អតីតបុគ្គលិកសណ្ឋាគារ The Great Duke នៅថ្ងៃព្រហស្បតិ៍នេះ បាននាំគ្នាជិត ១០០នាក់ ទាមទារឱ្យពន្លឿនការទូទាត់ប្រាក់អតីតភាពការងារជូនពួកគេជាង១៥០នាក់ ដើម្បីបញ្ចប់ជម្លោះ។
កន្លងមកពួកគេបានប្រមូលផ្ដុំតវ៉ាជាច្រើនលើករួចមកហើយ និងបានដាក់ញ្ញត្តិទៅដាក់នៅស្ថាប័ននានារបស់រដ្ឋ ដូចជា ក្រសួងការងារ ខុទ្ទកាល័យលោក ហ៊ុន សែន និងក្រុមប្រឹក្សាអាជ្ញាកណ្ដាលផងដែរ ដើម្បីទាមទារឱ្យភាគីថៅកែសណ្ឋាគារអនុវត្តតាមសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
កាលពីថ្ងៃទី២០ ខែកុម្ភៈក្នុងឆ្នាំនេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានចេញសេចក្តីសម្រេចតម្រូវឱ្យថៅកែសណ្ឋាគារទូទាត់ប្រាក់សំណងចំនួន ៣ចំណុច ទៅតាមការទាមទាររបស់អតីតបុគ្គលិកសណ្ឋាគារនេះ ប៉ុន្តែសេចក្ដីសម្រេចនេះ មិនត្រូវបានភាគីថៅកែគោរពឡើយ។
ក្រុមអតីតបុគ្គលិកសណ្ឋាគារ The Great Duke នាំគ្នាត្អូញត្អែថាជីវភាពរបស់ពួកគេកំពុងជួបបញ្ហាប្រឈមធ្ងន់ធ្ងរ ខណៈសេដ្ឋកិច្ចរបស់ប្រទេសទាំងមូលកំពុងរងគ្រោះដោយសារការរាតត្បាតនៃជម្ងឺកូវីដ១៩។
ទោះជាយ៉ាងណាក៏ដោយ សាព័ត៌មានសម្លេងប្រជាធិបតេយ្យ VOD បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ចុះផ្សាយនៅថ្ងៃទី២១ ខែឧសភានេះថា រដ្ឋាភិបាលនឹងជួយរកដំណោះស្រាយជូនពួកគេនៅសប្តាហ៍ក្រោយនេះ។
ប៉ុន្តែក្រុមអ្នកតវ៉ាអះអាងថា ប្រសិនបើក្រសួងការងារគ្មានដំណោះស្រាយជូនពួកគេនៅសប្តាហ៍ក្រោយទេ នោះពួកគេនឹងនាំគ្នាដាក់ពាក្យបណ្ដឹងទៅតុលាការដើម្បីបន្តរកយុត្តិធម៌៕