សមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានស្នើទៅអាជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីធ្វើបាតុកម្មដោយសន្តិវិធីនៅច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលមានរយៈពេល៧ថ្ងៃ។
ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ឌិន ពុទ្ធី បានផ្ញើលិខិតមួយទៅអភិបាលខេត្តបន្ទាយមានជ័យ ស្នើសុំធ្វើបាតុកម្មដោយសន្តិវិធី ដើម្បីទាមទារឱ្យមានការបើកច្រកព្រំដែនអន្តរជាតិប្រទេសទាំងពីរ ពិសេសភាគីថៃ អនុញ្ញាតឱ្យអាជីវករ អ្នកថ្មើជើង អ្នកអូសរទេះ អ្នករត់ម៉ូតូឌុប អ្នកបើកបរយានយន្តខ្មែរជាដើម អាចឆ្លងកាត់ព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ដើម្បីបានចូលទៅលក់ដូរនៅស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃ នៅត្រឹមថ្ងៃទី១ មិថុនា ជាកំហិត។
តាមគម្រោងបាតុកម្មដោយសន្តិវិធីនេះ គ្រោងនឹងធ្វើឡើងរយៈពេល៧ថ្ងៃ ដោយមានអ្នកចូលរួម១៥០០នាក់ រទេះរុញ១០០គ្រឿង និងឧបករណ៍បំពងសំឡេងមួយគ្រឿង ដែលនឹងចាប់ផ្តើមធ្វើពីថ្ងៃទី១ មិថុនា ដល់ថ្ងៃទី៧ មិថុនា វេលាម៉ោង៦ ព្រឹក ដល់ម៉ោង៦ល្ងាច។
លិខិតដដែលបញ្ជាក់ថា ក្នុងករណីអាជ្ញាធរថៃនៅតែមិនព្រមបើកច្រកទ្វារព្រំដែនអន្តរជាតិនោះទេ ពួកគេនឹងស្នើឱ្យអភិបាលខេត្តបន្ទាយមានជ័យបិទច្រកព្រំដែនអន្តរជាតិជាមួយថៃវិញ ដោយមិនត្រូវអនុញ្ញាតឱ្យរថយន្តរបស់ថៃបើកចូលមកកម្ពុជាទៀតនោះឡើយ។
អាជ្ញាធរថៃបានសម្រេចប្រកាសបិទច្រកព្រំដែនកម្ពុជាកាលពីមុនបុណ្យចូលឆ្នាំថ្មី ដោយអះអាងថាដើម្បីការពារនិងទប់ស្កាត់ចរន្តរីករាលដាលនៃជំងឺកូវីដ១៩ និងបន្ទាប់ពីប្រទេសនេះបានប្រកាសដាក់ប្រទេសខ្លួនក្នុងគ្រាអាសន្នដោយសារវិបត្តិជំងឺនេះ។
ទោះបីជាមានការបិទច្រកព្រំដែនបែបនេះក្តី ក៏នៅតែមានករណីពលរដ្ឋខ្មែរបានចេញទៅប្រទេសថៃដោយខុសច្បាប់ ពិសេសតាមច្រករបៀងនានា ហើយក៏ត្រូវយោធាថៃចាប់បញ្ជូនមកកម្ពុជាជារឿយៗផងដែរ។
ក្នុងលិខិតរបស់លោក ឌិន ពុទ្ធី ដដែលអះអាងថាការចេញទៅប្រទេសដោយខុសច្បាប់ទាំងនោះបាន ដោយសារសមត្ថកិច្ច និងទាហានថៃ ជាអ្នកបើកដៃឱ្យពលរដ្ឋខ្មែរឆ្លងដែនទៅស្រុកគេ ជាថ្នូរនឹងការបង់លុយឱ្យសមត្ថកិច្ច និងទាហានថៃតាមច្រករបៀងទាំងនោះ។
ប្រភពដដែលបន្តថា ការខកខានត្រលប់ទៅលក់ដូរនៅផ្សាររោងក្លឿ ធ្វើឱ្យទំនិញឬ អីវ៉ាន់របស់អាជីវករខ្មែរ ដែលមានតម្លៃរាប់ម៉ឺនដុល្លារ នឹងត្រូវខូចខាត ត្បិតមានទំនិញជាច្រើនមិនអាចទុកបានយូរនោះឡើយ៕