ខណៈនេះពិភពលោកកំពុងតែសម្លឹងមើលទៅសមុទ្រវេណេហ្សូអេឡានិងច្រកសមុទ្រការ៉ាបៀនអំពីអន្ដរគមន៍របស់កងនាវាអាមេរិកដែលប្រកាសថានឹងទប់ស្កាត់នាវារបស់អ៊ីរ៉ង់ដឹកប្រេងទៅឱ្យរបប ជនផ្ដាច់ការម៉ាឌូរ៉ូនៃប្រទេសវេណេហ្សូអេឡា។
ប៉ុន្ដែសារព័ត៌មានរុស្ស៊ីស្ពុតនីកបានចុះផ្សាយថានាវាទីពីររបស់អ៊ីរ៉ង់ដែលដឹកប្រេងទៅអោយរបបលោកម៉ាឌូរ៉ូត្រូវរាយការណ៍មកថាបានឆ្លងកាត់ច្រកសមុទ្រការ៉ាបៀនដោយបានបើកចូលដល់ដែនទឹកវេណេហ្សូអេឡាទៀតផង គឺនៅតែពុំឃើញសហរដ្ឋអាមេរិកអន្ដរាគមន៍ឃាត់នាវានោះទេ។
ប្រភពដដែលបានបញ្ជាក់ថានាវាទីពីររបស់អ៊ីរ៉ង់មានឈ្មោះថា’Forest’បានទៅដល់ដែនទឹកវេណេហ្សូអេឡាដោយសុវត្ថិភាពហើយកាលពីយប់ថ្ងៃអាទិត្យទី២៤ ខែឧសភា ប៉ុន្ដែនាវានោះត្រូវបានអមដំណើរការពារដោយនាវាចម្បាំងរបស់វេណេហ្សូអេឡា។ នេះបើតាមការអោយដឹងរបស់រដ្ឋមន្រ្ដីវេណេហ្សូអេឡាទទួលបន្ទុកថាមពល។
កាលពីយប់ថ្ងៃសៅរ៍ទី២៣ ខែឧសភានាវាអ៊ីរ៉ង់លើកទីមួយដឹកប្រេងអោយប្រទេសវេណេហ្សូអេឡាឈ្មោះថា FORTUNE ដែលបានមកដល់សមុទ្រវេណេហ្សូអេឡា ក៏អមការពារដោយនាវាចម្បាំងប្រទេសនេះដែរ។
យ៉ាងណាមានការងឿងឆ្ងល់នឹងចោទជាសំណួរថា ហេតុអ្វីបានជា សហរដ្ឋអាមេរិកមិនឃើញមានអន្ដរាគមន៍ណាមួយដើម្បីរាំងខ្ទប់នាវាទាំងនេះនៅពេលដែលកំពុងឆ្លងកាត់ច្រកសមុទ្រការ៉ាបៀន? ហើយបើតាមសេចក្ដីរាយការណ៍មកថានាវារបស់អ៊ីរ៉ង់ចំនួនបីគ្រឿងទៀតបានកំពុងធ្វើដំណើរមកជិតដល់ច្រកសមុទ្រការ៉ាបៀនថែមទៀត។ នៅទីនោះនាវាចម្បាំងរបស់សហរដ្ឋអាមេរិកចំនួនបួនគ្រឿងបានដាក់ពង្រាយតាំងពីថ្ងៃទី៨ ខែឧសភា ដើម្បីទប់ស្កាត់នាវាទាំងឡាយណាដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងរបបលោកម៉ាឌូរ៉ូដែលកំពុងរងការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក។
សំណួរសួរថា តើហេតុអ្វីបានជាអាមេរិក ពុំមានវិធានការទៅលើនាវារបស់អ៊ីរ៉ង់នៅពេលនេះ?
សារព័ត៌មាន អាមេរិក Washington Examiner បានចុះផ្សាយថា រដ្ឋការរបស់លោកប្រធានាធិបតី ដូណាល់ត្រាំកំពុងស្ថិតក្នុងជំហរមួយ មិនច្បាស់លាស់ ដោយរង់ចាំ ការស្នើសុំអន្តរាគមន៍ជាផ្លូវការពីលោក ហាន់កៃដូ ដែលរដ្ឋការរបស់លោកតាំ្រចាត់ទុកជាប្រមុខរដ្ឋស្ដីទី នៃប្រទេសវេណេហ្សូអេឡា ។ តាមប្រភពដដែលនេះ លោកហាន់កៃដូ នៅតែ មិនទាន់សុំអន្តរាគមន៍ ថាតើកងទ័ពជើងទឹកអាមេរិក គួរទប់ស្កាត់ នាវារបស់អ៊ីរ៉ង់ ឬយ៉ាងណានោះទេ។
ប្រទេសវេណេហ្សូអេឡា ពុំមានថាមពលអគ្គសនី និងថាមពលសម្រាប់ផ្គត់ផ្គង់ផ្សេងៗទៀតដើម្បីប្រើប្រាស់គ្រាប់គ្រាន់ឡើយខណៈប្រទេសដែល ផលិតប្រេងធំទី៤ នេះ កំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសជិតខាងជាពិសេស ពីសហរដ្ឋអាមេរិក ហើយប្រទេសនេះ ក៏កំពុងរងគ្រោះដោយសារជំងឺកូវិដ១៩ ដែរ។
តាមសេក្ដីរាយការណ៍គឺ មន្ទីរពេទ្យ ជាច្រើន កំពុងជួបវិបត្តិអគ្គីសនីដើម្បី ថែទាំអ្នកជំងឺ។ Washington Examiner បានចុះផ្សាយដោយស្រង់ប្រភពស្និទ្ធនឹងលោកហាន់កៃដូ ថា ប្រមុខរដ្ឋស្ដីទី រូបនេះ ចង់ឃើញ ប្រជាជនរបស់លោក បានធូរស្រាលខ្លះអំពីការទទួលជំនួយស្បៀង ពីប្រទេសដទៃ។
តាមប្រព័ត៌មានដដែលនេះ លោករដ្ឋមន្ត្រីការបរទេស អាមេរិក Mike Pompeo បានធ្វើការសន្ទនាគា្នជាមួយលោកហាន់កៃដូ ដើម្បី អោយអាមេរិក ពិនិត្យឡើងវិញ ថាតើត្រូវមានវិធានការបែបណាទៅលើនាវា របស់អ៊ីរ៉ង់មួយចំនួនទៀត ដែលនឹងកំពុងបើកសំដៅទៅកាន់ច្រកសមុទ្រការ៉ាបៀនដែលកងនាវារបស់អាមេរិក ដាក់ពង្រាយរួចហើយនោះ។
តាមសេចក្ដីរាយការណ៍ លោកជួនកៃដូ ដែលកំពុងសុំសិទ្ធច្រកកោននៅក្នុងស្ថានទូតសហភាពអ៊ឺរ៉ុបនៅប្រទេសវេណេហ្សូអេឡា ព្រោះ លោករងការចាប់ខ្លួន ពីរដ្ឋអាជ្ញារបស់លោកម៉ាឌូរ៉ូ ដែលចោទមេបក្សប្រឆាំងរូបនេះ ពីបទរៀបចំផែនការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី៣ ខែឧសភា ដោយពុំបានសម្រេច។
អ្នកសង្កេតការណ៍មើលឃើញថា លោកហ៊ាន់កៃដូ អាចស្នើសុំអោយ កងនាវាអាមេរិកបើកអោយនាវាដឹកប្រេងរបស់អ៊ីរ៉ង់ ចូលដល់ដែនសមុទ្ររបស់វេណេហ្សូអេឡា ដើម្បីជាប្រយោជន៍ ជួយប្រជាជន នៃប្រទេសរបស់លោក។ តែលោកៃដូ ក៏អាចស្នើសុំអោយអោយកងនាវាអាមេរិក ឃាត់នាវារបស់អ៊ីរ៉ង់ទាំងនោះទុកសិនដែរ។
ទោះជាបែបនេះក្ដី ប្រធានាធិបតីអ៊ីរ៉ង់ហាសានរូហានី បានព្រមានអាមេរិក កុំអោយ ឃាត់ឬប៉ះអោយសោះនាវារបស់អ៊ីរ៉ង់។ លោកព្រមានថា អ៊ីរ៉ង់នឹងសងសឹកភ្លាមទៅលើផលប្រយោជន៍សហរដ្ឋអាមេរិក ទោះនៅ ទីណាក៏ដោយ។
ជាមួយគ្នា នេះ អ្នកការទូតវេណេហ្សូអេឡា ប្រចាំនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២១ ខែឧសភាបាន ដាក់លិខិត ទៅអគ្គលេខាធិការ អង់តូនីញូ ហ្គោតតារេស អោយជួយជាបន្ទាន់ទប់ស្កាត់កុំអោយអាមេរិក រាំងខ្ទប់ នាវាដឹកប្រេងរបស់អ៊ីរ៉ង់ដែលអ្នកការទូតនេះនេះថា បើអាមេរិកធ្វើដូចនេះ គឺជាទង្វើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ ដោយការឆ្លើយតបនឹងលិខិតនេះ លោកអង់តូនីញូ ហ្គោតតារេស បានអំពាវនាវអោយ ភាគីពាក់ព័ន្ធព្យាមយាមអត់ធ្មត់ដើម្បីសង្រ្គោះពលរដ្ឋ វេណេហ្សូអេឡា ដែលកំពុងពុះពារនឹងការឆ្លងមេរោគកូវិដ១៩។
តែយ៉ាងណា លោកប្រធានាធិបតី ដូណាល់ត្រាំ បាន សរសេរលើ ទ្វីតធើរបស់លោកថា កងទ័ពអាមេរិក បានឡោមព័ន្ធ ប្រទេសវេណេហ្សូអេឡារួចរាល់ហើយនៅពេលនេះ ។ លោកថាសហរដ្ឋអាមេរិក កំពុងសម្លឹងមើលការផ្ទេរអំណាចនៅវេណេហ្សូអេឡា តាមរយៈការបោះឆ្នោត ប្រធានាធិបតីឡើងវិញដែលគ្មានលោកម៉ាឌូរ៉ូជាបេក្ខជនប្រធានាធិបតីទៀតឡើយ៕