29 C
Phnom Penh

អ្នកវិភាគថា វៀតណាមនៅតែចងចិត្តឈ្លានពានកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយកំពុងរស់នៅក្រៅប្រទេស លើកឡើងថា                       វៀតណាមនៅតែអនុវត្តមហិច្ឆតាពង្រីកទឹកដី ប៉ុន្តែលោក ហ៊ុន សែន នៅតែខ្វល់ត្រឹមមហិច្ឆតាពង្រឹងអំណាចគ្រួសារត្រកូលហ៊ុននោះឡើយ។

អ្នកវិភាគនយោបាយលោក គឹម សុខ លើកឡើងនៅថ្ងៃនេះថា ជ្រុងមួយនៃយុទ្ធសាស្ត្របន្តឈ្លានពានរបស់វៀតណាម គឺនៅពេលបោះបង្គោលណា១ ឬបោះបាន១វគ្គរវាងកម្ពុជា-វៀតណាម រដ្ឋអំណាចយួនបានរៀបចំឲ្យសិស្សានុសិស្ស និងនិស្សិតរបស់ខ្លួន ចុះមើលទីតាំងបង្គោលទាំងនោះ។

បន្ថែមពីនេះ មន្ត្រីយោធាវៀតណាមតែងតែណែនាំថា នេះគឺជាគ្រាន់តែជាបង្គោលបណ្ដោះអាសន្នប៉ុណ្ណោះ ហើយថ្ងៃក្រោយ បង្គោលទាំងឡាយ អាចនឹងត្រូវបោះចូលទឹកដីកម្ពុជានៅត្រង់ណាទៀត ឬយកទៅបោះជាប់ខ្សែព្រំដែនថៃតែម្ដង គឺអាស្រ័យលើសមត្ថភាពអ្នកជំនាន់ក្រោយៗរបស់វៀតណាមជាបន្តបន្ទាប់»។

លោក គឹម សុខ ថា ការលើកឡើងនេះជាការទម្លាយឲ្យដឹងពីប្រភព មន្ត្រីទាហានខ្មែរ ដែលបញ្ចប់ការសិក្សានៅវៀតណាម។

លោកបន្តថា នេះវាជាយុទ្ធវិធីចិត្តសាស្ត្រជ្រៅណាស់របស់វៀតណាម ក្នុងការផ្ទេរមហិច្ឆតាឈ្លានពានកម្ពុជា ដល់អ្នកជំនាន់ក្រោយ ហើយមេដឹកនាំវៀតណាម ក៏ចិញ្ចឹមគោលដៅលេបទឹកដីកម្ពុជានេះ ក្នុងបេះដូងរបស់ក្មេងជំនាន់ក្រោយពួកគេគ្រប់តំណទៀតផង។

ទោះបីជាយ៉ាងនេះក្តី ស្ថានទូតវៀតណាមកាលពីថ្ងៃទី១០ ខែឧសភា បានលើកឡើងលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយលើកឡើងពីគុណបំណាច់មកលើកម្ពុជា និងការប្តេជ្ញាសហប្រតិបត្តិការរួមគ្នា ដោយថាជាមិត្តភាពដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។

វៀតណាមថា សច្ចៈភាពប្រវត្តិសាស្ត្របានបញ្ជាក់ថាទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏ខ្លួននៅតែប្រកៀកស្មាជាមួយកម្ពុជា នេះជាមនោសញ្ចេតនាស្មោះត្រង់ដែលមិនអាចផ្លាស់ប្តូរបាន ដូចការបញ្ជាក់របស់នាយករដ្ឋមន្ត្រី ង្វៀន សួន ហ៊្វុក ថា ជោគវាសនាប្រជាជាតិទាំងពីរមិនអាចកាត់ផ្តាច់ចេញពីគ្នា នេះជាសច្ចៈភាពប្រវត្តិសាស្ត្រដែលកើតចេញពីតថភាពប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។

វៀតណាមជានិច្ចជាកាលជាមិត្តភូមិផងរបងតែមួយដ៏ស្មោះត្រង់ដោយឥតងៀករេជាមួយប្រទេស និងប្រជាជនកម្ពជា និងដូចទស្សនៈរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ថា ទោះបីពិភពលោកមានការប្រែប្រួល ស្ថានភាពមានការប្រែប្រួល អាស៊ានមាន១០ប្រទេសក៏ប៉ុន្តែមនោសញ្ចេតនាសាមគ្គីវៀតណាមនិងកម្ពុជានៅតែបន្ត។

ព្រំដែនគោក កម្ពុជា-វៀតណាម បានបោះសម្រេចបានចំនួន៨៤ភាគរយ ហើយក៏បានចុះកិច្ចព្រមព្រៀងជាផ្លូវការជាមួយគ្នា ទទួលស្គាល់នូវសមិទ្ធផលនេះ កាលពីចុងឆ្នាំ២០១៩ថែមទៀតផង។

ប៉ុន្តែក្រុមអ្នកឃ្លាំមើលនៅតែមើលឃើញថា កម្ពុជានៅតែចាញ់ប្រៀបវៀតណាមពាក់ព័ន្ធរឿងព្រំដែននេះ ដោយពួកគេស្នើឱ្យមានការ សើរើឡើងវិញថែមទៀតផង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស