ក្រុមអ្នកឃ្លាំមើលនិយាយថា គំនិតបង្កើតសមាហរណកម្មសេដ្ឋកិច្ច អាស៊ានគឺដើម្បីបំពេញចិត្តមេដឹកនាំក្រុងហាណូយប៉ុណ្ណោះ

ពេលណាយើងបានធ្វើសេចក្តីរាយការណ៍ប៉ះចំកន្លែងថា សហព័ន្ធឥណ្ឌូចិន ទោះជានិយាយចំៗក្តី និយាយបែបប្រៀបធៀបអំពីលក្ខណៈដូចគ្នាតែមានឈ្មោះខុសគ្នាក្តី មានលោក អ្នកស្តាប់ខ្មែរយើងខ្លះ សរសេរនៅក្នុងកម្មវិធីផ្សាយ The Cambodia Daily ជា ខម៉ិន  (comment) ថា “មកដល់សម័យនេះហើយ នៅមានរឿងអញ្ចឹងទៀត!”។ យើងខ្ញុំមិនទាន់យល់ជម្រៅអត្ថន័យនៃឃ្លា ប្រយោគដ៏ខ្លីនេះនៅឡើយទេ ថាតើអ្នកសរសេរនោះចង់និយាយថាហេតុអ្វីមានរឿងហ្នឹងទៀតនៅសម័យសតវត្សទី២១ ឬក៏ចង់ និយាយថា ហេតុអ្វីយើងខ្ញុំនៅតែយករឿងចាស់សម័យមុនហ្នឹងមកនិយាយដដែលៗទៀត?

យើងខ្ញុំសោកស្តាយដែរព្រោះថា មានពលរដ្ឋខ្មែរជាច្រើនដែលមិនបានយល់ឃើញត្រូវអំពីបច្ចាមិត្រធ្វើល្អតែចេតនាអាក្រក់ ប៉ុនប៉ងត្រួតត្រាខ្លួន។ យើងខំនិយាយយ៉ាង ណាក៏វានៅតែដូចពាក្យសាមញ្ញពោលថា ចាក់ទឹកលើក្បាលទា ឬ ផ្លុំខ្លុយឲ្យគោស្តាប់។

ប៉ុន្តែជាមួយគ្នានេះ យើងខ្ញុំក៏បានដឹងដែរថា ក្នុងសង្គមជាតិខ្មែរ មានអ្នកខ្លះយកចិត្តទុកដាក់លើប្រវត្តិសាស្រ្តជាតិខ្លួននិងជាតិដទៃ  អ្នកខ្លះមិនបានរៀនឬក៏មិនយកចិត្តទុកដាក់ឡើយ។ មានអ្នកខ្លះទៀតរៀនសូត្រចេះដឹងដែរ ប៉ុន្តែមិនហ៊ាននិយាយស្តីទេខ្លាចមានទុក្ខដល់ខ្លួន។ ថាអ្នករស់នៅក្នុងស្រុកខ្មែរទៅចុះមិនហ៊ាននិយាយព្រោះខា្លចចូលព្រៃស ត្រពាំងផ្លុង គេដាក់ថ្នាំពុល រងគ្រោះថ្នាក់ចរាចរណ៍ ឬ ខ្លាចបាត់បង់ផលប្រយោជន៍ អ្នករស់នៅក្រៅស្រុកខ្មែរក៏មិនហ៊ាននិយាយស្តីប៉ះពាល់រឿងយួននិងបរិវារយួនដែរ ព្រោះខ្លាចមិនបានទៅលេងសប្បាយនៅស្រុកកំណើត។

មនុស្សមិនហ៊ាននិយាយការពិត រឿងពិត ពាក្យពិតមកពីការខ្លាច ជាមនុស្សកំសាកឈរមើលជាតិស្លាប់។ យើងខ្ញុំគ្រាន់តែចង់ឃើញខ្មែរចេះមានសតិសម្បជញ្ញៈ ជាគរិយៈ ការចេះរឭក នឹកឃើញឡើងវិញនូវភាពស្នេហាជាតិ ស្មោះត្រង់ចំពោះជាតិ អង់អាចក្លាហានដើម្បីជាតិ និង ភាពរុងរឿង ល្បីល្បាញរបស់ខ្លួនដូចសម័យដើមតែប៉ុ ណ្ណោះ។ យើងគ្រាន់តែប្រឹងព្យាយាមលាតត្រដាងការពិតប៉ុណ្ណោះ រឿងបានលទ្ធផលយ៉ាងណាៗនោះ វាស្ថិតលើខ្មែរម្នាក់ៗតែប៉ុណ្ណោះ។ ពេលខ្លះ ស្រាវជ្រាវឃើញសៀវភៅនិយាយអំពីភាពអំណត់តស៊ូនៃជនជាតិយួនដើម្បីប្រយោជន៍ជាតិវែងឆ្ងាយរបស់គេ យើងមានការខ្មាស់អៀនខ្លួនឯងជាអនេកអនន្ត។

យើងសួរខ្លួនឯងថា ហេតុអ្វីយើងខុសគេក្នុងការគិតដល់រឿងជាតិ និង ទឹកដី។ រឿងមួយដែលខ្មែរមិនបានរៀន មិនបានមើលជនជាតិយួន គឺ គេច្បាំងគ្នារឿងមនោគមន៍វិជ្ជាខុសគ្នា មួយកុម្មុយនិស្ត មួយលោកសេរី ប៉ុន្តែបើរឿងពង្រីក វាតទី ចំណេញទឹកដីសម្រាប់ជាតិគេ ជនជាតិយួនមិនឈ្លោះគ្នាទេ។

មេដឹកនាំយួន ប្រ មើលវែងឆ្ងាយ គ្នេរ គ្នាន់ គិតគូរ រៀបផែនការ គោលនយោបាយសម្រាប់អនាគតយូរអង្វែង ចេះផ្លាស់ប្តូរយុទ្ធសាស្រ្តតាមកាលៈទេសៈ តែរក្សាគោលគំនិតចំបងនៅដដែលជារៀងដរាប។ ចំណែកឯខ្មែរដែលមានប្រយោជន៍ជាមួយរបបទ្រទ្រង់ដោយបរទេសវិញ គេមិនរវល់រឿងខ្មែរបាត់ដី បាត់ទឹក បាត់ធនធានធម្មជាតិទេ។ បើខ្មែរណានិយាយរឿងហ្នឹង  អ្នក មានអំណាច ប្រកាសសង្រ្គាម កំទេចភ្លាមមួយរំពិច មិនការពារគ្នាទេ។

ដើម្បីងាយយល់ក្នុងរឿងខ្មែរ យើងខ្ញុំសូមងាកមកស្រង់សេចក្តី ខ្លឹមសារពីសៀវភៅមួយដោយសង្ខេប សរសេរនៅឆ្នាំ១៩៨២ ដោយនាយទាហានថ្នាក់អនុនាវីទោនៃកងនាវាចរណ៍ស.រ.អា ឈ្មោះ David Harrison មានចំណងជើងថា៖ ឥណ្ឌូចិន កត្តាសហ ព័ន្ធ (Indochina: The Federation Factor) មុនយើងខ្ញុំពណ៌នាអំពីក្បាច់រចនា ច្នៃរបាយរូបភាព សហព័ន្ធឥណ្ឌូចិន ទៅជាបែបផែន សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។

ក្នុងសៀវភៅជាច្រើនរយទំព័រនោះ លោក David Harrison ស្រាវជ្រាវ អធិប្បាយតាំងពីរឿង ហេតុការណ៍ក្នុងទសវត្ស១៩៣០, ១៩៤០, ១៩៥០, ១៩៦០, ១៩៧០ និង១៩៨០ ពីសម័យអាណានិគមនិយមបារាំងសែស សម័យឥស្សរៈ ចម្បាំងទាមទារឯករាជ្យ សម័យអន្តរាគមន៍ស.រ.អា សម័យជ័យជំនះបក្ស កុម្មុយនិស្តនៅឥណ្ឌូចិន ដល់សម័យចម្បាំងរឿងព្រំដែនខ្មែរ−យួន និង សម័យតស៊ូត្រីភាគី។ លោកសិក្សា ពិនិត្យអំពី ចេតនា ឆន្ទៈ ផ្នត់គំនិត វប្បធម៌ ប្រពៃណី សេចក្តីអំណត់តស៊ូ គោលការណ៍នយោ បាយ អ្នកដឹកនាំជនជាតិយួន ជនជាតិខ្មែរ និង ជនជាតិលាវ ហើយនិង កិច្ចសហ ប្រតិបត្តិការរវាងជនជាតិទាំង៣ជាបងប្អូន។

អ្នកដឹកនាំ និង អ្នកតស៊ូបដិវត្តន៍យួនទាំងស្រីទាំងប្រុស ជាពិសេសពួកកុម្មុយនិស្តនិយម រក្សាឧត្តមគតិ គោលគំនិត ស្មារតី ឆន្ទៈជាតិនិយម ធ្វើពលិកម្ម បូជាជីវិតដើម្បីជាតិសាសន៍ ពង្រីកទឹកដី តាមរយៈការព្យាមបង្កើតរដ្ឋសហព័ន្ធ (federation) ក្រោមការត្រួតត្រារបស់យួន បើមានអំណោយផល ឱកាសល្អហុចឲ្យ។ ព្រះ មហាក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ កាលទ្រង់គង់ជាសម្តេចព្រះប្រមុខរដ្ឋធ្លាប់មានបន្ទូលថា៖ ចំពោះយួន មិនថា អ្នកនោះជា ព្រះចៅ យ៉ា ឡុង ព្រះចៅ បាវ ដាយ ឬ ប្រធាន ហូ ជីមិញ ទេ គេមិនបោះបង់មហិច្ឆិតាលេបយកប្រទេសកម្ពុជាធ្វើជាអាណាខេត្តរបស់គេនោះឡើយ។ បន្ទូលនេះ កូនខ្មែរគ្រប់រូបក៏គួរតែចងចាំទុកដែរ! ខ្មែរគួរតែចេះរៀនសូត្រចំណុចល្អៗពីយួនដែរ ថ្វីបើខ្មែរខ្លះស្អប់យួនដល់ឆ្អឹងយ៉ាងណាក្តី។

គំនិតផ្តួចផ្តើមរឿង បង្កើត សហព័ន្ធឥណ្ឌូចិន ចាប់កំណើតពេល បក្ស កុម្មុយនិស្តឥណ្ឌូ ចិន កើតក្នុងឆ្នាំ១៩៣០។ ប៉ុល ពត ធ្លាប់ពោលនៅឆ្នាំ១៩៧៨ ថា៖ យៀកណាម មិន បានបោះបង់គំនិតឲ្យមាន សហព័ន្ធឥណ្ឌូចិន នៅឡើយទេ។ យៀកណាម បានបន្តអនុវត្តគំនិតហ្នឹងប្រកបដោយក្បាច់រចនាជាសម្ព័ន្ធៗ តាមរយៈការធ្វើផែនការ និង កិច្ចប្រតិបត្តិការរហូតតាំងពីឆ្នាំ១៩៣០មក។

ហូ ជីមិញ ឈ្មោះដូរនៅឆ្នាំ១៩៤៥ ឈ្មោះមុនៗ ង្វៀង ស៊ិងគុង (ឆ្នាំ១៨៩២), ង្វៀង តាតថាញ់ (ឆ្នាំ១៩០២), ង្វៀង អៃកុក (១៩១៧) ថ្លែងនៅឆ្នាំ១៩៣០ថា៖ បក្ស កុម្មុយនិស្តឥណ្ឌូចិនបង្កើតបានហើយ។ គឺជាបក្សរបស់អ្នកប្រកបការងារ ជាបក្សរបស់ ពលករ តាមទ្រឹស្តី ម៉ាក្សិសនិយម។ ប៉ុន្តែ ដំណើរការងារតម្រង់ផ្លូវទៅរក សហព័ន្ធឥណ្ឌូចិន ផ្តើមនៅថ្ងៃទី២៥ តុលា ឆ្នាំ១៩៤៥។ ហូ ជីមិញ ចង់ឲ្យមាន សហព័ន្ធឥណ្ឌូចិន នៅឆ្នាំ ១៩៣០ និង ១៩៣៥ តាមការណែ នាំពីសហភាព សូវៀត ជំនួស សហភាពឥណ្ឌូចិន ក្រោមអាណានិគមបារាំងសែស ប៉ុន្តែ មិននិយាយចេញឲ្យខ្មែរ លាវ ដឹងអំពីបំណងគេឡើយ។ គេគិត គេគូរ រៀបផែនការ បត់បែន ពន្យា ពន្លឿន តាមសម័យកាល តាមស្ថានការណ៍ តាមលក្ខខ័ណ្ឌតម្រូវ។

តាមឯកសារ មេដឹកនាំយួននិយាយដោយប្រើពាក្យសហប្រតិបត្តិការរវាងប្រទេសទាំង៣ ដើម្បីរើបម្រះពីនឹមអាណានិគមបារាំងសែស ជួយគ្នាទៅវិញទៅមក ដើម្បីស្ថាបនាប្រទេសរបស់ខ្លួនរៀងៗខ្លួន ជម្រុញឲ្យរីកចម្រើនទៅមុខព្រមៗគ្នា ហើយកុំធ្វើអ្វីដោយឯកឯង ដែលនឹងធ្វើប៉ះពាល់ ខូចប្រយោជន៍ដល់ឯករាជ្យភាពប្រទេសមួយ ទៀត។ ការជួយគ្នាទៅវិញទៅមកជាកត្តាចាំបាច់សម្រាប់ប្រទេសទាំង៣។

បក្ស កុម្មុយនិស្តឥណ្ឌូចិន ដែលភាគីខ្មែរ និង លាវ ចូលរួម ប្រកាសថារំលាយខ្លួនឯងនៅទី១១ ខែវិច្ឆិកា ឆ្នាំ១៩៤៥ បន្ទាប់ពីកិច្ចប្រជុំ៣ថ្ងៃនៅក្រុងហាណូយ។ ក្នុងសេចក្តីប្រកាសរំលាយខ្លួន ភាគីយួននិយាយថា គេត្រូវការចាំបាច់ដាក់ផលប្រយោជន៍ប្រជា ជនយួនខ្ពស់ជាងផលប្រយោជន៍បក្ស។ អ្នកបដិវត្តខ្មែរ និង លាវ ដូចជាមានការមន្ទិលដែរចំពោះការរំលាយបក្ស កុម្មុយនិស្តឥណ្ឌូចិន ប៉ុន្តែ មើលមិនធ្លុះ មិនយល់ហេតុ។

ហូជីមិញ ថ្លែងថា ថ្វីបើបក្សនេះ លួចលាក់ខ្លួន លបធ្វើការដោយស្ងាត់ៗក្តី បក្សនេះ នៅតែបន្តដឹកនាំការងាររដ្ឋបាល និង ដឹកនាំប្រជាជនបានដដែល។ ហូ ជីមិញ រក្សាពាក្យ ពេចន៍អំពីទំនាក់ទំនងរវាងយៀកណាម ខ្មែរនិង លាវ ថា៖ នៅតែឈរលើគោល ការណ៍ សមភាព និង គោរពគ្នាទៅវិញទៅមកសម្រាប់ឯករាជ្យភាពជាតិនៃប្រទេសទាំង៣នៅឥណ្ឌូចិន។

ខែកុម្ភៈ ឆ្នាំ១៩៥១ សមាជិកសេសសល់ពីបក្ស កុម្មុយនិស្តឥណ្ឌូចិន ងើបឡើងវិញ នាំគ្នាបង្កើតបក្សដាក់ឈ្មោះថា បក្ស ពលករយៀកណាម។ សមាជិកបក្សខាងខ្មែរ និង លាវ មិនសប្បាយចិត្ត ព្រោះបាត់ពាក្យ ឥណ្ឌូចិន និង កុម្មុយនិស្ត។ គេគិតថា អ្នកដឹកនាំយួនប្រុងបោះបង់គេចោល ឈប់ជួយគាំទ្រ។ ឆ្លាត ឬ ឆោត?

ទ្រឿង ជិញ លេខាបក្ស ពលករយៀកណាម ពន្យល់ថា ប្រជាជនឥណ្ឌូចិន ត្រូវបង្កើត រណសិរ្សរួបរួម មួយ។ យោងតាមឯកសារសម្ងាត់បំផុតមួយ មេដឹកនាំបក្ស និយាយថា បើទុកឈ្មោះ កុម្មុយនិស្ត អ្នកដទៃគេមិនដើរតាមទេ។ ឈ្មោះបក្ស ពលករ មានប្រ យោជន៍ជាង អាចទាក់ទាញតាំងពីសាសនិកជន បញ្ញវន្ត ម្ចាស់ដីធ្លី ជាដើម ហើយងាយនឹងឃោសនាផង។ យើងមិនត្រឹមតែមានភារកិច្ចជួយសហជីវីបដិវត្តខ្មែរ និង លាវ ប៉ុណ្ណោះ នោះទេ ប៉ុន្តែ ត្រូវជួយចលនាបដិវត្តន៍នៅភូមិភាគអាស៊ីអគ្នេយ៍ ដូចជា ម៉ាឡាយ៉ា ឥណ្ឌូនេស៊ី ភូមា ជាដើមផងដែរ។ សូមបញ្ជាក់ថា ប្រទេសសៀម ឬ ថៃឡង់ដ៍ ក៏ស្ថិតក្នុងទិសដៅរួមនេះដែរ។ ការដូរឈ្មោះនេះ ជាឧ បាយកល ឬ ឧបាយកោសល្ល ហើយឧបាយកលនេះ ត្រូវតែប្រែប្រួលទៅតាមពេលវេលានិងកាលៈទេសៈ។

គំនិតបង្កើត រណសិរ្សរួបរួម តម្រូវឲ្យអ្នកតស៊ូខិតខំប្រឹងប្រែង ធ្វើយ៉ាងណាស្ទួយ លើកតម្កើងឲ្យប្រជាជនឥ ណ្ឌូចិនទាំង៣មានគំនិតតែមួយ។ មេដឹកនាំយួន ជារឿយៗនិយាយអំពីឯកភាព ឬភាពរួមគ្នាតែមួយ ឬយុទ្ធសាមគ្គីភាពយួន ខ្មែរ លាវ។ ពេលខ្លះគេនិយាយអំពី ឯករាជ្យភាពជាតិរៀងខ្លួនដើម្បីបន្លំ បំភ័ន្តខ្មែរនិងលាវ។

នៅរដូវផ្ការីក ឆ្នាំ១៩៥២ កម្លាំងទ័ពស្រួចបារាំង ចាប់បានឯកសារសម្ងាត់ ជាសេចក្តីណែនាំពីបក្ស ពលករយៀកណាម សរសេរនៅខែវិច្ឆិកា ១៩៥១ បន្ថែមទៅនឹងគោល ការណ៍បក្សចេញនៅខែកុម្ភៈ ថា៖ បក្ស កុម្មុយនិស្តកម្ពុជា និង បក្ស កុម្មុយនិស្តលាវ នៅតែបន្តទទួលបញ្ជាពីបក្សកុម្មុយនិស្តឥណ្ឌូចិន ប៉ុន្តែគេធ្វើដោយស្ងាត់ៗ ហើយកិច្ចដឹកនាំបក្សទាំងពីរនោះជាចំហរ ស្ងិតក្នុងដៃខ្មែរ និងលាវ។ ប៉ុន្តែ តទៅមុខ បើឱកាសហុចឲ្យ បក្សបដិវត្តទាំងបី យៀកណាម កម្ពុជា លាវ នឹងត្រូវតែបង្រួមដើម្បីបង្កើតបក្សតែមួយ។

អ្នកនិពន្ធជាតិអៀកឡង់ដ៍ឈ្មោះ James Patrick Honey ដែលជំនាញខាងភាសាយួន ហើយបានអានឯកសារនោះ សរសេរថា៖ គោលដៅរបស់មេដឹកនាំយួនកុម្មុយនិស្តនៅទីបំផុត គឺតាំងរបបកុម្មុយនិស្តនៅយៀកណាម លាវ និង កម្ពុជា រួចមកត្រួតត្រាប្រទេសទាំង៣។ យោងតាមឯកសារនោះ លោកសន្និដ្ឋានបានថា  បក្សតែមួយ គឺបក្សកុម្មុយនិស្តនោះ នឹងត្រួតត្រា គ្រប់គ្រងដោយបក្សកុម្មុយនិស្តយួន ដូចគ្នានឹងបក្ស កុម្មុយនិស្តឥណ្ឌូចិន ដែលមានមេដឹកនាំបក្សសុទ្ធតែជនជាតិយួនដូច្នោះដែរ។

សប្តាហ៍ក្រោយ សូមជូនមូលហេតុនាំឲ្យបង្កើត សហព័ន្ធឥណ្ឌូចិន ហើយបច្ចុប្បន្នប្រែរូបប្រែឈ្មោះជា សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.