ស្របពេលដែលកម្ពុជារកពុំឃើញករណីឆ្លងវីរុសកូរ៉ូណាថ្មី ហើយអ្នកជំងឺកូវីដ១៩ ទាំងអស់នៅកម្ពុជា បានជាសះស្បើយអស់ហើយ កម្ពុជាបានបើកឱ្យជនបរទេសមកពីប្រទេសចំនួន៦ ដូចជាពីប្រទេសអ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ បារាំង អេស្ប៉ាញ និងអាមេរិក អាចធ្វើដំណើរចូលមកកម្ពុជាវិញបាន។
ការប្រកាសអនុញ្ញាតឲ្យជនបរទេសទាំង៦ប្រទេសចូលមកកម្ពុជាវិញបាននេះធ្វើឡើងក្រោយពី កម្ពុជាបានសម្រេចហាមឃាត់ជនបរទេសមកពី ៦ប្រទេស ធ្វើដំណើរចូលមកកម្ពុជាកាលពីអំឡុងខែមិនា ជាពេលដែលមេរោគកូរ៉ូណាកំពុងរាតត្បាតខ្លាំង។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយជាសាធារណៈនៅថ្ងៃពុធនេះឲ្យដឹងថា ក្រសួងសុខាភិបាល បានប្រកាសលុបចោលបម្រាមដែលបានហាមឃាត់ជនបរទេសមកពីប្រទេសទាំង ៦នោះហើយ ប៉ុន្តែគ្រប់អ្នកដំណើរមកពីក្រៅប្រទេសទាំងអស់ រួមទាំងពលរដ្ឋខ្មែរផងដែរ ត្រូវមានលិខិតពិនិត្យសុខភាពដែលបញ្ជាក់ថា គ្មានមេរោគកូវីដ១៩ ដែលចេញដោយប្រទេសសាម៉ីនៅក្នុងរយៈពេល ៧២ម៉ោង។
ជាងនេះទៅទៀតអ្នកដំណើរជាជនបរទេស ត្រូវមានធានារ៉ាប់រងដែលមានតម្លៃជាទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លារ អំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា និងគោរពតាមវិធានការកំណត់ដោយអាជ្ញាធរកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយកម្ពុជា បានលើកលែងចំពោះមន្ត្រីការទូតតំណាងឱ្យប្រទេសនានា និងមន្ត្រីអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការទាំង ២ប្រភេទរបស់កម្ពុជា។
ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា រាល់អ្នកដំណើរមកពីក្រៅប្រទេសទាំងអស់ រួមទាំងពលរដ្ឋកម្ពុជាផងដែរ នឹងត្រូវដាក់ឱ្យស្ថិតនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃនៅក្នុង«មណ្ឌលរង់ចាំ» ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩៕