ចិន កំពុងស្ថិតក្នុងភាពឯកោ កាន់តែខ្លាំងហើយ ពាក់ព័ន្ធនឹងការផ្ទុះមេរោគកូរ៉ូណា ដែលសម្លាប់មនុស្ស ទូទាំងពិភពលោក ជាង៣២ម៉ឺននាក់ និងឆ្លងជំងឺកូវីដ១៩ ជិតប្រាំលាននាក់ ហើយបណ្ដាលអោយខូចខាតសេដ្ឋកិច្ច លាន លានដុល្លារ។
ប្រទេសដែលមានពលរដ្ឋស្លាប់ច្រើនជាងគេគឺសហរដ្ឋអាមេរិក ជាង ៩ម៉ឹន ១ពាន់នាក់ និងឆ្លងជាង១លាន៥សែននាក់។ ចំណែកប្រទេសអូស្ត្រាលីដែលមានអ្នកឆ្លងជាង៧ពាន់នាក់ ជាប្រទេសមួយដូចសហរដ្ឋអាមេរិក ដែលនាំមុខគេក្នុងការប្រមូលប្រទេសផ្សេងៗទៀត សុំអោយមានក្រុមស៊ើបអង្កេតអន្តរជាតិមួយ ចូលរួមស៊ើបអង្កេតករណី ការផ្ទុះមេរោគ នៅក្រុងវូហាន ខេត្តអ៊ូប៉ី ប្រទេសចិន។
សារព័ត៌មានមួយរបស់ប្រទេសអង់គ្លេស បានចុះផ្សាយថា យ៉ាងហោចណាស់មានប្រទេសចំនួន ១២២ បានគាំទ្រការអំពាវនាវ របស់ ប្រទេស អូស្ត្រាលីដែលសុំអោយមានការស៊ើបអង្កេត លើប្រទេស ដែលជាប្រភពដំបូងនៃការផ្ទុះមេរោគកូរ៉ូណា គឺប្រទេសចិន។
ប្រទេសទាំងនេះ បានគាំទ្រប្រទេសអូស្រ្តាលី គឺបន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសថានឹងបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយស្រាវជ្រាវអោយឃើញប្រភព ដែលបណ្ដាលអោយមានមេរោគកូរ៉ូណា រីករាតត្បាតពិភពលោក។ រដ្ឋការរបស់លោកត្រាំបានប្រកាសថា មេរោគផ្ទុះដំបូងនៅចិន ហើយដែលត្រូវស៊ើបអង្កេតពីប្រទេសចិន មុនគេ។
នាយករដ្ឋមន្ត្រីអូស្រ្តាលី Scott Morrison បានប្រាប់ពិភពលោកថា មហាសន្និបាតនៃអង្គការសុខភាពពិភពលោក នៅថ្ងៃនេះ ដែលមាន ប្រទេសចូលរួម ១៩៤ប្រទេស គឺត្រូវតែ ធ្វើការសម្រេចមួយ ដើម្បី បង្កើតគណៈកម្មការ ស៊ើបអង្កេតករណីមេរោគកូរ៉ូណាកើតដំបូងនៅប្រទេសចិន។ ប្រទេសអង់គ្លេស តាមរយៈអ្នកនាំពាក្យក្រសួងការបរទេស និយាយថា អង់គ្លេសពិតជាគាំទ្រការបង្កើត ក្រុមស៊ើបអង្កេតមួយនេះដើម្បី ធានាថាពិភពលោក នឹងមានទំនុកចិត្តឡើងវិញ។
មានការចោទសួរថា តើប្រទេសកូនបំណុល របស់ចិន ដែល ចូលរួមគាំទ្រ អូស្ត្រាលី និងសហរដ្ឋអាមេរិក ក្នុងការ បង្កើតក្រុមស៊ើបអង្កេតនេះ អាចប្រឈមនឹងគំនាបពីប្រទេសចិន ឬទេ ឬមួយប្រទេសទាំងនោះចង់ប្រាប់ចិនថា ពួកគេ មានអធិបតេយ្យភាពត្រឹមត្រូវ គឺរឿងបំណុល គឺជារឿងសេដ្ឋកិច្ច គឺផ្សេងពី រដ្ឋមួយដែលមានអធិបតេយ្យ មិនរណបចិន។ ជាមួយគ្នានេះ ប្រទេសក្នុងសហភាពអឺរ៉ុបចំនួន ២៧ប្រទេស បានប្រកាស គាំទ្រអោយមានក្រុមស៊ើបអង្កេតមួយនេះ ត្រូវបានបង្កើតឡើង ។ ដោយឡែក ប្រទេសជប៉ុន ឥណ្ឌូនេស៊ី ឥណ្ឌា កាណាដា ញូហ្សេឡែន អង់គ្លេស រុស្ស៊ី មីស៊ីចកូ និងប្រេស៊ីល បានដាក់ញ្ញតិ្តរបស់គេ ទៅកាន់មហាសន្និបាត នៃអង្គការសុខភាពពិភពលោកដែលកំពុងប្រព្រឹត្តទៅនៅ ក្រុងហ្សេណែវ ប្រទេសស្វិស។
សំណើរបស់ប្រទេសអ៊ូស្ត្រាលី បានដឹកមុខសហរដ្ឋអាមេរិក ក្នុងការបង្កើត ក្រុមស៊ើបអង្គេត។ ប្រទេសនេះ មិនបានស្ទាក់ស្ទើរអ្វីឡើយ ដោយបានដាក់សំណើរបស់ខ្លួន ទៅកាន់មហាសន្និបាតរបស់អង្គការសុខភាពពិពលោក WHO ។ ក្នុងហេតុផលនេះ លោករដ្ឋមន្ត្រីការបរទេស អាមេរិក Mike Pompeo បានទទូចដល់ប្រទេសជាសមាជិក WHO ត្រូវគាំទ្រ សំណើរបស់ប្រទេសអូស្ត្រាលី។
ការដែលលោក Mike Pompeo បានទទូចដូចនេះ គឺចំពេលប្រធានាធិបតី ដូណាល់ត្រាំប្រកាសដាក់ឱសានវាទ ៣០ថ្ងៃ អោយ WHO ឆ្លើយតប វិញភ្លាម ថាតើ WHO ពិតជាអាយ៉ងប្រទេសចិនដូចការចោទប្រកាន់មែនឬទេហើយ បើពុំនោះទេ អាមេរិក នឹងដកសមាជិករបស់ខ្លួនចេញពី WHO។
តែយ៉ាងណា រដ្ឋាភិបាល ចិន បានសម្ដែងកំហឹង ប្រឆាំងនឹងប្រទេសអូស្ត្រាលី ដែលជាអ្នកផ្ដួចផ្ដើម បង្កើត ក្រុមស៊ើបអង្កេត ករណីការផ្ទុះមេរោគកូរ៉ូណា។ ប្រទេសចិន ព្រមានថានឹងបិទការនាំចូល
ពីប្រទេសអូស្ត្រាលី បើប្រទេសនេះ មិនព្រមដកចេញវិញនូវសំណើនេះ។ ប៉ុន្តែ មានការចោទសួរថាហេតុអ្វីបានជាចិន រារាំងការបង្កើតក្រុមស៊ើបអង្កេតនេះ បើខ្លួនជាប្រទេសប្រកាន់នូវភាព បរិសុទ្ធ ទៀងត្រង់ មិនទុច្ចរិតដូចគេចោទមែននោះ។
អ្នកវិទ្យាសាស្ត្រ ផ្នែកអាវុធជីវសាស្ត្រ នៃប្រទេសអ៊ីស្រាអែល បានដាក់ការសង្ស័យមុនគេ ថា ស្ថានភាព និងឥទ្ធិពលនៃការសាយភាពមេរោគកូរ៉ូណា នេះ គឺជាមេរោគដែលអាចផ្ទុះចេញពីមន្ទីរពិសោធនៅក្រុងវូហានប្រទេសចិន។
ការសន្និដ្ឋានរបស់អ្នកជំនាញខាងអាវុធជីវាសាស្ត្រនេះ បាននាំអោយ អ្នកវិទ្យាសាស្រ្តជាច្រើនទៀតយល់ស្រប។ តែសម្រាប់ក្រុងប៉េកាំងបានបដិសេធ ហើយបែរជាទៅចោទអាមេរិកវិញថា ជាអ្នកបង្កើតមេរោគនេះ ព្រោះអាមេរិកបានយកមេរោគនេះមកទម្លាក់នៅក្រុងវូហាន់។ តែអ្នកសង្កេតការណ៍ ទទូចថា ចិន គួរចូលរួមគាំទ្រការបង្កើតក្រុមស៊ើបអង្កេតមួយនេះ ជាជាងគេចពីការទទួលខុសត្រូវ៕