រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រកាសនូវជំនួយបន្ថែមចំនួន ៧លាន ៥សែន ដុល្លារទៀតសម្រាប់ជួយប្រទេសកម្ពុជា ក្នុងការដោះស្រាយផលប៉ះពាល់ទៅលើផ្នែកសេដ្ឋកិច្ច និងសុខាភិបាល ដោយសារ មេរោគ កូវីដ-១៩។ ជំនួយនេះ ធ្វើឡើងតាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ដើម្បីបន្តការជួយដោយផ្ទាល់សម្រាប់ផ្នែកសុខាភិបាល និងពង្រីកដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកនៅកម្ពុជាដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា នេះឲ្យដឹងថា ជំនួយជាង៧លាន ដុល្លារនេះ ត្រូវបានប្រកាស នៅក្នុងពិធីមួយដែលធ្វើឡើងរួមគ្នារវាងលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកឯកអគ្គរដ្ឋទូត Patrick Murphy បានមានប្រសាសន៍ថា ធនធានទាំង នេះគឺជាផ្នែកមួយ នៃភាពជាដៃគូដែលមានរយៈពេលយូរ របស់ អាមេរិកជាមួយកម្ពុជា។
លោកបន្តថា ចាប់តាំងពីឆ្នាំ ១៩៩២ មក រដ្ឋាភិបាលសហរដ្ឋអាមេរិក តែងតែជួយគាំទ្រដល់ការអភិវឌ្ឍន៍របស់កម្ពុជា រាប់ពីការជួយកសិករក្នុងការបង្កើនទិន្នផល និងចំណូលរបស់គេ ដល់ការជួយម្ចាស់មុខជំនួញ និងអតិថិជន ឲ្យទទួលបានផលពីកំណើនលូតលាស់សេដ្ឋកិច្ចដ៏អស្ចារ្យ របស់ប្រទេសកម្ពុជា និងការរួមចំណែកដល់កំណើនលូតលាស់នេះ។
លោក Patrick Murphy បន្តថា កិច្ចសហការគ្នានេះជាការប្តេជ្ញាដ៏ចិត្តច្រើនថែមទៀត ហើយបន្តឲ្យមានការប្រុងប្រយ័ត្ន នៅចំពោះមុខអំពីការប្រឈមនៃជំងឺរាតត្បាតជាសាកល កូវីដ ១៩ ដែលមិនធ្លាប់មានពីមុនមក។
លោកបន្តថា ក្នុងអំឡុងវិបត្តិកូវីដ១៩ នេះ សហរដ្ឋអាមេរិកបានជួយប្រជាជនដែលងាយរងគ្រោះ នឹងផលប៉ះពាល់សេដ្ឋកិច្ចចំពោះមុខ ដូចជាកសិករ អ្នកផលិតផ្នែកកសិកម្ម បុគ្គលិកផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច អ្នកធ្វើការតាមរោងចក្រ និងអ្នកធ្វើការក្រៅប្រព័ន្ធ និងអ្នកដែលងាយរងគ្រោះដោយការជួញដូរខុសច្បាប់។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិករូបនេះ អះអាងថា រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងពង្រីកសកម្មភាពដែលកំពុងមាន នៅក្នុងការបង្ការនិងគ្រប់គ្រងមេរោគឆ្លង ដូចជាការផ្តល់សម្ភារៈផ្គត់ផ្គង់សម្រាប់មន្ទីរពិសោធន៍ ការប្រាស្រ័យទាក់ទងអំពីហានិភ័យ ការចូលរួមរបស់សហគមន៍ និងសកម្មភាពដោយឡែកៗនៅតាមមូលដ្ឋាន។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន ថ្លែងថា ជំនួយរបស់អាមេរិកនេះ បានជួយចំគោលដៅ និងទាន់ពេលវេលា ខណៈប្រជាជនកម្ពុជាដែលកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសកលនោះ។ លោកបន្តថាបញ្ហាជំងឺកូវីដ១៩ មិនត្រឹមតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគំរាមកំហែងដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកឲ្យដឹងថា ចាប់តាំងពីមានការផ្ទុះឡើង នៃជំងឺរាតត្បាតនេះមក សហរដ្ឋអាមេរិកបាន ផ្តល់ថវិកាជាង ១១ លានដុល្លារ ហើយសម្រាប់ជួយដល់ការឆ្លើយតប និងការស្តារឡើងវិញពីជំងឺកូវីដ-១៩។ មូលនិធិទាំងនេះ គឺជាការបន្ថែមលើជំនួយបច្ចេកទេសដ៏ច្រើន ដែលមានជាយូរមករបស់អ្នកជំនាញឯកទេសរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
អស់រយៈពេលរាប់ទសវត្សរ៍មកនេះ សហរដ្ឋអាមេរិកគឺជាអ្នកផ្តល់ច្រើនជាងគេនៃជំនួយទ្វេភាគី នៅក្នុងវិស័យសុខភាពសាធារណៈ ជាពិសេសការគំរាមកំហែងនៃជំងឺឆ្លង។
ជាងនេះទៅទៀតសហរដ្ឋអាមេរិក អំពាវនាវដល់អ្នកផ្តល់ជំនួយទាំងអស់ ឲ្យចូលរួមនិងរួមចំណែកដល់ការខិតខំជាសាកល ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩៕