38 C
Phnom Penh

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃហៅរបាយការណ៍អង្គការលើកលែងទោសអន្តរជាតិ ថាមិនឆ្លុះបញ្ចាំងពីការពិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃទទួលបន្ទុកការបង្ក្រាបទបល្មើសគ្រឿងញៀន បានហៅរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ ឬAmnesty International ថាគ្មានការពិត មួលបង្កាច់មិនឆ្លុះបញ្ចាំងសភាពការណ៍ពិតនៅកម្ពុជា ហើយដែលជារបាយការណ៍ធ្វើឡើងដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាល និងជាវាយប្រហារមកលើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់កម្ពុជា។

ប្រតិកម្មនេះ កើតឡើងក្រោយពេលអង្គការលើកលែងទោសអន្តរជាតិ បានចេញរបាយការណ៍មួយកាលពីថ្ងៃពុធ ដោយហៅយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រដ្ឋាភិបាលលោកហ៊ុន សែន រយៈពេល៣ឆ្នាំមកនេះ មិនត្រឹមតែបរាជ័យប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កើតឱ្យមានការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ ខ្វះការថែរទាំសុខភាពអ្នកជាប់ឃុំ និងជាឱកាសជំរុញឱ្យមន្ត្រីអនុវត្តច្បាប់ប្រព្រឹត្តិអំពើពុករលួយផងដែរ។

អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារបង្ក្រាបបទល្មើសគ្រឿងញៀននាយឧត្តមសេនីយ៍ផ្កាយមាស៤ លោក ម៉ក់ ជីតូ បានលើកឡើងតាមរយៈបណ្តាញសារព័ត៌មានស្និតរដ្ឋាភិបាលFresh News នៅថ្ងៃនេះថា ដោយបង្ហាញការសោកស្តាយ ចំពោះរបាយការណ៍របស់អង្គការអន្តរជាតិមួយនេះ។

លោកបញ្ជាក់ថា របាយការណ៍របស់អង្គការលើកលែងទោស អន្តរជាតិ ផ្ទុយពីការពិតទាំងស្រុង ផ្ទុយពីឆន្ទៈ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបគ្រឿងញៀននាពេលកន្លងមក ហើយលោកថានៅកម្ពុជាគ្មានទេ សង្គ្រាមបង្ក្រាបគ្រឿងញៀន ។

ដោយឡែក ចំពោះអ្នកដែលប្រើប្រាស់គ្រឿងញៀន លោកថា រាជរដ្ឋាភិបាលបានចាត់ទុកអ្នកទាំងនោះ ជាជនរងគ្រោះ ដោយជំរុញឲ្យប្រឹងប្រែងលើកទឹកចិត្ដ ឲ្យជនទាំងនោះ មកទទួលសេវាបន្សាបគ្រឿងញៀន តាមក្បួនវេជ្ជសាស្ដ្រ នៅតាមមណ្ឌលសុខភាពនានា។

ប្រភពដដដែលហៅរបាយការណ៍អង្គការលើកលែងទោសអន្តរជាតិ  ថាធ្វើឡើងដើម្បីកេងចំណេញផ្នែកនយោបាយ បង្ខូចកិត្តិយសរដ្ឋាភិបាល ហើយប្រភពដែលអង្គការនេះជួបសម្ភាសន៍នេះ ជាក្រុមអមិត្តកម្ពុជា ដោយពួកគេមិនដែលនិយាយល្អពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឡើយ និងជាក្រុមអគតិជាដើម។

ទោះបីជាយ៉ាងនេះក្តី លោកម៉ក់ ជីតូ ក៏បានសារភាពថាយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់រដ្ឋាភិបាល ដែលដាក់ចេញដោយលោក ហ៊ុន សែន នោះក៏នៅមានចំណុចខ្វះខាតខ្លះផងដែរ។

ក្នុងរបាយការណ៍ស្រាវជ្រាវរបស់ខ្លួនជិត១រយទំព័រ ដែលចេញផ្សាយកាលពីថ្ងៃពុធ អង្គការលើកលែងទោសអន្តរជាតិ បានលើកឡើងថា យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេល៣ឆ្នាំរបស់  រដ្ឋាភិបាល បានជំរុញឲ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។  ការប្រើមធ្យោបាយឃុំឃាំងហួសកម្រិត ដែលបង្កឱ្យមានហានីភ័យដល់សេវាសុខភាពសាធារណៈជាដើម។

អង្គការ Amnesty International បានហៅយុទ្ធនាការនេះថា បរាជ័យក្នុងគោលដៅទប់ស្កាត់ការប្រើប្រាស់និងជួញដូរគ្រឿងញៀននៅកម្ពុជា ប៉ុន្តែវាបានបន្សល់ទុកនូវការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ ពិសេសទៅលើជនក្រីក្រ ជនដែលត្រូវគេបោះបង់ចោល។

វិធានការរំលោភសិទ្ធិមនុស្សទាំងនោះ ដូចជាការចាប់ខ្លួនតាមទំនើងចិត្ត ការធ្វើទារុណកម្ម  ការបញ្ជូនមនុស្សណា ដែលគ្មានលុយទៅឃុំកន្លែងដែលមានភាពចង្អៀតណែន ហើយអ្នកមានប្រាក់វិញបានកន្លែងឃុំទូលាយ។

ប្រភពដដែល ឱ្យដឹងថារដ្ឋាភិបាលលោកហ៊ុន សែន បានផ្តោតទៅលើការចាប់ខ្លួន ឃុំខ្លួន ចោទប្រកាន់ និងបញ្ជូនពួកគេទៅតុលាការ ជាងការយកចិត្តទុកដាក់លើបញ្ហាសុខភាព របស់ពួកគេឱ្យបានត្រឹមត្រូវ ដោយយ៉ាងហោចណាស់មានមនុស្សជាង៥ម៉ឺននាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យប្រើប្រាស់ ឬជួញដូរគ្រឿងញៀនក្នុងរយៈពេល៣ឆ្នាំមកនេះ ពោលគឺចន្លោះខែមករា ឆ្នាំ២០១៧ និងខែមីនា ឆ្នាំ២០២០។

អង្គការអន្តរជាតិដដែល ហៅយុទ្ធនាការបង្ក្រាបគ្រឿងញៀននោះ ជាគ្រោះមហន្តរាយមួយ ក្នុងការរំលោភសិទ្ធិមនុស្ស និងបង្កើតឱកាសសម្រាប់មន្ត្រីពុករលួយជាប្រព័ន្ធទៀតផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស