27 C
Phnom Penh

សង្គមស៊ីវិលស្នើឱ្យដោះលែងអ្នកសារព័ត៌មានដែលកំពុងជាប់ឃុំ និងបញ្ឈប់ការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍ បានស្នើសុំដល់រដ្ឋាភិបាលកម្ពុជា ឱ្យទម្លាក់ចោលការចោទប្រកាន់ចំពោះ អ្នកសារព័ត៌មានដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ លោក សុខ ឧត្តម និងលោក សុវណ្ណ រឹទ្ធី និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញចំពោះអ្នកសារព័ត៌មានមិនស្ថិតក្នុងការឃុំឃាំងផ្សេងទៀត ដែលប្រឈមមុខនឹងការផ្ដន្ទាទោសដោយសារការងាររាយការណ៍ព័ត៌មានរបស់ពួកគាត់ ។ 

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១៨ ខែឧសភានេះ ក្រៅពីជំរុញឱ្យរដ្ឋបញ្ឈប់ការធ្វើទុក្ខបុកម្នេញដល់ក្រុមអ្នកសារព័ត៌មាន និងដោះលែងពួកគេហើយនោះ អង្គការសង្គមស៊ីវិល និងសហគមន៍ចំនួន១៣១ សង្ឃឹមថា រាជរដ្ឋាភិបាលនឹងប្រគល់អាជ្ញាប័ណ្ណវិទ្យុ និងគេហទំព័រផ្សាយព័ត៌មាន ដែលត្រូវបានដកហូតកន្លងមកនិងក្នុងរយៈពេលចុងក្រោយនេះ ដល់ម្ចាស់អាជ្ញាប័ណ្ណទាំងអស់នោះឱ្យបានដំណើរការឡើងវិញ ។

កាលពីថ្ងៃពុធសប្ដាហ៍សប្តាហ៍មុន នគរបាលបានចាប់ខ្លួនម្ចាស់ស្ថានីយវិទ្យុក្នុងស្រុកមួយនៅខេត្តកំពង់ឆ្នាំងគឺលោក សុខ ឧត្តម ដោយចោទប្រកាន់ពី “បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍” ។ 

ក្នុងសេចក្តីថ្លែងការណ៍បន្តថា ជាញឹកញាប់ លោក ឧត្តម បានរាយការណ៍ពីជម្លោះដីធ្លីដែលបានអូសបន្លាយពេលជាយូរមកហើយរវាង សហគមន៍កសិករមូលដ្ឋាន និងមន្ត្រីថ្នាក់ស្រុកមានអំណាច។ មុនពេលចាប់ខ្លួនលោក ឧត្តម មួយថ្ងៃ ក្រសួងព័ត៌មានបានលុបចោលអាជ្ញាប័ណ្ណផ្សាយព័ត៌មានរបស់លោកគឺ ស្ថានីយវិទ្យុរឹទ្ធីសែន និងគេហទំព័ររបស់វិទ្យុនេះ ទោះបីជា លោក ឧត្តម មិនទាន់ត្រូវបានចោទប្រកាន់ពីបទល្មើសណាមួយនៅពេលនោះក៏ដោយ ខណៈលោកកំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ ។

កាលពីដើមខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចបានចាប់ខ្លួនចាងហ្វាងសារព័ត៌មានអនឡាញTVFB លោក សុវណ្ណ រឹទ្ធី ដោយចោទប្រកាន់ពី“បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” ។ ការចាប់ខ្លួននោះ ក្រោយពីលោកបានស្រង់សម្ដីផ្ទាល់របស់នាយករដ្ឋមន្រ្តី ដែលមានប្រសាសន៍ជាសាធារណៈ ក្នុងពេលរាជរដ្ឋាភិបាលឆ្លើយតបចំពោះបញ្ហារីករាលដាលជាសកលនៃវីរុសកូវីដ១៩។ 

លោក ហ៊ុន សែន លើកឡើងពេលនោះថា រដ្ឋាភិបាលមិនមានថវិកាគ្រប់គ្រាន់ក្នុងការគាំទ្រកម្មករក្រៅប្រព័ន្ធដូចជា អ្នករត់ម៉ូតូឌុប អំឡុងពេលមានវិបត្តិសេដ្ឋកិច្ចកើតឡើងមកពីវីរុសកូវីដ១៩ទេ ព្រមទាំងបានណែនាំឱ្យអ្នករត់ឌុបឬតាក់ស៊ីដែលក្ស័យធន លក់យានជំនិះរបស់ពួកគាត់ ដើម្បីយកប្រាក់ជួយផ្គត់ផ្គង់ជីវភាពរស់នៅបន្តទៀត ។

ក្រោយការចាប់ខ្លួនលោក សុវណ្ណ រិទ្ធី មួយថ្ងៃ អាជ្ញាប័ណ្ណគេហទំព័រ TVFB របស់លោក ត្រូវបានក្រសួងព័ត៌មានលុបចោលផងដែរ។ ទាំងលោក សុវណ្ណ រឹទ្ធី និងលោក សុខ ឧត្តម ប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់២ឆ្នាំ ប្រសិនបើត្រូវបានផ្ដន្ទាទោស។ 

ប្រភពដដែលបន្តថា នៅដើមឆ្នាំ២០២០នេះ យ៉ាងតិចណាស់មានអ្នកសារព័ត៌មានជាង១០នាក់ ត្រូវបានកោះហៅ និងសាកសួរដោយនគរបាល និងមន្រ្តីយុត្តិធម៌ ដោយសារការរាយការណ៍ព័ត៌មានរបស់ពួកគាត់ ។ 

សង្គមស៊ីវិលទាំងនេះ បានហៅការបន្តចាប់ខ្លួន ឃុំខ្លួន និងការធ្វើទុក្ខបុកម្នេញផ្លូវច្បាប់ ចំពោះអ្នកសារព័ត៌មាន ដែលហ៊ានផ្សាយព័ត៌មានរិះគន់ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរចំពោះសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា ។

ពួកគេនិយាយថា សេរីភាពសារព័ត៌មាននៅកម្ពុជា បានបន្តធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៧ ក្រោយពេលរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបង្ក្រាបសំឡេងប្រឆាំងឥតស្រាកស្រាន្ត។ 

កាលពីខែមេសា អង្គការអ្នករាយការណ៍ព័ត៌មានគ្មានព្រំដែន បានចេញរបាយការណ៍ប្រចាំឆ្នាំ២០២០ បង្ហាញថា សេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់ចុះមួយលេខថែមទៀតពីចំណាត់ថ្នាក់លេខ១៤៣ មកនៅលេខ១៤៤ នៅឆ្នាំនេះ ក្នុងចំណោម ១៨០ប្រទេសនៅលើពិភពលោក។ ចំណាត់ថ្នាក់នេះ បង្ហាញថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានរូបភាពកាន់តែអាក្រក់ជាងឆ្នាំមុនទៅទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស