34 C
Phnom Penh

ប្រមុខរដ្ឋាភិបាលអនុញ្ញាតឱ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចត្រឡប់មកបានដោយមិនតម្រូវឱ្យមានវិញ្ញាបណ្ណប័ត្របញ្ជាក់សុខភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន នៅថ្ងៃអង្គារ៍នេះ បានប្រកាសសម្រេចដាក់ចេញនូវ​វិធានការដោះស្រាយជាផ្លូវការ ​ចំពោះពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លង​ដែនកម្ពុជា ហើយដែលកំពុងធ្វើដំណើរឬមានបំណងធ្វើដំណើរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ​ គឺមិនតម្រូវអោយមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ​-១៩​ទេ។

សរសេរនៅទំព័រហ្វេសប៊ុករបស់ខ្លួនៅថ្ងៃទី២៧ ខែឧសភានេះ  លោកហ៊ុន សែន បញ្ជាក់ថាវិធានការនេះគឺនឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។

យ៉ាងនេះក្តី លោកថា ​ពេលវិលត្រឡប់មកដល់ប្រទេសវិញគឺ​តម្រូវអោយចូលពិនិត្យសុខភាព​ និងពិនិត្យសំណាក​ ហើយដាក់ឲ្យស្នាក់នៅដាច់ដោយឡែក ឬ ធ្វើចត្តាឡីស័ក រយៈចំនួន១៤ថ្ងៃរង់ចាំលទ្ធផលសំណាកថាតើពួកគេមានរោគឆ្លងជំងឺកូវីស១៩ឬអត់​រោគឆ្លង​ ទើបអនុញ្ញាតឲ្យទៅលំនៅដ្ឋានវិញ។

​ទោះបីជាយ៉ាងណាក៏ដោយ វិធានការរបស់ប្រមុខរដ្ឋាភិបាលចំពោះពលរដ្ឋខ្លួនឯង ដែលកំពុងជាប់នៅក្រៅប្រទេសនេះ ត្រូវបានគេមើលឃើញថា​ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ហាក់មិនសូវបានយកចិត្តទុកដាក់​ ដូចពលរដ្ឋដទៃឬជាតិសាសន៍ដទៃនោះឡើយ ចាប់តាំងពីជំងឺនេះបានផ្ទុះឡើងដំបូង។

ជាក់ស្តែងពលរដ្ឋខ្មែរ​ និស្សិតខ្មែរជាច្រើនដែលជាប់នៅក្រៅប្រទេស ពិសេសជាប់នៅទីក្រុងវូហាន ប្រទេសចិន ជាទីផ្ទុះជំងឺកូវីដ១៩ដំបូងគេនោះ  ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន បាន​តម្រូវឱ្យពលរដ្ឋខ្មែរទាំងនោះនៅរួមសុខទុក្ខជាមួយចិន ដោយរដ្ឋាភិបាលគ្មានគោលការណ៍ជម្លៀសពួកគេមកស្រុកខ្មែរ ដូចបណ្តាប្រទេសមួយចំនួនបានធ្វើចំពោះជនជាតិគេនោះឡើយ។

ផ្ទុយទៅវិញ រដ្ឋាភិបាលបានអនុញ្ញាតឱ្យនាវាទេសចរណ៍សហរដ្ឋអាមេរិក​ដឹកអ្នកដំណើរជាង២ពាន់នាក់ចូលចតនៅក្រុងព្រះសីហនុ កាលពីខែកុម្ភៈ ដោយអះអាងថាជារឿងមនុស្សធម៌ ខណៈប្រទេសនិងដែនកោះចំនួន៦បានបដិសេធមិនឱ្យនាវានេះចូលចតលើដែនដីគេដោយបារម្ភខ្លាចមានអ្នកដំណើរផ្ទុកជំងឺកូវីដ១៩។

លើសពីនេះរដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យនាវាទេសចរណ៍វៀតណាម និងជនបរទេសផ្សេងៗ ពិសេសចិនអាចចូលមកកម្ពុជាជាហូរហែរ រហូតដល់បានរកឃើញ​ជនបរទេសចំនួន៧១នាក់ឆ្លងជំងឺកូវីដ១៩ ក្នុងចំណោមអ្នកជំងឺនេះសរុប​ចំនួន១២២នាក់ ដែលត្រូវបានរកឃើញនៅកម្ពុជា និងបានព្យាបាលឱ្យជាសះស្បើយអស់កាលពីដើមខែនេះ។

ផ្ទុយពីបរទេសទាំងនោះ ពលរដ្ឋខ្មែរចំនួនប្រមាណ១៥០នាក់ ត្រូវបានជាប់គាំងនៅប្រទេសម៉ាឡេស៊ី និងមានអ្នកខ្លះទ្រាំរស់នៅយ៉ាងវេទនារយៈពេលជាង១ខែមកនេះ  ក្រោយពេលលោកហ៊ុន​សែន ​សម្រេចកាលពី​ថ្ងៃទី៧ ខែមេសា ​ដោយ​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋទាំងនោះ ​ ចូល​ប្រទេស​កម្ពុជា​ក្នុងអំឡុងពេល​នេះឡើយ ព្រោះ​បារម្ភ​ខ្លាច​អ្នក​ទាំងនោះ​មាន​ផ្ទុក​ជំងឺ​កូ​វីដ១៩៕  ​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស