អង្គការលើកលែងទោសអន្តរជាតិ ឬ Amnesty International បានហៅយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រដ្ឋាភិបាលលោកហ៊ុន សែន រយៈពេល៣ឆ្នាំមកនេះ មិនត្រឹមតែបរាជ័យប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កើតឱ្យមានការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធផងដែរ។
ក្នុងរបាយការណ៍ស្រាវជ្រាវរបស់ខ្លួនជិត១រយទំព័រ ដែលចេញផ្សាយកាលពីថ្ងៃម្សិលមិញ អង្គការលើកលែងទោសអន្តរជាតិ បានលើកឡើងថា យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេល៣ឆ្នាំ របស់រដ្ឋាភិបាល បានជំរុញឲ្យ មានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ការប្រើមធ្យោបាយឃុំឃាំងហួសកម្រិត ដែលបង្កឱ្យមានហានីភ័យដល់សេវាសុខភាពសាធារណៈជាដើម។
អង្គការ Amnesty International បានហៅយុទ្ធនាការនេះថា បរាជ័យក្នុងគោលដៅទប់ស្កាត់ការប្រើប្រាស់និងជួញដូរគ្រឿងញៀននៅកម្ពុជា ប៉ុន្តែវាបានបន្សល់ទុកនូវការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ ពិសេសទៅលើជនក្រីក្រ ជនដែលត្រូវគេបោះបង់ចោលជាដើម។
វិធានការរំលោភសិទ្ធិមនុស្សទាំងនោះ ដូចជាការចាប់ខ្លួនតាមទំនើងចិត្ត ការធ្វើទារុណកម្ម ការបញ្ជូនមនុស្សណា ដែលគ្មានលុយទៅ ឃុំកន្លែងដែលមានភាពចង្អៀតណែន ហើយអ្នកមានប្រាក់វិញបានកន្លែងឃុំទូលាយ និងមានសេរីភាពជាងអ្នកក្រផងដែរ។
របាយការណ៍អង្កេតដដែលបន្តថា កន្លែងឃុំក្នុងភាពចង្អៀតណែននោះហើយ បានធ្វើឱ្យអ្នកជាប់ឃុំទាំងនោះមិនអាចទទួលបានសេវាថែរទាំសុខភាពត្រឹមត្រូវ ផងដែរ។
អង្គការលើកលែងទោសអន្តរជាតិបានឱ្យដឹងថារបាយការណ៍របស់ខ្លួននេះ បានធ្វើឡើងដោយសម្ភាសជាមួយអ្នកជាប់ឃុំ និងអ្នកត្រូវបានដោះលែង ព្រមទាំងគ្រួសាររបស់ពួកគេ កាលពីចុងឆ្នាំមុន។
ប្រភពដដែល ឱ្យដឹងថារដ្ឋាភិបាលលោកហ៊ុន សែន បានផ្តោតទៅលើការចាប់ខ្លួន ឃុំខ្លួន ចោទប្រកាន់ និងបញ្ជូនពួកគេទៅតុលាការ ជាងការយកចិត្តទុកដាក់លើបញ្ហាសុខភាព របស់ពួកគេឱ្យបានត្រឹមត្រូវ ដោយយ៉ាងហោចណាស់មានមនុស្សជាង៥ម៉ឺននាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យប្រើប្រាស់ ឬជួញដូរគ្រឿងញៀនក្នុងរយៈពេល៣ឆ្នាំមកនេះ ពោលគឺចន្លោះខែមករា ឆ្នាំ២០១៧ និងខែមីនា ឆ្នាំ២០២០។
អង្គការអន្តរជាតិដដែល ហៅយុទ្ធនាការបង្ក្រាបគ្រឿងញៀននោះ ជាគ្រោះមហន្តរាយមួយ ក្នុងការរំលោភសិទ្ធិមនុស្ស និងបង្កើតឱកាសសម្រាប់មន្ត្រីពុករលួយជាប្រព័ន្ធទៀតផង។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ធ្លាប់បានអះអាងថាបញ្ហាគ្រឿងញៀនជាបញ្ហាប្រឈមសម្រាប់កម្ពុជា ត្បិតវាបានរីករាលដាលដល់ទីជនបទដាច់ស្រយាល ដោយលោកហាក់បានសារភាពហើយថារដ្ឋាភិបាលរបស់លោកបានបរាជ័យក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
លោក ស ខេង ក៏ធ្លាប់បានប្រកាសថាអ្នកជាប់ឃុំក្នុងពន្ធនាគារបច្ចុប្បន្នមានចំនួនជិត៤ម៉ឺននាក់ គឺ២ភាគ៣នៃអ្នកទាំងនោះ ជាអ្នកជាប់ឃុំពាក់ព័ន្ធបញ្ហាគ្រឿងញៀន ដែលធ្វើឱ្យពន្ធនាគារមានភាពចង្អៀតណែនខ្លាំង។ ទោះបីជាយ៉ាងនេះក្តី ក្រុមអ្នកឃ្លាំមើលយល់ឃើញថារដ្ឋាភិបាលហាក់មានភាពចន្លោះប្រហោងច្រើនចំពោះការតាមដានលើយុទ្ធនាការនេះ ត្បិតការអនុវត្តច្បាប់របស់អាជ្ញាធរកម្ពុជាមានស្តង់ការច្រើន។ លើសពីនេះកម្ពុជានៅរួមរឹតដោយអំពើពុករលួយជាប្រព័ន្ធ ហើយអំពើពុករលួយនេះ ក៏ត្រូវបានអង្គការតម្លាភាពអន្តរជាតិបានវាយតម្លៃកាលពីខែមករាថា អំពើពុករលួយនៅកម្ពុជា គឺស្ថិតក្នុងកម្រិតអាក្រក់ជាងគេនៅតំបន់អាស៊ាន៕