លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នរលកទី២នៃការរាត្បាតជំងឺឆ្លងកូវីដ១៩នៅកម្ពុជា។
ផ្ញើសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះ លោកហ៊ុន សែន លើកឡើងថា អ្វីដែលសំខាន់បំផុតនៅពេលនេះគឺការថែរក្សាអនាម័យសុខភាពអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារ កុំអោយឆ្លងមេរោគកូវីដ១៩ អោយសោះ។លោកបន្តថា សូមកុំអោយមានវិប្បដិសារីកើតឡើងព្រោះតែការធ្វេសប្រហែសមើលស្រាលចំពោះស្ថានការណ៍បច្ចុប្បន្ន បើទោះបីចំនួនអ្នកឆ្លងក្នុងប្រទេសកម្ពុជាមានតិចមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់នឹងត្រៀមទប់ស្កាត់គ្រប់ពេល ជាពិសេសនៅក្នុងរលកទី២នៃការងើបឡើងវិញនៃជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ដ៏កាចសាហាវបំផុតនេះ។
លោកអះអាងថា មកទល់ពេលបច្ចុប្បន្ន អង្គការសុខភាពពិភពលោកឬហៅថា WHO បានបញ្ជាក់ចំនួនអ្នកឆ្លងជំងឺនេះក្នុងប្រទេស ២១៧ ដែលមានអ្នកឆ្លងរោគបានកើនឡើងជាង៥លាននាក់ហើយ (5,491,678) ដែលបណ្តាលឱ្យមនុស្សស្លាប់ជាង30ម៉ឺននាក់ ក្នុងនោះកម្ពុជាក៏មានអ្នកឆ្លងថ្មី២នាក់ទៀតកំពុងសម្រាកព្យាលបាននៅមន្ទីរ រដ្ឋ ខណៈអ្នកឆ្លងចាស់ចំនួន១២២នាក់ត្រូវបានព្យាបាលឱ្យជា សះស្បើយ និងអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញអស់ហើយដែរ។កាលពីថ្ងៃទី១៩ ឧសភា ក្រសួងសុខាភិបាលបានចេញលិខិតមួយផ្ញើទៅអភិបាលខេត្ត រាជធានីទាំងអស់ ដោយត្រូវជំរុញការអប់រំសុខភាពជូនប្រជាជន និងត្រូវពង្រឹងការងារតាមដាននូវវិធានការការពាររលកទី២នៃការចម្លងជំងឺកូវីដ១៩ នៅកម្ពុជា។
សម្រាប់លោកហ៊ុន សែន បន្ថែមថា មកទល់ពេលនេះ មិនទាន់មានថ្នាំព្យាបាលកូវីដ១៩នៅឡើយទេ។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋត្រូវតែពាក់ម៉ាស់ ហើយត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកអាល់កុល ឬចឹលសម្លាប់មេរោគ។ ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស ឬខ្ទប់ដោយដៃនៅពេលក្អក ឬកណ្តាស ជាពិសេសនៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាដូចជាទីផ្សារ ភោជនីយដ្ឋាន និងទីកន្លែងធ្វើការជាដើម៕