អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងជាអ្នកជាប់ឃុំមនសិការ បានលើកឡើងថា ក្រោយពីការបោះឆ្នោតនៅអាណ្ណតិទី១ ឆ្នាំ១៩៩៣ ដែលបានអនុលោមតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា ឆ្នាំ១៩៩១មក គេសង្កេតឃើញថាឆន្ទៈនយោបាយនៃការផ្សះផ្សារបួសស្នាមបែកបាក់ចាស់ ហាក់នៅមិនមានចេតនារួបរួមគ្នានៅឡើយ។
សរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិលោក មាជ សុវណ្ណារ៉ា បានធ្វើការវិភាគថាស្នាមរបួសនៃការបែកបាក់ជាតិចាស់ នៅមិនទាន់រួមគ្នាបាន ដោយបន្តជម្លោះបែកបាក់ផ្ទៃក្នុងជាតិ។ លោកថាជម្លោះបែកបាក់ផ្ទៃក្នុងជាតិ ផុសចេញឡើង តាមរយៈសង្រ្គាមផ្ទុះអាវុធដោយរដ្ឋប្រហារបង្ហូរឈាមគ្នារវាងកងកម្លាំងប្រដាប់អាវុធដែលស្មោះស្ម័គ្រនឹងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង លោកហ៊ុន សែន ក្នុងអំឡុងថ្ងៃទី៥~៦ កក្កដា ឆ្នាំ១៩៩៧។
បន្ថែមពីនេះ វិបត្តិនយោបាយជាប់គាំង ក្នុងគំនុំយោបាយមិនសុច្ចរិត និងការមិនទុកចិត្តគ្នារវាងអ្នកនយោបាយ ពីមួយអាណត្តិទៅមួយអាណ្ណតិ ចាប់តាំងពីក្រោយការបោះឆ្នោតជាតិ នៅឆ្នាំ១៩៩៨ បោះឆ្នោតជាតិឆ្នាំ ២០០៣ បោះឆ្នោតជាតិឆ្នាំ ២០០៨ និងបោះឆ្នោតជាតិចុងក្រោយ ២០១៣។
លោកបន្តថា រយៈពេល ២៧ឆ្នាំកន្លងផុតទៅ នៃរបបប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ក្រោយពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលបានរៀបចំឡើងដោយអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា ហៅកាត់ថា UNTAC នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ១៩៩៣ ដោយ មានគណបក្សនយោបាយចំនួន៤ បានជាប់ឆ្នោតក្នុងអសន: សភាជាតិ ។
គណបក្សទាំងនោះមានគណបក្សរាជានិយមហ្វ៊ិនស៊ិនប៉ិច ៥៨អាសនៈ គណបក្សប្រជាជនកម្ពុជា ៥១អាសនៈ, គណបក្សលទ្ធិប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា ១០អាសនៈ និង គណបក្សម៉ូលីណាកា ១អាសនៈ ដោយបង្កើតបាននូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញសេរីពហុបក្ស និងរៀបចំបានរដ្ឋាភិបាលចម្រុះមួយ ចេញពីការអនុម័ត ២/៣ នៃរដ្ឋសភាជាតិ ក្នុងគោលបំណងដល់ការបង្រួបបង្រួមជាតិ និងឯកភាពជាតិ ដើម្បីអោយភាគីខ្មែរនានា ចេះផ្សះផ្សាជាតិ និងអោយអ្នកនយោបាយខ្មែរចេះធ្វើការងារជាមួយគ្នា ក្នុងការតម្កល់ផលប្រយោជន៍ជាតិ និងពលរដ្ឋជាធំ ។
ប៉ុន្តែក្រោយពីការបោះឆ្នោតនៅអាណ្ណតិទី១ ឆ្នាំ១៩៩៣ មកទល់ពេលបច្ចុប្បន្នឆន្ទៈផ្សះផ្សាយជាតិនៅតែពិបាក រកចំណុចរួមបាន។ ពិសេសក្រោយការបោះឆ្នោតជាតិ នៅឆ្នាំ២០០៣ គឺរដ្ឋធម្មនុញ្ញជាតិ ត្រូវបានកែប្រែពីការបង្កើតរដ្ឋាភិបាល២/៣ មកជាទម្រង់ ៥០%+១ ។ ការកែប្រែនេះ បានធ្វើអោយបក្សកាន់អំណាច ដឹកនាំរដ្ឋាភិបាលជិះសេះលែងដៃ និងធ្វើអោយលំហូរនៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស កាន់តែរួមតូចចង្អៀតទៅៗ ក្រោមការគំរាមកំហែង ការបំភិតបំភ័យ ដោយច្បាប់នានាដែលចេញពីការអនុម័តដោយអំណាចនីតិប្បញ្ញត្តិ៥០%+១ ។
លោកមាជ សុវណ្ណារ៉ា បន្ថែមថាការសម្រេចយកកែប្រែទម្រង់ ៥០%+១ នេះ ត្រូវបានគេមើលឃើញថាជារឿងគំនុំនយោបាយ រវាងសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ ដែលបានក្បត់ដៃគូ ជាមួយលោក សម រង្សី ហើយដែលធ្វើអោយលោកសម រង្ស៊ី មានការសងសឹក។
ស្របពេលដែលលោក ហ៊ុន សែន ឃើញឱកាសពីការបែកបាក់ សម្ព័ន្ធមេត្រីភាពអ្នកប្រជាធិបតេយ្យនេះ ក៏គេញចំណេញនយោបាយ ដោយលួងលោមខ្ចីដៃ លោក សម រង្សី ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពី ២/៣ ទៅ ៥០%+១ ដើម្បីត្រួតត្រាអំណាចទាំងស្រុង ទាំងនីតិបញ្ញាតិ និង នីតិប្រតិបត្តិ។ ប៉ុន្តែសម្រាប់លោក សម រង្ស៊ី គិតថាការធ្វើនយោបាយដើម្បីការផ្លាស់ប្តូរ គឺជាយុទ្ធសាស្រ្ត “មួយចានទឹក មួយចានគោក” ក្នុងការគ្រប់គ្រងអំណាចតាមរយៈការបោះឆ្នោតមួយអាណត្តិ ៥ឆ្នាំម្តង ដើម្បីដឹកនាំរដ្ឋាភិបាល។
ទោះបីជាយ៉ាងនេះក្តី អតីតមន្ត្រីជាន់ខ្ពស់បក្សសង្រ្គោះជាតិរូបនេះ លើកឡើងថាសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងនិយាយស្តី ត្រូវបំបិទសិទ្ធិក្នុងកម្រិតដែនកំណត់ទាំងការហារមាត់ និងចំនួនមនុស្សជួបជុំ ។ ប្រព័ន្ធតុលាការ ត្រូវចោទថាជាឧបករណ៍នយោបាយ ដើម្បីជាអន្ទាក់ដាក់ ឬសម្លាប់សកម្មភាពនយោបាយដល់បក្សប្រឆាំង និង បង្កើតការរាំងស្ទះដល់សកម្មភាពរបស់អង្គការសង្គមស៊ីវិល ក្នុងសង្គមប្រជាធិបតេយ្យមួយមិនច្បាស់លាស់ ដែលសង្គមស៊ីវិល មានតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងរវាងរាស្រ្ត និងរដ្ឋ តាមរយៈការស្តារ និងកសាងសេរីភាព ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ក្នុងផ្នែកបណ្តុះបណ្តាលធនធានមនុស្ស ការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាតិ ជាដើម។
លោកបានដាក់ជាសំណួរចុងក្រោយថា ថាតើកម្ពុជា អ្នកដឹកនាំបានកំណត់ដើរតាមរដ្ឋធម្មនុញ្ញជាតិ ឆ្នាំ១៩៩៣ ហើយឬនៅ ក្នុងការបង្រួបបង្រួមជាតិ ការធានាឯកភាពជាតិ ឯករាជ្យជាតិ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ? ៕