34 C
Phnom Penh

ក្រសួងសុខាភិបាលច្រានចោលព័ត៌មានវៀតណាមថាមានបុរសម្នាក់ឆ្លងកូវីដ១៩បន្ទាប់មកពីកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាល បានប្រកាសបដិសេធទាំងស្រុងនូវការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មានវៀតណាមមួយឈ្មោះ Vietnam News ដែលបានលើកឡើងថាបុរសវៀតណាមម្នាក់បានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីបុរសរូបនោះត្រឡប់ទៅពីកម្ពុជាវិញ។

ជំហបដិសេធនេះ ធ្វើឡើងក្រោយសារព័ត៌មាន Vietnam News របស់វៀតណាម បានចុះផ្សាយកាលពីសប្តាហ៍មុនថា បុរសវៀតណាមវ័យ ៣៩ឆ្នាំ នៅស្រុកតាន់ចូវ ខេត្តតាយនិញ ស្ថិតនៅជាប់ព្រំដែនកម្ពុជា ត្រូវបានរកឃើញឆ្លងមេរោគកូវីដ១៩ កាលពីថ្ងៃទី១៥ ខែឧសភា បន្ទាប់ពីត្រឡប់ពីខេត្តសៀមរាប ទៅប្រទេសវៀតណាមវិញ។ ប៉ុន្តែបុរសរូបនោះបានធ្វើតេស្តដោយទទួលលទ្ធផលអវិជ្ជមានលើកទី១ នៅថ្ងៃទី៥ ឧសភាម្តងរួចទៅហើយ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃម្សិលមិញ បានស្នើទៅភាគីវៀតណាមឱ្យបកស្រាយជាបន្ទាន់ ជុំវិញអ្វីដែលសារព័ត៌មានវៀតណាម Vietnam News ចុះផ្សាយនេះ។

ក្រសួងអះអាងថា ខ្លួនបានចាត់មន្ត្រីជំនាញ សហការជាមួយអាជ្ញាធរខេត្តសៀមរាប ចុះស្រាវជ្រាវ ប៉ុន្តែ មិនមានឈ្មោះជនជាតិវៀតណាមរស់នៅទឹកដីខេត្តសៀមរាប និងឆ្លងជំងឺកូវីដ១៩ ដូចការចុះផ្សាយរបស់សារព័ត៌មាន Vietnam News នោះទេ។ លោកបញ្ជាក់ថា បុរសជនជាតិវៀតណាមរូបនោះ គឺឆ្លងជំងឺកូវីដ១៩ នៅក្នុងទឹកដីវៀតណាមផ្ទាល់តែម្តង មិនមែនឆ្លងនៅកម្ពុជានោះឡើយ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលអំពាវនាវទៅភាគីវៀតណាមគោរពតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍និយ័តកម្មអន្តរជាតិលើករណីជំងឺឆ្លង មុននឹងធ្វើការសន្និដ្ឋាន ឬចុះផ្សាយ កុំឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងពីរប្រទេស។

ជាការឆ្លើយតប ស្ថានទូតវៀតណាមប្រចាំកម្ពុជានៅថ្ងៃទី១៩ឧសភា តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន ដោយដកស្រង់ការលើកឡើងរបស់ ឯកអគ្គរដ្ឋទូតវៀតណាមលោក វ៉ូ ក្វាង មិញ ថាបញ្ហានេះ វៀតណាមមិនទាន់បញ្ជាក់ថាករណីអ្នកជំងឺកូវីដ១៩ លេខ៣១៥ មានការឆ្លងជំងឺពីកម្ពុជានៅឡើយទេ។

ក្រសួងសុខាភិបាលកម្ពុជានៅតែប្រកាន់ជំហរថា មកទល់ថ្ងៃម្សិលមិញនោះកម្ពុជានៅមិនទាន់រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះឡើយ ក្រៅតែពីអ្នកជំងឺ១២២នាក់ ដែលបានរកឃើញឆ្លងជំងឺនេះតាំងពីខែមករា មក ប៉ុន្តែពួកគេត្រូវបានព្យាបាលឱ្យជាសះស្បើយ និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញអស់ទៅហើយដែរ។

ទោះបីជាកម្ពុជាមិនមានអ្នកឆ្លងថ្មីក៏ដោយ ប៉ុន្តែទាំងប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន និងខាងក្រសួងសុខាភិបាលនៅតែអំពាវនាវឱ្យពលរដ្ឋទាំងអស់បន្តប្រុងប្រយ័ត្នខ្ពស់ ដោយប្រកាន់ខ្ជាប់នូវវិធានការអនាម័យជាប្រចាំ បញ្ចៀសនូវរលកឆ្លងជំងឺកូវីដ១៩ជាថ្មីទៀតនៅកម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស