ខណៈប្រទេសផ្ដាច់ការសម្រុកផ្ដល់ជំនួយជួយរបបផ្ដាច់ការម៉ាឌូរ៉ូ រីឯប្រទេសប្រជាធិបតេយ្យ និងគោរពសិទិ្ធមនុស្ស ក៏កំពុងសម្រុកជួយផ្ដល់ជំនួយ ដល់ជនភៀសខ្លួន វេណេហ្សូអេឡា ដែលពួកគាត់ មិនអាចទ្រាំរស់នៅក្រោមការដឹកនាំផ្ដាច់ការរបស់ប្រធានាធិបតីនីកូឡាសម៉ាឌូរ៉ូ នោះដែរ។
សេចក្ដីរាយការណ៍របស់ បណ្ដាញផ្សាយព័ត៌មាន NBC News បានចុះផ្សាយនៅថ្ងៃទី២៧ ខែឧសភានេះថា យ៉ាងតិចប្រទេស ចំនួន៦០រួមនឹងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ បានសន្យាអង្គាសប្រាក់ចំនួន ៣ពាន់៤រយលានដុល្លារអាមេរិក ក្នុងជំនួយជាបន្ទាន់សម្រាប់ជនភៀសខ្លួនវេណេហ្សូអេឡា ដែលបានភៀសខ្លួនពីប្រទេសរបស់ពួកគេ ដោយសារសេដ្ឋកិច្ច របស់ប្រទេសនេះក្រឡាប់ហើយ ការផ្ដល់ជំនួយនេះ គឺចំពេលដែលពួកគេ បារម្ភថាជនភៀសខ្លួនទាំងនោះ កំពុងប្រឈមនឹងការឆ្លងជំងឺកូវិដ១៩ ដែលរាតត្បាតពេញពិភពលោកហើយនោះ។
ជនភៀសខ្លួនវេណេហ្សូអេឡា ប្រមាណ៥លាននាក់ កំពុងរស់នៅក្នុងប្រទេសជិតខាង ដូចជា ប្រទេសកូឡំប៊ី ប្រទេស ប៉េរ៉ូ ឈីលី ប្រេស៊ីល អាហ្សង់ទិន និងសហរដ្ឋអាមេរិក។ តាមសេចក្ដីរាយការណ៍ ជនភៀសខ្លួន និងអ្នកចំណាកស្រុក មួយចំនួនបានស្វែងរកការងារនៅប្រទេសជិតខាង បានកំពុងស្វែងរកការត្រឡប់ទៅ ប្រទេស វេណេហ្សូអេឡាវិញ។
អ្នកជំនាញផ្នែកសិទ្ធិមនុស្សព្រមានពីការធ្លាក់ចូលក្នុងភាពអត់ឃា្លន និងសេវាសង្គមកិច្ច នៅក្នុងប្រទេស ដែលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមួយនេះកាន់តែធ្ងន់ធ្ងរ។ ប្រទេសវេណហ្សូអេឡា កំពុងធ្លាក់ក្នុងវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដែលរបបនៃប្រទេសនេះដឹកនាំដោយជនផ្ដាច់ការម៉ាឌូរ៉ូ។ សហរដ្ឋអាមេរិក ដែលគាំទ្រក្រុមប្រឆាំងនៃប្រទេសវេណេហ្សូអេឡា ដឹកនាំដោយលោក ហ៊ាន់កៃដូ ជាអ្នកឈានមុខគេក្នុងការផ្ដល់ជំនួយទៅអោយជនភៀសខ្លួន នៃប្រទេសនេះ។
ក្នុងសន្និសីទ រៃអង្គាសប្រាក់ជំនួយនេះ សហរដ្ឋអាមេរិក សន្យាផ្ដល់ជំនួយ ២រយលានដុល្លារ សម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ ។ សហរដ្ឋអាមេរិក ជាប្រទេសផ្ដល់ជំនួយធំជាងគេ។
គិតចាប់តាំងពី កំណើនជនភៀសខ្លួន នៃប្រទេសវេណេហ្សូអេឡាកើនឡើង ដល់ជិត៥លាននាក់ ចាប់តាំងពីឆ្នាំ ២០១៤ មក គឺសហរដ្ឋអាមេរិក បានផ្ដល់ជំនួយ និងសាច់ប្រាក់សុទ្ធសរុប ៨៥៦លានដុល្លារ។
រដ្ឋមន្ត្រី ការបរទេស នៃប្រទេសអេស្ប៉ាញ Arancha González Laya បាននិយាយក្នុងសនិ្នសីទវិដេអូ Conference ថា ជំនួយទាំងនេះ នឹងត្រូវប្រគល់ទៅអោយប្រទេស គោលដៅដែលជនភៀសខ្លួន វេណេហ្សូអេឡា កំពុងជ្រកកោន ជាអ្នកគ្រប់គ្រង។
ប្រទេសដែលផលិតប្រេងធំទី៤ នៃពិភពលោកនេះ កំពុងក្រឡាប់ ហើយព្រោះតែសង្វាក់ផលិតកម្មប្រេងរបស់ខ្លួន រងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសជិតងខាង ជាពិសេស ពីសហរដ្ឋអាមេរិក។
ប្រទេសដែលធ្លាប់ផលិតប្រេងបានក្នុងមួយថ្ងៃ មួយលានប្រាំសែនបារ៉ែល តែទំហំនៃការផលិតប្រេងគ្រាន់តែសម្រាប់ផ្គត់ផ្អង់ក្នុងស្រុកក៏មិនគ្រប់គ្រាន់ដែរ។ ប្រទេសអ៊ីរ៉ង់ ដែលក្រោមការគ្រប់គ្រងដោយរបបផ្ដាច់ការ បានបញ្ចូន ប្រេងទៅអោយរបបលោកម៉ាឌូរ៉ូ ចំនួន ៥នាវា ដែលមានប្រេង ១លានប្រែសែនបារ៉ែល ដើម្បីជួយ ផ្នែកកងទ័ពនិង មន្ទីរពេទ្យ និងជួយផ្គត់ផ្គង់អគ្គីសនី។
តាមសេចក្ដីរាយការណ៍ នាវាដឹកប្រេងរបស់អ៊ីរ៉ង់ចំនួន ៣គ្រឿងបានទៅដល់សមុទ្រប្រទេសវេណេហ្សូអេឡា ហើយ នៅពេលនេះ ហើយ ២គ្រឿងទៀតនឹងទៅដល់ នៅដើមខែមិថុនា។
អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានអោយដឹងថា ប្រព័ន្ធសុខាភិបាលប្រទេសវេណេហ្សូអេឡា ជួបវិបត្តិធ្ងន់ធ្ងរ ខណៈប្រទេសនេះ កំពុងឆ្លងមេរោគកូរ៉ូណាលើមនុស្ស ១ពាន់ ១៧៧នាក់ ដែលអ្នកជំនាញ ព្រមានថា បើគ្មានជំនួយជាបន្ទាន់ទេ ពលរដ្ឋនឹងជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ Filippo Grandi បាននិយាយថា ស្ថានភាព រស់នៅរបស់ជនភៀសខ្លួន និងជនចំណាកស្រុកវេណេហ្សូអេឡា កាន់តែធ្ងន់ធ្ងរ ដោយសារប្រទេសដែលពួកគេ រស់នៅ ក៏ពុងរងជំងឺឆ្លងកូវិដ-១៩នេះដែរ។
លោក Filippo Grandiបានថ្លែងដូចនេះ ទៅកាន់សន្និសីទរៃអង្គាស មូលនិធីសម្រាប់ជនភៀសខ្លួន វេណេហ្សូអេឡាដែលសហភាពអឺរ៉ុប កាណាដា អេស្ប៉ាញ ណ័វេសនិង អង្គការសហប្រជាជាតិ ជាអ្នកផ្ដួចផ្ដើម ហើយសន្និសីទនេះធ្វើនៅក្នុងទីក្រុងព្រុចហ្សែលប្រទេសបែលហ្សិក កាលពីថ្ងៃទី២៦ឧសភា ឆ្នាំ២០២០នេះ៕