នយោបាយ

អាជ្ញាធរខេត្តកណ្តាលអះអាងថាតង់ជាង៣០កន្លែង ដែលបោះដោយវៀតណាមបានរុះរើចេញហើយ

By ឌឹ ខេមបូឌា ដេលី

May 27, 2020

អាជ្ញាធរខេត្តកណ្តាលបានអះអាងថាតង់យោធាវៀតណាម ដែលបានបោះនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តមួយនេះ ទាំង៣១កន្លែងត្រូវបានភាគីវៀតណាម រុះរើចេញវិញអស់ហើយ តាំងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ។

ការរុះរើនេះ ក្រោយមានសំណើរពីភាគីកម្ពុជា បន្ទាប់ពីពួកគេបានចូលមកបោះតង់នៅតំបន់មិនទាន់ឯកភាពគ្នារយៈពេលជាងពីរខែកន្លះមកហើយនេះ។

សារព័ត៌មានថ្មីៗបានដកស្រង់សម្តីអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ចុះផ្សាយនៅថ្ងៃច័ន្ទនេះថា តង់ចំនួន៣១ទីតាំង ដែលយោធាវៀតណាម ចូលមកបោះតង់ និងឈរជើងនេះបានរុះរើចេញវិញអស់ហើយ។

លោកបញ្ជាក់ថា ពួកគេបានចូលមកបោះតង់ និងឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តកណ្តាលនោះដើម្បីទប់ស្កាត់ប្រជាជន កុំឲ្យឆ្លងដែនចេញចូលប្រទេសទាំងពីរ ព្រោះបារម្ភពីការរាលដាលជំងឺកូវីដ១៩។

លោក លើកឡើងថា ភាគីវៀតណាម គ្មានបំណងអ្វីផ្សេងឡើយ ហើយក៏គ្មានចេតនាចង់បង្កទំនាស់តាមព្រំដែនដែរ។ ចាប់តាំងពីខែមីនា យោធាវៀតណាមបានបោះតង់ នៅតាមបណ្តោយព្រំដែនក្នុងតំបន់មិនទាន់ឯកភាពគ្នាឬហៅថាតំបន់ ស  ក្នុងភូមិសាស្ត្រស្រុកលើកដែក និងស្រុកកោះធំខេត្តកណ្តាល ហើយរហូតដល់ថ្ងៃទី២៩ ខែមេសា លោក គង់ សោភ័ណ្ឌ បានសរសេរលិខិតជូនទៅភាគីវៀតណាម ដើម្បីសុំឲ្យខេត្តអានយ៉ាង រុះរើតង់ទាំងនោះ ដែលបានបោះតាមបណ្តោយខ្សែព្រំដែនប្រទេសទាំងពីរ ដែលស្ថិតក្នុងតំបន់មិនទាន់មានការឯកភាពគ្នាលើខណ្ឌសីមានិងការបោះបង្គោល។

ស្ថានទូតវៀតណាមប្រចាំកម្ពុជាបានអះអាងលើទំព័រហ្វេសប៊ុករបស់ខ្លួនថា វៀតណាមបានធ្វើការរុះរើគ្រប់តង់ដែលបានបោះជាប់ខ្សែរព្រំប្រទល់ខេត្តកណ្តាលតាំងពីមុនថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

ប្រភពដដែលបន្តថា ទីតាំងថ្មីដែលបានបោះតង់បណ្តុះអាសន្នមាន               ចំងាយខិតចូលខាងវៀតណាម៣០មែត្រពីខ្សែរព្រំដែនដែលស្ថិតក្នុងការគ្រប់គ្រងជាក់ស្តែងរបស់វៀតណាម មិនមែនស្ថិតនៅក្នុងតំបន់ ស នោះទេ។

ទោះជាយ៉ាងណាក៏ដោយ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានស្នើរឲ្យរដ្ឋាភិបាលកម្ពុជាប្រកាសលុបចោលសេចក្តីថ្លែងការរួមឆ្នាំ១៩៩៥ ដែលជាសេចក្តី ថ្លែងការមួយធ្វើឲ្យខាតប្រយោជន៍ខែ្មរ ពីព្រោះសេចក្តីថ្លែងការនេះត្រូវបានវៀតណាមតម្រូវឲ្យមានការបង្កើតតំបន់ស ក្នុងទឹកដីរបស់កម្ពុជាខ្លួនឯង។ ជាងនេះទៅទៀតលោកស្នើឲ្យកម្ពុជាលុបចោលរាល់សន្ធិសញ្ញាព្រំដែនទាំងអស់ដែលធ្វើឡើងផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងផ្ទុយពីមាត្រា២ និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះ ចង់ឃើញរដ្ឋាភិបាលលោក ហ៊ុន សែន មានសេចក្តីក្លាហានដាក់ពាក្យបណ្តឹងតាមយន្តការអន្តរជាតិដោយប្រើប្រាស់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ទាំងព្រំដែនគោក និងចង្កោមកោះត្រល់៕