28.4 C
Phnom Penh

កម្ពុជារៀបចំសេចក្ដីព្រាងអនុក្រឹត្យ គ្រប់គ្រងការប្រើប្រាស់យន្តហោះដ្រូន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលលោកហ៊ុន សែន បានរៀបចំសេចក្ដីព្រាងអនុក្រឹត្យមួយ   ស្ដីពីការគ្រប់គ្រង ឬការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬហៅកាត់ថាដ្រូន ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅកម្ពុជា។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន ជាអ្នកដឹកនាំកិច្ចប្រជុំមួយនៅថ្ងៃទី១៩ ខែឧសភា ដើម្បីពិភាក្សា និងរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះ។

សារព័ត៌មានស្និតរដ្ឋាភិបាលFresh News  ដកស្រង់សម្តីលោក ប៊ុន ហុន ចុះផ្សាយថា សេចក្តីព្រាងអនុក្រឹត្យនេះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះសព្វបច្ចុប្បន្ន មិនទាន់មានការគ្រប់គ្រងច្បាស់លាស់នៅឡើយ។ លោកបន្តថា ការប្រើប្រាស់ដ្រូន ក្នុងវិស័យកសិកម្ម ឬក្នុងវិស័យពាណិជ្ជកម្ម មិនមានការបារម្ភនោះទេ ប៉ុន្តែបើយកទៅប្រើប្រាស់ ប៉ះពាល់ទៅដល់សន្តិសុខជាតិ នោះគឺជាក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ។

សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង ដ្រូន ធ្លាប់បានយកមកពិភាក្សាម្តងរួចមកហើយ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។

សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង ដ្រូន មានគោលបំណងគ្រប់គ្រងការប្រើប្រាស់ ដ្រូន គ្រប់ប្រភេទដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅកម្ពុជា។ សេចក្តីព្រាងអនុក្រឹត្យនេះ ក៏មានគោលបំណងកំណត់អំពីការចុះបញ្ជីការ ការអនុញ្ញាតផលិត ការកែច្នៃ ការប្រើប្រាស់ និងការកំណត់តំបន់ហាមឃាត់ការប្រើប្រាស់ ដ្រូន។

សេចក្តីព្រាងអនុក្រឹត្យនេះ មានវិសាលភាព អនុវត្តចំពោះ «ដ្រូន» គ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា លើកលែងតែការផលិត ការកែច្នៃ និងការប្រើប្រាស់ ដែលបម្រើឲ្យវិស័យការពារជាតិ និងសន្តិសុខដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាល។

បញ្ហាដ្រូននេះដែរ កាលពីខែមករាឆ្នាំ២០២០ កម្លាំងនគរបាលក្រុងភ្នំពេញ បានឃាត់ខ្លួនជនជាតិចិន២នាក់ ខណៈដែលពួកគេនាំគ្នាបង្ហោះដ្រូន ដើម្បីថតទិដ្ឋភាពនានានៅតំបន់ហាមឃាត់ នៅខាងមុខព្រះបរមរាជវាំង។

ក្នុងខែមករាដដែលនោះ ករណីយន្ដហោះគ្មានមនុស្សបើកឬ ដ្រូនមួយគ្រឿងដែលមានប្រវែង៥ម៉ែត្រ និងមានស្លាបសងខាង សរុបប្រវែង៩ម៉ែត្រ បានធ្លាក់ចំកណ្ដាលព្រៃ នៅឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ប៉ុន្តែករណីនេះត្រូវបានរក្សាជាការសម្ងាត់ ដោយរដ្ឋាភិបាលកម្ពុជានៅមិនទាន់បញ្ចេញព័ត៌មាននៃការធ្លាក់ដ្រូននេះនៅឡើយទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស