38 C
Phnom Penh

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ប្រាប់ពលរដ្ឋខ្មែរឱ្យអនុវត្តន៍តាមវិធានការរបស់ថៃ អំឡុងពន្យារពេលដាក់ប្រទេសក្នុងគ្រាអាសន្ន១ខែទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានអះអាងថាប្រទេសថៃបានសម្រេចពន្យារពេល​ដាក់ប្រទេសខ្លួនក្នុងគ្រាអាសន្នរយៈពេល១ខែទៀត ។

សេចក្តីជូនដំណឹង​របស់ស្ថានទូតកម្ពុជាប្រចាំក្រុងបាងកកបានឱ្យដឹងកាលពីថ្ងៃទី២៦ ខែឧសភា ថា ចាប់ពីថ្ងៃទី១ ​ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែមិថុនា រដ្ឋាភិបាល​បានកំណត់ពន្យារពេលដាក់ប្រទេសក្នុង            គ្រាអាសន្នដំណាក់កាលទី៣ ដើម្បីទប់ស្កាត់និងការពារការរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសរបស់ខ្លួន។

ស្ថានទូតកម្ពុជា  បានជំរុញឱ្យពលរដ្ឋដែលរស់នៅ និងកំពុងបំពេញការងារនៅប្រទេសទាំងអស់ ឱ្យចូលរួមសហការជាមួយអាជ្ញាធរថៃ​ឱ្យកាន់តែសកម្ម​បន្ថែមទៀត ​ក្នុងការអនុវត្តវិធានការនានា​របស់រដ្ឋាភិបាលថៃឱ្យបានខ្ជាប់ខ្ជួនដើម្បិទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ក្នុងករណីមានបញ្ហានៅក្នុងប្រទេសថៃ ស្ថានទូតកម្ពុជាបានណែនាំឱ្យពលរដ្ឋខ្មែរទាក់ទង​ទៅកាន់ស្ថានទូតផ្ទាល់ តាមរយៈទំព័រហ្វេសប៊ុកស្ថានទូត និងតាមរយៈលេខទូរស័ព្ទ ០៩២ ៨០​ ៥០ ៥៦១ ដែលលេខទទួលបន្ទុកផ្នែកកុងស៊ុល និងតាមរយៈលេខទូរស័ព្ទទទួលបន្ទុកពលករផ្ទាល់ គឺ លេខ ០៩៤ ០៩២ ៥៩ ០៥។ 

ចាប់តាំងពីមុនបុណ្យចូលឆ្នាំថ្មីមកប្រទេសថៃ បានប្រកាសដាក់ប្រទេសខ្លួនក្នុងគ្រាអាសន្ន​ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ចំនួន៣លើករួចមកហើយ ដោយមួយលើកៗមានរយៈពេល១ខែ។

នៅពេលដាក់ប្រទេសក្នុងគ្រាអាសន្ននេះ រដ្ឋាភិបាលថៃ បានចេញបម្រាមមួយចំនួនដូចជាហាមពលរដ្ឋក្នុងប្រទេសនេះធ្វើដំណើរ ពីម៉ោង១០យប់ រហូតដល់ម៉ោង៤ព្រឹក ឬ ៤ភ្លឺ។ ហាមមិនឱ្យមានការជួបជុំមនុស្សច្រើន ពិសេសការជួបជុំគ្នាគ្នាផឹកស៊ី ជាដើម ហើយអ្នកល្មើសបម្រាមត្រូវផាកពិន័យម្នាក់ៗ ៤ម៉ឺនបាត្រ ឬស្មើប្រមាណ១២០០ដុល្លារ។

កាលពីខែមេសា អំឡុងពិធីបុណ្យចូលឆ្នាំថ្មី អាជ្ញាធរថៃខេត្តផាធុមថានី បានឃាត់ខ្លួនពលករខ្មែរចំនួន១៧នាក់ ដោយសារពួកគេជួបជុំគ្នាផឹកស៊ីល្មើសបម្រាមរបស់អាជ្ញាធរថៃ។

ក្រោយឃាត់ខ្លួនមួយរយៈមក ក៏មានពលរដ្ឋជាង១០នាក់បានយល់ព្រមបង់ប្រាក់ពិន័យចំនួន៤ម៉ឺនបាត្រទៅឱ្យអាជ្ញាធរថៃ និងបានត្រឡប់ទៅរស់នៅ ព្រមទាំងប្រកបការងារនៅកន្លែងដើម​របស់ពួកគេជាធម្មតា ដោយឡែកអ្នកដែលមិនទាន់មានលទ្ធភាពបង់ប្រាក់ពិន័យ​ទៅឲ្យ     អាជ្ញាធរថៃនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្តទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស