26 C
Phnom Penh

អភិបាលខេត្ត​តាកែវ​ថា​ខ្លួន​នឹង​មិន​ឲ្យ​ភាគី​វៀតណាម រំកិល​តង់​ណាមួយ​ចូល​មក​ទឹកដី​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាលខេត្ត​តាកែវ បាន​អះអាង​ថា​អាជ្ញាធរ​ខេត្ត​នេះ​កំពុង​យកចិត្ត​ទុកដាក់​តាមដាន​ករណី​យោធា​វៀតណាម​បាន​បោះតង់​ជិត១រយ​ក្នុងទឹក​ដី​របស់​គេ នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា។ អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​មួយ​នេះ​អះអាង​ថា ខ្លួន​នឹង​ទប់ស្កាត់​មិន​ឱ្យ​យោធា​វៀតណាម​ទាំងនោះ​រំកិល​តង់​របស់​ខ្លួន​ចូល​ទឹកដី​កម្ពុជា​នោះ​ឡើយ។

សារព័ត៌មាន​ស្និត​នឹង​រដ្ឋាភិបាល Fresh News បាន​ដកស្រង់​សម្តី​របស់​អភិបាលខេត្ត​តាកែវ លោក អ៊ូច ភា ចុះផ្សាយ​នៅ​ថ្ងៃនេះ​ថា យោធា វៀតណាម​បាន​បោះតង់​យោធា​ចំនួន៨៣ ទីតាំង​ក្នុងទឹក​ដី​វៀតណាម​នៅ​ចំណុច​នោះ​ក៏​មានការ​ឯកភាព​គ្នា​រួចហើយ ដែល​ស្ថិតនៅ​ចម្ងាយ​ប៉ុន្មាន ៣០ម៉ែត្រ​ពី​បង្គោលព្រំ​ដែនកម្ពុជា​ក្នុង​ខេត្តតាកែវ ដើម្បី​ទប់ស្កាត់​ការ​ឆ្លងដែន​ខុសច្បាប់​ពាក់ព័ន្ធ​បញ្ហា​កូ​វីដ១៩។

ប្រភព​ដដែល​បន្ត​ថា រហូតមកដល់​ពេលនេះ អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ទាំងពីរ កំពុង​តាមដាន​លើ​បញ្ហា​នេះ ហើយ​ភាគី​កម្ពុជា​ក៏​កំពុង​តាមដាន​សកម្មភាព​បោះតង់​នេះ​ដើម្បី​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ភាគី​វៀតណាម រំកិល​តង់​ណាមួយ​ចូល​មក​ទឹកដី​កម្ពុជា​បាន។កាលពី​ពេល​ថ្មី​ៗនេះ យោធា​វៀតណាម​បាន​បោះតង់​ចំនួន ៣១កន្លែង នៅ​តាម​បណ្តោយ​ព្រំដែន ជាប់​កម្ពុជា​ក្នុង​ឃុំ​លើកដែក ស្រុក​កោះធំ ខេត្ត​កណ្ដាល ប៉ុន្តែ​ការ​បោះតង់​នោះ​ស្ថិតនៅ​ចំណុច​មិនទាន់​មានការ​ឯកភាព​គ្នា​នៅឡើយ​ទេ។

យោធា​វៀតណាម​ទាំងនោះ​មិនបាន​រុះរើ​តង់​ទាំងនោះ​ចេញពី​តំបន់​មិនទាន់​ឯកភាព​គ្នា​ភ្លាម​ៗនោះ​ឡើយ បើ​ទោះបីជា​ភាគី​កម្ពុជា​បាន​ប្រាប់​ទៅ​ភាគី​វៀតណាម​ម្តង​ជា​ពីរ​ដង​ក្តី។ កាលពី​ថ្ងៃទី២២ ខែឧសភា ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​បាន​អះអាង​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា វៀតណាម​បាន​រុះរើ​គ្រប់​តង់​ដែល​បាន​បោះ​ជាប់​ខ្សែរ​ព្រំប្រទល់​ខេត្តកណ្តាល​អស់ហើយ តាំងពី​មុន​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ម្លេះ។

យ៉ាងនេះ​ក្តី អាជ្ញាធរ​ខេត្តកណ្តាល​បាន​អះអាង​ថា​តង់​យោធា​វៀតណាម ដែល​បាន​បោះនៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-វៀតណាម ទាំង៣១កន្លែង​នោះ ភាគី​វៀតណាម ទើបតែ​រុះរើ​ចេញ​វិញ​នៅ​ត្រឹម​ថ្ងៃទី២៤ ខែឧសភា​ប៉ុណ្ណោះ​៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស