29 C
Phnom Penh

សមត្ថកិច្ចដាក់កម្លាំងឃ្លាំមើលប្រធានសមាគមមួយ ក្រោយពេលស្នើសុំធ្វើបាតុកម្មនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតដោយអហិង្សា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចខេត្តបន្ទាយមានជ័យជាច្រើននាក់នៅថ្ងៃអង្គារ៍នេះ បានដាក់ពង្រាយកម្លាំង​ជាច្រើនកន្លែង និងដាក់នៅក្បែរផ្ទះរបស់​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​ប្រចាំ​នៅ​ខេត្ត​បន្ទាយមាន​ជ័យ លោក ឌិន ពុទ្ធី។

សារព័ត៌មាន VOD បានដកស្រង់សម្តីលោក ឌិន ពុទ្ធី ចុះផ្សាយ​ថា សមត្ថកិច្ចពិតជា​ដាក់កម្លាំង​ពង្រាយ​ជាច្រើន​កន្លែង រួម​ទាំង​នៅ​ជិត​ផ្ទះ​របស់​គាត់ប្រហែល ២៥នាក់ ហើយក៏​មាន​អ្នក​ជិះ​ម៉ូតូ​កាត់មុខ​ផ្ទះ​របស់​គាត់​ចុះឡើង​ផង​ដែរ។

ការដាក់ពង្រាយកម្លាំងសមត្ថកិច្ចនេះ បន្ទាប់ពី​លោក​បាន​ស្នើសុំ​ធ្វើបាតុកម្ម​ដោយសន្តិវិធី​ និងអហិង្សានៅ​ចំណុច​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្រុង​ប៉ោយប៉ែត​រយៈពេល៧ថ្ងៃ នៅដើម​ខែមិថុនា​នេះ ដើម្បីស្នើឱ្យអាជ្ញាធរថៃបើកឱ្យពលរដ្ឋខ្មែរឆ្លងដែនទៅមកដើម្បីរកស៊ី និងធ្វើការងារ ។

ប្រភពដដែលបានហៅការពង្រាយកម្លាំង ​នៅ​ក្រុង​ប៉ោយប៉ែត និង​ជិត​ផ្ទះ​របស់​គាត់​នោះថា ជា​ការ​គំរាមកំហែងដល់រូបលោកផងដែរ។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក លោក  ស៊ុម ចាន់គា សរសេរនៅលើគណនីហ្វេសប៊ុក​របស់ខ្លួននៅថ្ងៃនេះថា នៅច្រកទ្វាអន្ថរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ពិតជាមានអាជ្ញាធរខេត្តបន្ទាយមានជ័យ រួមទាំងសមត្ថកិច្ច មាន                       បូលិស ប៉េអឹម បានត្រៀមទប់ស្កាត់ការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋ ដែលទាមទារបិទមិនឲ្យរថយន្តដឹកទំនិញរបស់ថៃអាចចូលប្រទេសកម្ពុជា។

​សារព័ត៌មានដដែលបានដកស្រង់សម្តីរបស់ស្នងការ​ខេត្ត​បន្ទាយមានជ័យ លោក អាត់ ខែម ដោយលោកបដិសេធ​ចំពោះ​ករណីនេះ។ លោកបញ្ជាក់ថា ការ​ពង្រាយ​កម្លាំង​សមត្ថកិច្ច​នៅ​ក្រុង​ប៉ោយប៉ែត​នោះ ដើម្បី​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​តែប៉ុណ្ណោះ។

សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​ កាលពី​ថ្ងៃទី២៥ ខែឧសភា ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាប្រចាំខេត្តបន្ទាយមានជ័យលោក ឌិត ពុទ្ធី បានស្នើទៅអាជ្ញាធរខេត្តបន្ទាយមានជ័យ ដើម្បីធ្វើបាតុកម្មដោយសន្តិវិធីនៅច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលមានរយៈពេល៧ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី ៧ មិថុនា ដោយគ្រោងមានអ្នកចូលរួមជាង១ពាន់នាក់ ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តបដិសេធ។

សំណើរធ្វើបាតុកម្មដោយសន្តិវិធីនោះ ដើម្បីទាមទារឱ្យមានការបើកច្រកព្រំដែនអន្តរជាតិប្រទេសទាំងពីរ ពិសេសភាគីថៃ អនុញ្ញាតឱ្យអាជីវករ អ្នកថ្មើជើង អ្នកអូសរទេះ អ្នករត់ម៉ូតូឌុប អ្នកបើកបរយានយន្តខ្មែរជាដើម អាចឆ្លងកាត់ព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក  ដើម្បីបានចូលទៅលក់ដូរនៅស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃ នៅត្រឹមថ្ងៃទី១ មិថុនា ជាកំហិត។

​លិខិតស្នើសុំដដែលបញ្ជាក់ថា ក្នុងករណីអាជ្ញាធរថៃនៅតែមិនព្រមបើកច្រកទ្វារព្រំដែនអន្តរជាតិនោះទេ  ពួកគេនឹងស្នើឱ្យអភិបាលខេត្តបន្ទាយមានជ័យបិទច្រកព្រំដែនអន្តរជាតិជាមួយថៃវិញ ដោយមិនត្រូវអនុញ្ញាតឱ្យរថយន្តរបស់ថៃបើកចូលមកកម្ពុជាទៀតនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស