សមាជិកសហភាពអឺរ៉ុបចំនួន ១០២រូបបានទទូចឱ្យក្រុមមន្រ្តីសុខាភិបាលសហភាពអឺរ៉ុបជួយសម្របសម្រួលឱ្យមានតំណាងរបស់ក្រុមមន្រ្ដីសុខាភិបាល កោះតៃវ៉ាន់ ចូលរួមប្រជុំមហាសន្និបាតអង្គការសុខភាពពិភពលោក WHA ក្នុងឋានៈជាអ្នកសង្កេតការណ៍។ WHAគឺជាក្រុមសម្រេចគោលនយោបាយនៃអង្គការសុខភាពពិភពលោកដែល មហាសន្និបាតរបស់ខ្លួនលើកទី៧៣ និងប្រព្រឹត្តទៅពីថ្ងៃទី១៨ ខែឧសភាដល់ថ្ងៃទី១៩ ខែឧសភា។
នៅក្នុងលិខិតមួយចុះដោយអ្នកតំណាងរាស្រ្ដសហភាពអឺរ៉ុបចំនួន១០២រូប រួមទាំងរដ្ឋមន្រ្ដីក្រសួងសុខាភិបាលបួនរូបនៃសហភាពអឺរ៉ុបបានដាក់ស្នើទៅកាន់អង្គការសុខភាពពិភពលោក WHOឱ្យអញ្ជើញកោះតៃវ៉ាន់មកចូលរួមកិច្ចប្រជុំជាមួយ WHA ដោយយោងលើបទដ្ឋាននិងកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៦។ លិខិតរបស់អ្នកតំណាងរាស្រ្ដទាំងនោះបានបញ្ជាក់ថាកោះតៃវ៉ាន់អាចមានកាតព្វកិច្ចចូលរួមជាមួយWHA ជាអ្នកសង្កេតការណ៍ប៉ុណ្ណោះ។
លិខិតដដែលបញ្ជាក់ទៀតថាសហរដ្ឋអាមេរិក កាណាដា អូស្រ្ដាលី ណូវែលហ្សឺឡង់ ក៏បានសម្ដែងការគាំទ្រឱ្យមានការអញ្ជើញរដ្ឋមន្រ្ដីក្រសួងសុខាភិបាលកោះតៃវ៉ាន់មកចូលរួមផងដែរ។ តៃវ៉ាន់មិនមានសមាជិកភាពណាមួយរបស់ខ្លួននៅក្នុង WHOនេះទេ។ ប៉ុន្ដែដែនកោះមួយនេះធ្លាប់ជាសមាជិករបស់អង្គការសហប្រជាជាតិកាលពីដើម ទសវត្ស១៩៧០ ដែលមានឈ្មោះថាសាធារណរដ្ឋចិន។ ប៉ុន្ដែត្រូវបានក្រុមប្រឹក្សាសន្ដិសុខដកហូតសមាជិកភាពរបស់ខ្លួនវិញក្រោយពីចិនជំទាស់យ៉ាងដាច់អហង្ការ។
តៃវ៉ាន់ពេលនេះត្រូវបានគេមើលឃើញថាកំពុងតែតស៊ូមតិយ៉ាងខ្លាំងក្លាចង់បានសមាជិកភាពរបស់ WHO បន្ទាប់ពីដែនកោះមួយនេះខកចិត្តជាខ្លាំងដោយសារតែ WHO មិនទទួលយកសំណួររបស់តៃវ៉ាន់ពាក់ព័ន្ធនឹងការផ្ទុះមេរោគកូរ៉ូណានៅប្រទេសចិនប៉ុន្ដែសម្រាប់កោះតៃវ៉ាន់ត្រូវបានមើលឃើញថាបានកំពុងជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃការឆ្លងមេរោគកូរ៉ូណា។
ទោះជាយ៉ាងណាក៏ដោយចិនដែលតែងតែប្រឆាំងដាច់ខាតចំពោះវត្តមានរបស់កោះតៃវ៉ាន់នៅគ្រប់ទំនាក់ទំនងអន្ដរជាតិទាំងអស់ ហើយបានប្រកាសថាតៃវ៉ាន់គឺជាផ្នែកមួយនៃដែនដីរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ចិនក៏បានព្រមានរាល់ប្រទេសណា ឬអង្គការណាដែលហ៊ានទទួលស្គាល់តៃវ៉ាន់ គឺស្មើនឹងរំលោភលើអធិបតេយ្យភាពរបស់ចិនដែលគេហៅថាគោលនយោបាយចិនតែមួយ។
យ៉ាងណាក៏ដោយលិខិតរបស់សមាជិកសភាសហភាពអឺរ៉ុបបានកោតសរសើរជាខ្លាំងចំពោះកោះតៃវ៉ាន់ដែលបានទប់ស្កាត់ជំងឺឆ្លងដ៏កំណាចនេះហើយបាននិយាយថាដែនដីកោះតៃវ៉ាន់គួរតែត្រូវបានទទួលស្គាល់ជាផ្នែកមួយនៃអង្គការសុខភាពពិភពលោក។ លិខិតរបស់អ្នកតំណាងរាស្រ្ដសហភាពអឺរ៉ុបនេះបានបញ្ជាក់ដូចនេះថា «យើងស្នើសុំឱ្យរដ្ឋមន្រ្ដីសុខាភិបាលនៃដែនកោះតៃវ៉ាន់លោក Chen Sinh Chungមកចូលរួមកិច្ចប្រជុំWHOដែលធ្វើឡើងតាមរយៈវីឌីអូសន្និសីទក្នុងនាមជាអ្នកសង្កេតការណ៍ដើម្បីស្វែងយល់ពីភាពជោគជ័យរបស់តៃវ៉ាន់ដែលយកឈ្នះបានការរីករាលដាលនៃជំងឺកូវីដ១៩។ បន្ថែមពីនេះយើងស្នើ សុំ WHOគួរតែសម្របសម្រួលរកពេលវេលាណាមួយសមរម្យដើម្បីឱ្យតៃវ៉ាន់មានលទ្ធភាពចូលរួមក្នុងកិច្ចប្រជុំWHOគ្រប់កាលៈទេសៈទាំងអស់បាន»។
គេហទំព័រ Focus Taiwanបានចុះផ្សាយថាលិខិតតំណាងរាស្រ្ដសហភាពអឺរ៉ុបបានផ្ដួចផ្ដើមឡើងកាលពីថ្ងៃពុធទី១៤ ខែឧសភា ដោយអតីតរដ្ឋមន្រ្ដីការបរទេសនៃប្រទេស Estonia និងប្រធានក្រុមមិត្តភាពសហភាពអឺរ៉ុបតៃវ៉ាន់។ លិខិតរបស់អ្នកតំណាងរាស្រ្ដទាំងនោះបានបញ្ជាក់ថាយើងសង្ឃឹមថាWHO និងស្ដាប់យើង គឺស្ដាប់សំឡេងរបស់សហភាពអឺរ៉ុបជំនួសឱ្យនិន្នាការនយោបាយរបស់ខ្លួនទៅប្រទេសចិន។
ប៉ុន្ដែអ្នកច្បាប់ម្នាក់របស់ WHO លោក Steven Solomon បញ្ជាក់ថាយោងតាមច្បាប់ WHO គឺមានតែសមាជិក WHO ទាំងអស់ធ្វើសេចក្ដីសម្រេចគាំទ្រប្រទេសណាមួយឱ្យមកចូលរួមកិច្ចប្រជុំ WHA ប៉ុន្តែសូមជម្រាបថាWHOកំពុងតែរងការរិះគន់ធ្ងន់ធ្ងរដោយសារតែសហរដ្ឋអាមេរិកនាំមុខគេចោទប្រធានអង្គការនេះថាមានទំនោរទៅរកចិនហើយបិទបាំងព័ត៌មានអំពីការផ្ទុះមេរោគនៅប្រទេសចិនដែលនាំឱ្យមេរោគកូរ៉ូណាផ្ទុះជាសកលបាន។ ជាងនេះទៅទៀត សហរដ្ឋអាមេរិកបានប្រកាសផ្ដាច់ជំនួយសប្បុរសធម៌ជាង៤រយដុល្លារភ្លាមបន្ទាប់ពីលោកត្រាំចោទថាប្រធានអង្គការនេះលំអៀងទៅរកចិន៕