26 C
Phnom Penh

អ្នកវិភាគថា ការផ្តល់សេរីភាពដល់លោក កឹម សុខា ទើបអាចរំដោះគ្រោះធ្ងន់ធ្ងរសម្រាប់កម្ពុជាបាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយនៅក្រៅប្រទេស បានលើកឡើងថា ការផ្តល់ឬបន្ធូរសេរីភាពដល់លោក កឹម សុខា បន្ថែមទៀត ក្នុងខែកក្កដា ឬយ៉ាងយូរបំផុតនៅខែសីហា ទើបអាចរំដោះគ្រោះលិចលង់សម្រាប់កម្ពុជាបាន។

លោក កឹម សុខា ត្រូវបានអាជ្ញាធរលោកហ៊ុន សែន ចាប់និងឃុំខ្លួនកាលពីខែកញ្ញាឆ្នាំ២០១៧ ដោយលោកហ៊ុន សែន ចោទថាក្បត់ជាតិ។ លោកត្រូវបានបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារត្រពាំងផ្លុង ជាប់ព្រំដែនវៀតណាមក្នុងខេត្តត្បូងឃ្មុំ។ មួយឆ្នាំក្រោយមកលោកត្រូវបានអាជ្ញាធរផ្លាស់ប្តូរមកឃុំខ្លួនក្នុងផ្ទះរបស់លោកនៅក្រុងភ្នំពេញ អស់រយៈពេលជិត១ឆ្នាំ ទើបតុលាការកែប្រែលក្ខខណ្ឌដាក់ក្រោមការត្រួតពិនិត្យដោយផ្តល់សេរីភាពឱ្យលោកបានច្រើនជាងមុន ប៉ុន្តែលោកត្រូវបានតុលាការហាមមិនឱ្យចេញទៅក្រៅប្រទេស និងហាមមិនឱ្យធ្វើសកម្មភាពនយោបាយនោះឡើយ។

បច្ចុប្បន្នសំណុំរឿងសន្ទិដ្ឋិភាពឬក្បត់ជាតិ ដែលចោទទៅលើលោក  កឹម សុខា គឺកំពុងដំណើរការសវនាការជំនុំជម្រះ ប៉ុន្តែត្រូវផ្អាកមួយ                រយៈដោយសារស្ថានភាពជំងឺកូវីដ១៩។

រហូតមកទល់ពេលនេះ កម្ពុជាកំពុងជួបគ្រោះអាសន្នផ្ទួនៗគ្នា ដូចជាការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប២០%។ បញ្ហាវិបត្តិកូវីដ១៩ បានធ្វើឱ្យកម្ពុជាប្រឈមវិបត្តិសេដ្ឋកិច្ច វិបត្តិអត់ការងារធ្វើរបស់ពលរដ្ឋ និងប្រឈមបញ្ហាធំមួយទៀតនោះ គឺការត្រៀមដាក់ប្រទេសកម្ពុជាក្នុងបញ្ជីខ្មៅនៃបណ្តាប្រទេសលាងលុយកខ្វក់ឬ ចរាចរណ៍លុយខុសច្បាប់ ដោយសហភាពអឺរ៉ុបក្នុងខែតុលាខាងមុខ។

អ្នកវិភាគនយោបាយលោក គឹម សុខ បានសរសេរនៅលើគណនី ហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា កម្ពុជាជួបគ្រោះអាសន្នធំ២។ លោកថាគ្រោះទី១ គឺបញ្ហាគណៈកម្មការអឺរ៉ុបបានសម្រេចដាក់ឈ្មោះកម្ពុជា ក្នុងបញ្ជីក្រុមប្រទេសដែលបង្កើនការឃ្លាំមើលបន្ថែមទៀត ពាក់ព័ន្ធការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម ជាមួយប្រទេស ១១ផ្សេងទៀត មានទាំងអ៊ីរ៉ង់ និងកូរ៉េខាងជើងផង។

សេចក្តីសម្រេចនេះ នឹងត្រូវបោះឆ្នោតអនុម័តជាផ្លូវការនៅថ្ងៃទី០១ ខែតុលា ២០២០ ហើយប្រសិនបើការសម្រេចនេះចូលជាផ្លូវការ បញ្ជីខ្មៅនេះនឹងសម្លាប់សេដ្ឋកិច្ចកម្ពុជាទៅកាន់ស្រមោលនៃទសវត្សរ៍ទី៨០ ពីព្រោះពេលនេះ វាស្ទើរតែស្មើទៅនឹងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តារប្រទេសលោកសេរីទៅហើយ។

លោកបន្តថា បញ្ជីខ្មៅនេះ មានន័យថា ហាមប្រទេសនៅអឺរ៉ុបចំនួន២៧ ក្នុងការធ្វើប្រតិបត្តិការសាច់ប្រាក់ជាមួយកម្ពុជា ប៉ុន្តែបើមាន គឺក្នុងលក្ខខណ្ឌតឹងតែងបំផុតខ្លះៗប៉ុណ្ណោះ។

លោកបន្តថា បញ្ហានេះ មិនត្រឹមតែជាការគំរាមផ្លូវពាណិជ្ជកម្មកម្ពុជា-អឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់ផ្ដាច់សង្វាក់ពាណិជ្ជកម្មកម្ពុជាជាមួយដៃគូផ្សេងទៀត ដូចជាចិនជាដើម ដែលប្រើទីតាំងកម្ពុជាផលិតទំនិញនាំចេញទៅអឺរ៉ុបផងដែរ។

អ្នកវិភាគរូបនេះបន្តថាប្រសិនបើអឺរ៉ុបសម្រេចបែបនេះមែន នោះវានឹងបង្កើតជាខ្សែភ្ជាប់តាមផ្លូវច្បាប់ជាបណ្តាញសកល រវាងសម្ព័ន្ធមិត្តអឺរ៉ុប ដូចជាអូស្ត្រាលី សហរដ្ឋអាមេរិក ឬកាណាដាជាដើម ដើម្បីធ្វើកិច្ចសហការរួមគ្នា រកលុយកខ្វក់របស់ខ្សែស្រឡាយមេដឹកនាំកម្ពុជា ជាពិសេសក៏ជះឥទ្ធិពលទៅដល់ចលនាជម្រុញកាន់តែអាក្រក់សំដៅបង្កកនូវទ្រព្យសម្បត្តិក្រុមលោក ហ៊ុន សែន ដោយសហរដ្ឋអាមេរិកទៀតផង។

លោក គឹម សុខថា បញ្ហានេះជាស្ថានភាពអាសន្នថ្មីស្រឡាង ស្រោចលើគំនរគ្រោះដែលមានស្រាប់ ដូចជាបរាជ័យទាំងស្រុងនៃកំណែទម្រង់រដ្ឋ ការសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា ផែនការសេដ្ឋកិច្ច និងសង្គមបែបមិនច្បាស់លាស់របស់រដ្ឋាភិបាល រហូតដល់ពេលមានវិធានការផ្ដាច់ EBA ២០% និងវិបត្តិកូវីដ១៩ រួមទាំងភាពអសកម្មរបស់រដ្ឋាភិបាលរាប់មិនអស់ផ្សេងទៀត ដែលជាគ្រោះអាសន្នរបស់ជាតិមិនអាចដោះស្រាយបាន។

អ្នកវិភាគរូបនេះអះអាងថា ពីមុនកម្ពុជាជួបតែវិបត្តិអត់លុយបម្រុង និងវិធានការព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប ស្របនឹងឥទ្ធិពលកូវី១៩ សកលប៉ុណ្ណោះ។ ប៉ុន្តែបញ្ជីខ្មៅលាងលុយកខ្វក់និងហិរញ្ញប្បទានភេរវកម្មរបស់អឺរ៉ុបពេលនេះ មានន័យស្មើនឹងទណ្ឌកម្មសេដ្ឋកិច្ចអឺរ៉ុបទាំងមូលលើកម្ពុជា។ លោកបន្ថែមថា កម្ពុជាពិតជារស់មិនបានទេ បើលោក ហ៊ុន សែន នៅតែមានះមិនសម្របសម្រួលជាមួយសហភាពអឺរ៉ុប។

លោកបានផ្តល់ជាដំណោះស្រាយសំរាប់ផ្លូវទៅកាន់ការសម្របសម្រួលជាមួយអឺរ៉ុបបាន លុះត្រាតែរដ្ឋាភិបាលលោកហ៊ុន សែន ត្រូវធ្វើជាបន្ទាន់នូវច្បាប់ស្ដីពីការប្រឆាំងនឹងការសម្អាតសាច់ប្រាក់និងហិរញ្ញប្បទានភេរវកម្ម ឬច្បាប់ស្ដីពីការប្រឆាំងការរីកសាយហិរញ្ញប្បទានអាវុធមហាប្រល័យ ខណៈដែលច្បាប់ទាំងនេះគណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តរួចហើយនៅថ្ងៃសុក្រនេះ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន អះអាងថាកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើច្បាប់ និងអនុម័តច្បាប់ទាំងពីរនេះ  គឺមិនមែនបំពេញចិត្តអង្គភាពណាមួយនោះទេ ប៉ុន្តែជាការប្រឹងប្រែងរបស់រដ្ឋាភិបាល និងធនាគារជាតិដែលត្រូវកែលម្អច្បាប់ទាំងពីរនេះ ដែលកម្ពុជាបាន          អនុវត្តទៅលើ លក្ខខណ្ឌជាសមាជិករបស់ក្រុមប្រទេស អាស៊ីប៉ាស៊ីហ្វិច ស្តីពីការសម្អាតប្រាក់ផងដែរ។ 

លោក គឹម សុខ ថារដ្ឋាភិបាលត្រូវបង្កើតបរិយាកាសប្រជាធិបតេយ្យផ្ទៃក្នុងជាតិឡើងវិញ ដោយចាប់ផ្ដើមពីការផ្ដល់សិទ្ធិនយោបាយដល់លោក កឹម សុខា ឬយ៉ាងហោចណាស់ក៏បន្ធូរដល់លោក កឹម សុខា ដែលអាចមានឱកាសរៀបចំកម្លាំងនយោបាយបន្តវេនដែរ។

លោកថា នេះគឺជាការឆ្លើយតបនឹង មូលហេតុធំមួយ ដែលមានកំណើននៃការលាងលុយកខ្វក់នៅកម្ពុជា ដ៏គួរឲ្យខ្លាច រហូតដល់មានសញ្ញាអាក្រក់នៃការធ្លាក់ពីបញ្ជីប្រផេះចូលទៅក្នុងបញ្ជីខ្មៅ បែបនេះ ដោយក្រុមមេដឹកនាំកម្ពុជាសម្លាប់ប្រជាធិបតេយ្យ ហើយប្រឹងប្រមូលលុយងងឹតទុកចាយទប់អំណាច។

លោក គឹម សុខ ថាការផ្ដល់ឬបន្ធូរសេរីភាពនយោបាយលោក កឹម សុខា មិនត្រូវយឺតពេលនោះទេ ហើយក៏មិនត្រូវអូសបន្លាយឲ្យហួសខែកក្កដា ឬខែសីហា ឆ្នាំ២០២០ នេះដែរ ពីព្រោះបញ្ជីខ្មៅនឹងត្រូវអនុម័តជាផ្លូវការ នៅថ្ងៃទី០១ ខែតុលាឆ្នាំ ២០២០។

រីឯសមាជិកជាន់ខ្ពស់ផ្សេងទៀតនៃ CNRP អាចធ្វើការជាបន្តបន្ទាប់តាមយន្តការស្នើទៅព្រះមហាក្សត្រដោយក្រសួងមហាផ្ទៃ ព្រមទាំងដោះលែងសកម្មជនបក្សប្រឆាំង មន្ត្រីសហជីព-សង្គមស៊ីវិល និងអ្នកសារពត៌មានទាំងអស់។

ទាំងនេះលោកថា ជាបរិយាកាសដែលអាចឲ្យមានការទទួលស្គាល់ថា វាបង្ហាញជំហរគោរពច្បាប់ និងប្រជាធិបតេយ្យឡើងវិញ មុននឹងទៅចរចាជាមួយអឺរ៉ុប ពីព្រោះបើសូម្បីគោលការណ៍មូលដ្ឋានប្រជាធិបតេយ្យ ស្របតាមរដ្ឋធម្មនុញ្ញ រដ្ឋាភិបាលមិនបានគោរពផង តើមានហេតុផលអ្វីទៅពន្យល់សហភាពអឺរ៉ុបឲ្យជឿថា រដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់នោះ?

ជាងនេះទៀត រដ្ឋាភិបាលត្រូវសន្យាយ៉ាងម៉ឺងមាត់ចំពោះសហភាពអឺរ៉ុប អំពីបរិយាកាសបោះឆ្នោតមួយ ទាំងនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិនាពេលខាងមុខនេះ ដែលមានមេដឹកនាំគណបក្សប្រឆាំងធំជាងគេបច្ចុប្បន្ន ចូលរួមដែរ ដើម្បីបង្កើតឱកាសត្រួតពិនិត្យគ្នា រវាងគណបក្សដឹកនាំប្រទេស និងគណបក្សប្រឆាំងនៅក្រោយការបោះឆ្នោត។

ធ្វើយ៉ាងនេះ លោកថាដើម្បីឱ្យកម្ពុជាអាចគេចចេញរួចខ្លួនពីបញ្ជីខ្មៅ ទៅកាន់បញ្ជីប្រផេះវិញ ហើយថែមទាំងអាចសង្គ្រោះប្រព័ន្ធអនុគ្រោះពន្ធEBA ទាំងស្រុងទៀត។ គណបក្សប្រឆាំងក៏មានដង្ហើមការងាររបស់ខ្លួនឡើងវិញ។ រីឯគណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែន ក៏មានពេលកែខ្លួនតាមឱកាសអំណាចដែលនៅសល់ ហើយខ្មែរគ្រប់គណបក្សនយោបាយនៅមានពេលនិយាយសម្របសម្រួលគ្នាជាប្រយោជន៍ផ្ទៃក្នុងជាតិ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស