38.8 C
Phnom Penh

អ៊ីរ៉ង់បញ្ជូនសារទៅ ប្រធានUN ខណៈអ៊ីរ៉ង់កោះហៅទូតអាមេរិក មកចោទសួរអំពីការគំរាមកំហែងវាយ ប្រហារនាវាអ៊ីរ៉ង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ៊ីរ៉ង់បានបញ្ជូនលិខិតភ្លាមៗ ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ដោយព្រមានអំពីការបង្កការប្រទុសារាយ ពីសំណាក់សហរដ្ឋអាមេរិក ដែលក្រុង តេហេរ៉ង់សង្ស័យថាមានផែនការវាយប្រហារលើនាវាដឹកប្រេងរបស់អ៊ីរ៉ង់ទៅអោយប្រទេសវេណេហ្សូអេឡា។

ទីភ្នាក់ងារសារព័ត៌មានរបស់អ៊ីរ៉ង់ IRNA បានចុះផ្សាយដោយស្រង់ខ្លឹមសារនៃសារលិខិតរបស់ លោករដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ Javad Zarif បានរាយការណ៍ប្រាប់លោក Guterres អំពីសហរដ្ឋអាមេរិក បាន                 បញ្ចូនទ័ពទៅ កាន់សមុទ្រការ៉ាបៀន ដោយផែនការវាយលើនាវាអ៊ីរ៉ង់ដឹកប្រេងទៅអោយវេណេហ្សូអេឡា។

លិខិតរបស់រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ បានហៅ សកម្មភាពរបស់កងទ័ពអាមេរិក គឺជាការគំរាមកំហែង និងបង្កការគ្រោះថ្នាក់ គឺដូចជា ចោរសមុទ្រ។ បន្ថែមលើនេះ គឺជាការបង្ក ការគំរាមកំហែង សន្តិភាព និងសន្តិសុខអន្តរជាតិ ដែលត្រូវបញ្ឈប់ជាបន្ទាន់ហើយសហរដ្ឋអាមេរិក ត្រូវងាកមកគោរពច្បាប់ អន្តរជាតិឡើងវិញ ជាពិសេស គោរពច្បាប់    សមុទ្រ ដែលបើកចំហសេរីភាពនាវាចរណ៍អន្តរជាតិ។

យ៉ាងណាលិខិតរបស់ Javad Zarif  ដែលបានបញ្ជូនទៅ លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានប្រកាសថា អ៊ីរ៉ង់នឹងប្រើសិទ្ធិការពារខ្លួន ឆ្លើយតបនឹង ការវាយប្រហារណាមួយពីសំណាក់កងទ័ពអាមេរិក។

ជាមួយគ្នានេះ អនុរដ្ឋមន្រ្ដីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi               ក៏បានផ្ញើសារទៅកាន់ឯកអគ្គរដ្ឋទូត ប្រទេសស្វីសដែលតំណងឱ្យប្រយោជន៍អាមេរិកនៅសាធារណរដ្ឋឥស្លាមមួយនេះ គឺកាលពីថ្ងៃអាទិត្យដោយព្រមានថា ករណីណាមួយដែលអាមេរិកគម្រាមផលិតផលប្រេងរបស់អ៊ីរ៉ង់ គឺអ៊ីរ៉ង់នឹងចាត់វិធានការវាយបកដែលអាចឈានដល់ការប៉ះទង្គិចគ្នា។

កាលពីថ្ងៃទី១៦ឧសភា សហរដ្ឋអាមេរិកបានបញ្ជូន នាវាចម្បាំងចំនួន៤គ្រឿងទៅ កាន់ច្រកសមុទ្រការ៉ាបៀន នៃប្រទេសកូឡំប៊ី និងប្រេស៊ីល ដែល ច្រកសមុទ្រនេះ ជាផ្លូវនាវាចរណ៍អន្តរជាតិ ឆ្លងកាត់ ទៅឈូងសមុទ្រនៃប្រទេសវេណេហ្សូអេឡា។ ទីភ្នាក់ងារសារព័ត៌មាន របស់អ៊ីរ៉ង់បានរាយការណ៍ថា សហរដ្ឋអាមេរិក នឹងបញ្ជាអោយកងនាវាចម្បាំងរបស់ខ្លួនទាំងនេះ រាំងខ្ទប់ ច្រកសមុទ្រ ការ៉ាបៀន ដែលជាការ គំរាមកំហែង នាវាដឹកប្រេងរបស់ អ៊ីរ៉ង់។

រដ្ឋាភិបាល អ៊ីរ៉ង់ បានព្រមានថា បើអាមេរិកហ៊ានវាយប្រហារលើ វានា របស់ខ្លួន គឺអ៊ីរ៉ង់នឹងវាយបកវិញភ្លាម។ ប៉ុន្តែ ក្រុងតេអហេរ៉ង់ថាខ្លួន មិនចង់អោយមានរឿងបែបមនេះទេ។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា សេតវិមាន កំពុងសិក្សាអំពី វិធានការដើម្បី រាំងខ្ទប់នាវាដឹកប្រេងរបស់អាមេរិក បើ នាវានោះមកដល់ដែនសមុទ្រ ការ៉ាបៀន ដែលជាផ្លូវឆ្លងកាត់ទៅសមុទ្រវេណេហ្សូអេឡា។

អាមេរិកនិងអ៊ីរ៉ង់ធ្លាប់ប៉ះទង្គិចគ្នាដោយវាយប្រហារនាវាដឹកប្រេង នៅឆ្នាំ២០១៩ដោយការបាញ់មីស៊ីលពិឃាតនិងយន្តហោះដ្រូនហើយអ៊ីរ៉ង់ពេលនោះក៏ឈានដល់ការរឹបអូសនាវាដឹកប្រេងអង់គ្លេស ទៀតផងបាននាំអោយ អង់គ្លេសប្រតិកម្មហើយរឹប អូសនាវាដឹកប្រេងរបស់ប្រទេសអ៊ីរ៉ង់មួយវិញភ្លាម។

បច្ចុប្បន្ន អាមេរិក និងអ៊ីរ៉ង់កំពុងតែតានតឹងដាក់គ្នានៅឡើយ នៅលើឈូងសមុទ្រពែស្យ ដោយអាមេរិក បានពង្រាយកងនាវា ចម្បាំងនិងនាវាផ្ទុកយន្តហោះចំនួន ២គ្រឿងព្រមទាំងកងទ័ពថ្មើជើងនិងកងទ័ពអាកាស ជាង២ម៉ឺននាក់ នៅ មជ្ឈឹមបូព៌ាដើម្បីការពារផលប្រយោជន៍អាមេរិកនៅក្នុងតំបន់នោះ។

កាលពីសប្ដាហ៍មុន រុស្ស៊ី និងចិន បានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ដើម្បី ទាមទារអោយ សហរដ្ឋអាមេរិកព្យួរ ជាបណ្ដោះអាសន្ន នូវការដាក់ទណ្ឌកម្មលើប្រទេសវេណេហ្សូអេឡា ព្រោះ ប្រទេសនេះ កំពុងធ្លាក់ក្នុង ជំងឺរាត្បាត កូវិដ។ តែអាមេរិក អង់គ្លេសនិង បារាំង មិនយល់ព្រម។

មានការចោទសួរថាតើ នាវាដឹកប្រេងទាំងប្រាំគ្រឿងរបស់អ៊ីរ៉ង់ មានអ្វីពិតប្រាកដ នៅក្នុងនោះ ។ វាជាប្រេង ឬជាអាវុអាវុធ របស់អ៊ីរ៉ង់និងរុស្ស៊ី ទៅអោយរបបលោកម៉ាឌូរ៉ូ ដែលជិតដាច់ខ្យល់ស្លាប់ដោយ សារទណ្ឌកម្មពីសំណាក់សហគមន៍អន្តរជាតិ ជាពីសេស សហរដ្ឋអាមេរិក។ តាមព័ត៌មានមកថា វានាដឹកប្រេងរបស់អ៊ីរ៉ង់នេះ គឺដឹកស្បៀង ទៀតផង ហើយត្រឡប់មកវិញ គឺដឹកមាសពីប្រទេសវេណេហ្សូអេឡា។

តែយ៉ាងណា ប្រទេសវេណហ្សូអេឡា ដែលជាប្រទេសធំទី៤នៃការផលិតប្រេងសម្រាប់លក់ទៅ ប្រទេសផ្សេងៗ  បែរជាសុំប្រេងពីអ៊ីរ៉ង់វិញ ។ ប្រការនេះ គឺអាចមកពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលរាំងខ្ទប់ប្រេងវេណេហ្សូអេឡា មិនអោយនាំចេញទៅ កាន់ប្រទេសមួយចំនួនដែលបញ្ជាការនាំប្រេងពីប្រទេសហែកហួរដោយវិបត្តិសេដ្ឋកិច្ចនិងនយោបាយមួយនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស