អគ្គស្នងការនគរបាលជាតិ លោកនេត សាវឿន បានបញ្ជាឲ្យស្នងការរាជធានី-ខេត្តទាំងអស់ ត្រូវដកបារ៉ាស់តាមដងផ្លូវទាំងឡាយ និងមិនត្រូវហៅយានយន្តរបស់ពលរដ្ឋដែលបើកបរលើដងផ្លូវដោយមិនបានល្មើសច្បាប់ចរាចរណ៍ដើម្បី សួរនាំនោះឡើយ។
សារជាសំឡេងដែលត្រូវបានចែកចាយនៅលើបណ្តាញសង្គមនៅថ្ងៃទី២៦ឧសភានេះ អគ្គស្នងការនគរបាលជាតិលោក នេត សាវឿន បានដាក់បទបញ្ជាដល់ស្នងការរាជធានី-ខេត្តទាំងអស់ត្រូវដកបារ៉ាស់ដែលដាក់នៅតាមដងផ្លូវទាំងអស់ជាបន្ទាន់។
បន្ថែមពីនេះ លោកក៏បានណែនាំជាថ្មីទៀតថាសមត្ថកិច្ចមិនត្រូវហៅយានយន្តប្រជាពលរដ្ឋដែលធ្វើចរាចរណ៍នៅលើដងផ្លូវមិនបានល្មើសច្បាប់ ដើម្បីសួរនាំជាដាច់ខាត។
មន្រ្តីប៉ូលិសជាន់ខ្ពស់រូបនេះ ព្រមានថាប្រសិនបើមានស្នងការនគរបាលខេត្ត រូបណាប្រព្រឹត្តទង្វើបែបនេះតទៅទៀត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង ហើយលោកក៏បាននិយាយចំស្នងការនគរបាលខេត្តមួយចំនួនដែលអនុញ្ញាតឱ្យមានសកម្មភាពនេះ ដូចជាខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគិរីជាដើម។
កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានចាប់ផ្តើមរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដោយបង្កើនប្រាក់ផាកពិន័យទ្វេដងចំពោះអ្នកដែលបើកបរល្មើសច្បាប់ ក្រោមហេតុផលដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ។
បទបញ្ជារបស់អគ្គស្នងការនគរបាលជាតិរូបនេះ បានធ្វើឡើងបន្ទាប់ពីមានភាពចម្រូងចម្រាស់ក្នុងការអនុវត្តច្បាប់ចរាចរណ៍ថ្មីនេះ ក្នុងរយៈពេល២៥ថ្ងៃមកនេះ ដោយមានករណីខ្លះធ្វើឱ្យពលរដ្ឋមិនពេញចិត្ត ព្រោះនគរបាលចរាចរណ៍មួយចំនួនបានអនុវត្តលើសពីច្បាប់ និងបង្ហាញឥរិយាបថមិនសមរម្យ ព្រមទាំងមានប្រើហិង្សាលើពលរដ្ឋផងដែរ។
សង្គមស៊ីវិលធ្លាប់លើកឡើងថា ដើម្បីកាត់បន្ថយឬទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យមានប្រសិទ្ធភាព ការបង្កើនប្រាក់ផាកពិន័យតែម្យ៉ាងមិនទាន់គ្រប់គ្រាន់ទេ ត្បិតការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ទៅកាន់ពលរដ្ឋមិនបានទូលំទូលាយ ម្យ៉ាងការយល់ដឹងរបស់ពលរដ្ឋក៏នៅមានកម្រិត។ ការអនុវត្តច្បាប់ដែលមានបក្ខមានពួក ឬមិនបានស្មើភាពគ្នា។ ម្យ៉ាងទៀតបញ្ហាផ្លូវ នៅកម្ពុជាក៏មិនទាន់មានលក្ខណៈប្រសើរ និងគ្រប់តាមលក្ខណៈបច្ចេកទេសផងដែរ។
លើសពីនេះបញ្ហាចរាចរណ៍ដែលបង្កឡើងដោយសារគ្រឿងស្រវឹង និងបញ្ហាគ្រឿងញៀន ដែលធ្វើឱ្យអ្នកប្រើប្រាស់ផ្លូវខ្លះបាត់បង់ម្ចាស់ការ បង្កជាគ្រោះថ្នាក់ដល់អ្នកដទៃជាដើម៕