នោតមុនអាណត្តិរបស់សភា ហើយពេលនោះការវិវឌ្ឍន៍នយោបាយនឹងកើតឡើងភ្លាមៗ។ ចំណែកប្រជាជនម៉ាឡេស៊ីនឹងសម្លឹងទៅរកការបោះឆ្នោតឡើងវិញព្រោះរដ្ឋាភិបាលថ្មីមិនអាចមានរូបរាងចេញរួចឡើយ។
បើគ្មានរដ្ឋាភិបាលថ្មីកើតឡើងទាន់សភាពការណ៍ទេ នោះច្បាប់របស់រាជាណាចក្រនេះនឹងបញ្ជាឱ្យរដ្ឋសភាថ្មីមកជំនួសជាបន្ទាន់តាមរយៈការបោះឆ្នោត ប៉ុន្ដែនៅថ្ងៃទី១៨ ខែឧសភា ដែលជាថ្ងៃបើកប្រជុំសភាដំបូងនៃរដ្ឋាភិបាលថ្មីរបស់លោកយ៉ាស៊ីន គឺធ្វើឡើងក្រោមព្រះរាជ ធិបតី អង្គព្រះមហាក្សត្រនៃរាជាណាចក្រនេះដែលអ្នកសង្កេតការណ៍មើលឃើញថាទំនងនឹងមិនឈានដល់ការទម្លាក់រដ្ឋាភិបាលលោក យ៉ាស៊ីនបានងាយៗនោះទេ ហើយម្យ៉ាងទៀតរដ្ឋាភិបាលនេះបានដំណើរការងាររបស់ខ្លួនរួចទៅហើយនោះ៕