ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីចិនទទូចឱ្យពលរដ្ឋតៃវ៉ាន់ជំរុញមេដឹកនាំតៃវ៉ាន់ងាកមករកការផ្សះផ្សាជាតិ

By ឌឹ ខេមបូឌា ដេលី

May 23, 2020

មហាសន្និបាតសភាប្រជាជនជនចិននៅឆ្នាំនេះ ពុំមានរបៀបវារៈអំពីតៃវ៉ាន់នោះទេ តែថ្នាក់ដឹកនាំបក្សកុម្មុយនិស្តម្នាក់បានលើកទឹកចិត្តពលរដ្ឋតៃវ៉ាន់អោយជួយតម្រង់ទឹកចិត្តមេដឹកនាំ អ្នកស្រីសាយអ៊ឹងវិនអោយ ត្រឡប់មករក ការបង្រួបបង្រួមជាតិឡើងវិញ។

បណ្ដាញផ្សាយព័ត៌មាន សិង្ហបុរី Channel News Asia បានចុះផ្សាយថា ថ្ងៃសុក្រ ទី២២ ខែឧសភា នេះ  មហាសនិ្នបាតប្រចាំឆ្នាំ នៃសភាតំណាងប្រជាជនទូទាំងប្រទេស បានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង។

មេដឹកនាំបក្ស និងរដ្ឋ ដូចជាលោក ស៊ី ជីនភីង ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី លី ខឺឈាង មានវត្តមានក្នុងមហាសន្និបាតនេះ។ មហាសន្និបាតសភា ប្រជាជន ចិន ឆ្នាំនេះ តំណាងប្រជាជនទូទាំងប្រទេសមានចំនួន ២ពាន់ ៨៩៧រូបបានចូលរួម ហើយដែលអ្នកចូលរួមសុទ្ធតែពាក់ម៉ាស់ ដើម្បីបង្ការការឆ្លងមេរោគកូរ៉ូណា ។

នេះគឺជាលើកទីមួយហើយ ដែលមហាសន្និបាតប្រចាំឆ្នាំ នៃសភាប្រជាជនចិន ដ៏កំពូលនេះបានពន្យារពេលបើកការប្រារព្វរហូតដល់នៅខែឧសភានេះ ដោយសារតែប្រទេសនេះទើបបានពុះពារ ការឆ្លងជំងឺ កូវិដ១៩ ហើយបើតាមទំលាប់ត្រូវធ្វើឡើងនៅខែមីនា។

អ្វីដែលជាការកត់សំគាល់សម្រាប់អ្នកសង្កេតការណ៍និងអ្នកសារព័ត៌មាន គឺមហាសន្និបាតនេះ ពុំមានរបៀបវារៈ អំពីដែនដីកោះតៃវ៉ាន់នោះទេ។ ប៉ុន្តែសេចក្ដីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រី លីខឺឈាង បែរជានិយាយយោងដល់ កោះតៃវ៉ាន់ ទៅវិញ។

នេះជាមូលបទមួយដែលអ្នកសង្កេតការណ៍ មើលឃើញថា ចិន នៅតែបន្តចញ្ចឹមចិត្ត បោសអង្អែល តៃវ៉ាន់ផង គំរាមផង។ លោកលឺខឹឈាងបានថ្លែងទៅកាន់ ប្រជាជនកោះតៃវ៉ាន់ សុំអោយងើបឡើងប្រឆាំងនឹងអ្នកស្រី សាយអ៊ឹងវិន ដែលកំពុងធ្វើចលនា ប្រកាសឯករាជ្យ សម្រាប់ដែនដីមួយនេះ។លោក លឺខឺឈាងទំនងចង់និយាយថា តៃវ៉ាន់ធ្វើដូចនេះគឺអាក្រក់ណាស់ ចំពោះទំនាក់ទំនងជាមួយក្រុងប៉េកាំង។ លោកបន្តថា ប្រជាជនតៃវ៉ាន់គួររៀបចំខ្លួន ដើម្បីទទួលយកការបង្រួប បង្រួមជាតិជាមួយចិន ជាជាងផ្ដាច់ខ្លួនដែលនាំអោយគ្រោះថ្នាក់។ លោកបញ្ជាក់ថា តៃវ៉ាន់ គឺជាខេត្តមួយរបស់ចិន។

លោក លី ព្រមានថា សកម្មភាពស្វែងរក ការប្រកាសឯករាជ្យ គឺជាការប្រឈមយ៉ាងពិតប្រាកដនឹង អំពើគ្រោះថ្នាក់ ហើយសម្រាប់ចិន សូមជំទាស់ដាច់ខាត។ លោកបន្តថាចិន នឹងមានវិធានការមួយសមស្រប តាមគោលនយោបាយចិនតែមួយ គឺការពារ ផលប្រយោជន៍របស់ប្រជាជនតៃវ៉ាន់។

នេះជាប្រតិកម្មផ្លូវការដ៏កំពូល របស់ មេដឹកនាំចិន លំដាប់ទី២ ដែលជាការឆ្លើយតបទៅ នឹងសង្រ្គាមវោហាសាស្ត្រ របស់ ប្រធានាធិបតីស្រីនៃដែនដីកោះតៃវ៉ាន់ គឺអ្នកស្រីសាយអ៊ឹងវិន។

នៅក្នុងសុន្ទរកថា ក្នុងពិធីស្បថចូលកាន់តំណែង ជាប្រធានាធិបតីតៃវ៉ាន់ជាលើកទី២ អ្នកស្រីសាយអ៊ឹងវិន បានថ្លែងទៅកាន់ជនរួមជាតិតៃវ៉ាន់ ជាមួយនឹងការ វាយចំអកដាក់ក្រុងប៉េកាំងថា តៃវ៉ាន់ ពេលនេះ មិនមែនជាខេត្តមួយរបស់ចិនទេ ហើយក៏ពុំស្ថិតនៅក្នុងក្រមខណ្ឌនៃប្រទេសមួយ ប្រព័ន្ធ២នោះដែរ។តែតៃវ៉ាន់ កំពុងក្លាយជារដ្ឋអធិបតេយ្យ គឺពុំមែនជារដ្ឋចំណុះអោយប្រទេសចិនឡើយ។

តៃវ៉ាន់បានផ្ដាច់ពីចិនដោយសារសង្រ្គាមស៊ីវិល ឆ្នាំ១៩៤៩ គឺ៧១ ឆ្នាំហើយ ដែលចិនគ្មានឱកាសម្ដងណាឡើយយកបានតៃវ៉ាន់បានមកវិញ ប៉ុន្តែមានតែគំរាមនិងធ្វើសកម្មភាពយោធា ឡោមព័ដែនដីនេះ តែប៉ុណ្ណោះ។

កាលពីទី២១ ខែឧសភា សភាអាមេរិកាំងបានសម្រេចលក់ក្បាលគ្រាប់កាំជ្រួច សម្រាប់បាញ់នាវាមុជទឹក ទៅអោយកោះតៃវ៉ាន់ ។ នេះ ជាលើកទី៤ហើយ ដែលរដ្ឋាភិបាលរបស់អ្នកស្រីសាយអ៊ឹងវិន ទទួលបានការលក់គ្រឿងសព្វាវុធដ៏ទំនើបៗ មានទាំងរថក្រោះ កំាំភ្លើងត្បាលកាំជ្រូច នាវាមុជទឹក និងយន្តហោះ ចម្បាំងពីសហរដ្ឋអាមេរិកដើម្បីការពារដែនដីកោះតៃវ៉ាន់ពីការចង់លេបទៅវិញដោយប្រទេសចិន៕