38 C
Phnom Penh

គណៈរដ្ឋមន្ត្រីសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈរដ្ឋមន្ត្រីនៅសុក្រនេះ បានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មយ៉ាងប្រញាប់ប្រញាល់។

ការសម្រេចនេះ បន្ទាប់ពីសហភាពអឺរ៉ុបបានស្នើសភារបស់ខ្លួនដាក់ប្រទេសកម្ពុជាក្នុងចំណោមប្រទេស១០ផ្សេងទៀត ក្នុងបញ្ជីនៃប្រទេសដែលត្រូវតាមដានខ្ពស់ពាក់ព័ន្ធនឹងការចរាចរណ៍លុយកខ្វក់ ឬលុយខុសច្បាប់ ដែលនាំឱ្យប៉ះពាល់ដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន។

តាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានឱ្យដឹងថាក្នុងកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាព លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៥ ខែឧសភា គណៈរដ្ឋមន្រ្តីបានសម្រេចអនុម័តទាំងស្រុង ដោយគ្មានការកែប្រែឡើយចំពោះសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

លោកបន្តថា សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ត្រូវបានរៀបចំឡើងដោយផ្អែកលើច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០០៧ និងច្បាប់ស្ដីពីវិសោធនកម្មមាត្រា៣ មាត្រា២៩ និងមាត្រា៣០ នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០១៣               ជាគោល ព្រមទាំងបញ្ចូលយុទ្ធសាស្ត្រជាតិស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០១៩-២០២៣ និងអនុសាសន៍តាមស្ដង់ដារឆ្នាំ២០១២ របស់អង្គការឃ្លាំមើលការលាងលុយកខ្វក់អន្តរជាតិ ឬហៅថា FATF ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។

លោកបន្តថា ច្បាប់នេះមានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្រ្កាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ដោយឡែកវិសាលភាពវិញ លោកបញ្ជាក់ថាច្បាប់នេះមានវិសាលភាពអនុវត្តចំពោះរាល់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

យ៉ាងនេះក្តី លោក ផៃ ស៊ីផាន អះអាងថាកិច្ចខិតខំប្រឹងប្រែងធ្វើច្បាប់ទាំងពីរនេះ  គឺមិនមែនបំពេញចិត្តអង្គភាពណាមួយនោះទេ ប៉ុន្តែជាការប្រឹងប្រែងរបស់រដ្ឋាភិបាល និងធនាគារជាតិដែលត្រូវកែលម្អច្បាប់ទាំងពីរនេះ ដែលកម្ពុជាបានអនុវត្តទៅលើ លក្ខខណ្ឌជាសមាជិករបស់ក្រុមប្រទេស អាស៊ីប៉ាស៊ីហ្វិច ស្តីពីការសម្អាតប្រាក់ផងដែរ។ 

សហភាពអឺរ៉ុប កាលពីសប្តាហ៍មុន បានស្នើសភារបស់ខ្លួនដាក់កម្ពុជាក្នុងបញ្ជីត្រូវបង្កើនការត្រួតពិនិត្យលើការលាងលុយកខ្វក់ឬលុយខុសច្បាប់ ទៅក្នុងក្រុមប្រទេសទាំង ១១ ដើម្បីទប់ស្កាត់ក្រុមភេរវកម្ម និងផលប៉ះពាល់ដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន។

ក្នុងសេចក្តីថ្លែងការណ៍របស់អឺរ៉ុប កាលពីថ្ងៃទី៧ ខែឧសភា បញ្ជាក់ថា ការស្នើសុំនេះ ដោយសារក្រុមប្រទេសទាំងនោះបានបរាជ័យក្នុងការប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម បង្កការគំរាមកំហែងខ្លាំងដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួន ហើយវិធានការថ្មីនេះនឹងអនុវត្តចាប់ពីខែតុលា។

ប្រទេសដែលជាប់ក្នុងបញ្ជីខ្មៅរបស់សហភាពអឺរ៉ុបរួចហើយនោះមាន អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ អ៊ីរ៉ង់ ប៉ាគីស្ថាន ស៊ីរី យេម៉ែន កូរ៉េខាងជើង អ៊ូហ្គាន់ដា វ៉ានូទូ ដែនដីទ្រីនីដាត និងតូបាហ្កូជាដើម។

អង្គការឃ្លាំមើលការលាងលុយកខ្វក់អន្តរជាតិ «FATF» កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ក៏បានដាក់កម្ពុជាក្នុងបញ្ជីប្រផេះជាថ្មីទៀត បន្ទាប់ពីខ្លួនបានសម្រេចដកប្រទេសកម្ពុជាចេញពីបញ្ជីខ្មៅកាលពីឆ្នាំ២០១៥។ ការសម្រេចដាក់កម្ពុជាចូលក្នុងបញ្ជីខ្មៅជាថ្មីទៀតនោះ ដើម្បីតាមដានការលាងលុយកខ្វក់ ខណៈកម្ពុជា មានលំហូរអ្នកវិនិយោគចិនផ្នែកសំណង់ កាស៊ីណូ និងល្បែងតាមអនឡាញជាដើមនោះ។

កាលពីថ្ងៃទី២៨ ខែមេសា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេង បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងកែសម្រួលសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយអាវុធមហាប្រល័យ និងសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាណភេវរកម្ម។

លោកអះអាងថា សេចក្ដីព្រាងច្បាប់ទាំងពីរនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងការវិវត្តន៍សង្គមផង និងដើម្បីឱ្យស្របទៅនឹងបទដ្ឋានអន្តរជាតិដែលតម្រូវឱ្យកម្ពុជាមានយន្តការជាក់លាក់ផង។

លោក ស ខេង ទទួលស្គាល់ថា ដោយសារភាពខ្វះខាតនៃច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយអាវុធមហាប្រល័យ និងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ទើបកម្ពុជាត្រូវបានគេចាត់ចូលជាប្រទេសស្ថិតក្នុងបញ្ជីប្រផេះ ដែលជាប្រទេសមានហានីភ័យខ្ពស់ ធ្វើឱ្យអ្នកវិនិយោគមានការរារែក និងអាចប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចកម្ពុជា។

អនុប្រធានគណបក្សប្រជាជនកម្ពុជារូបនេះមើលឃើញថា ប្រសិនបើកម្ពុជានៅតែបន្តភាពខ្វះខាតច្បាប់នេះទៀត នោះនឹងអាចប្រឈមចុះក្នុងបញ្ជីខ្មៅតែម្តង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស