ពលរដ្ឋនៅខេត្តកំពង់ស្ពឺ ២នាក់បានស្លាប់ និង៣នាក់ផ្សេងទៀត បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ក្រោយពួកគេទាំងនោះបានបរិភោគត្រីក្រពត ហើយពុល កាលពីថ្ងៃម្សិលមិញក្នុងភូមិមួយ នៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
គេហទំព័រអគ្គស្នងការនគរបាលជាតិនៅថ្ងៃនេះបានឱ្យដឹងថា មនុស្ស២នាក់ បានស្លាប់ និង៣នាក់ទៀតត្រូវបានជួយសង្គ្រោះទាន់ពេលវេលាពាក់ព័ន្ធករណីពុលត្រីក្រពតនេះ។ ប្រភពដដែលឱ្យដឹងទៀតថា ករណីពុលត្រីកំពតស្លាប់ ក្រោយបរិភោគទទួលទានអាហារពេលល្ងាច មួយសន្ទុះក្រោយមក ហើយជនរងគ្រោះជាបុរសទាំងអស់។
ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចខេត្តកំពង់ស្ពឺឲ្យដឹងថា ដំបូងឡើយពួកគាត់បាននាំគ្នាយកត្រីដែលរកបានយកមកធ្វើម្ហូបដូចសព្វមួយដង ដោយរួមមានលាយទាំងត្រីក្រពតផងដែរ ព្រោះមិនដឹងថាត្រីក្រពតពុលអាចសម្លាប់មនុស្សបានយ៉ាងដូច្នេះ។ មិនត្រឹមតែមនុស្សទេដែលស្លាប់ សូម្បីតែអាចម៍ត្រីកំពត ដែលធ្វើហើយបោះចោលទៅលើដី បណ្តាលឱ្យមាន់៧ក្បាលងាប់ និង ឆ្កែ១ក្បាលក៏ងាប់ដែរបន្ទាប់ពីពួកវា ស៊ីពោះត្រីក្រពតនោះ។
សមត្ថកិច្ចខេត្តនេះ អំពាវនាវទៅប្រជាពលរដ្ឋ ទូទាំងប្រទេស សូម មេត្ដាប្រុងប្រយ័ត្នបំផុតចំពោះអាហារប្រចាំថៃ្ង ពិសេសមិនត្រូវបរិភោគត្រីក្រពតនេះជាដាច់ខាត ព្រោះមានមនុស្សពុលស្លាប់មិនតិចនាក់ទេកន្លងមក និងមានអ្នកខ្លះបានរស់រានមានជីវិត ដោយសារតែការជួយសង្គ្រោះបានទាន់ពេលតែប៉ុណ្ណោះ ។
ករណីពុលត្រីក្រពតស្លាប់នេះ ពុំមែនកើតឡើងជាលើកទី១ទេនៅកម្ពុជា។ ក្រុមអ្នកឃ្លាំមើលសង្កេតឃើញថាមូលហេតុបណ្តាលឱ្យករណីនេះកើតឡើងដដែលៗ ដោយសារការផ្សព្វផ្សាយបញ្ហានេះទៅកាន់ពលរដ្ឋមិនបានទូលំទូលាយ។ ភាពក្រីក្រ ព្រមទាំងការយល់ដឹងរបស់ពលរដ្ឋនៅមានកម្រិត។ ភាពមានៈរបស់ពលរដ្ឋមួយចំនួន រួមផ្សំនឹងការប្រមាថឬ មើលងាយអំពីបញ្ហានេះជាដើម៕